ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះម្ចាស់ជំនួយទាំងចាស់ និងបច្ចុប្បន្នសម្រាប់ការគាំទ្រយ៉ាងស្មោះស្មគ្រ័ និងការគាំទ្រដែលកំពុងតែបន្ត​ ដល់ប្រព័ន្ធមជ្ឈតការវិវាទការងាររួម​ដែលឯករាជ្យ និងមិនគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ

ផ្តល់់ការគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈគម្រោង "ការលើកកម្ពស់សិទ្ធិស្រ្តី និងបុរសនៅកម្ពុជា" ដែលត្រូវអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៥ ដល់ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីផ្តល់សេវាដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធិភាព និងទំនុកចិត្ត លើកកម្ពស់ការយល់ដឹង និងលទ្ធភាពនៃការប្រើប្រាស់សិទ្ធិការងារ ដំណើរការនៃការដោះស្រាយវិវាទការងារ ព្រមទាំងធានាដល់ការសម្របសម្រួលគោលនយោបាយប្រកបដោយប្រសិទ្ធិភាពផងដែរ។

កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម

ផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការដោះស្រាយវិវាទក្នុងប្រទេសកម្ពុជា តាមរយៈមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់រយៈពេល ១២ខែ ចាប់ពីខែកក្កដា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៦ ។ ផលប្រយោជន៍របស់គម្រោងនេះ គឺដើម្បីពង្រីងសមត្ថភាពប្រកួតប្រជែងការនាំចេញ និងលើកកម្ពស់អភិបាលកិច្ចទីផ្សារការងារសម្រាប់វិស័យឯកជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការកសាងគុណភាពប្រព័ន្ធដោះស្រាយវិវាទការងារមួយដែលមានដំណើរការល្អ ដើម្បីកសាងទំនុកចិត្តដល់វិនិយោគិន ដៃគូសេដ្ឋកិច្ច និងភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈឲជឿជាក់ថាវិវាទនឹងត្រូវបានដោះស្រាយដោយប្រសិទ្ធិភាព និងយុត្តិធម៌ ៕

ស្ថានទូតស៊ុយអែត តំណាងដោយទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអែត

ផ្តល់ការគាំទ្រដល់ប្រតិបត្តិការស្នូលរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយផ្តោតលើការលើកកម្ពស់បរិយាកាស អភិបាលកិច្ចក្នុងទីផ្សារការងារសម្រាប់វិស័យឯកជន និងការអភិវឌ្ឍសង្គមតាមរយៈការផ្តល់ ប្រព័ន្ធមជ្ឈត្តការវិវាទការងារដែលដំណើរការល្អប្រកបដោយការជឿទុកចិត្ត។

សមាគមអភិវឌ្ឍអន្តរជាតិ, ធនាគារពិភពលោកសម្រាប់គម្រោងអភិបាលកិច្ចល្អមូលដ្ឋានតាមរយៈរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាង

បានគាំទ្រដល់ប្រតិបត្តិការស្នូល និងបន្ទាប់បន្សំផ្សេងទៀតរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់រយៈពេលចាប់ពីខែមិថុនា ឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៤។ សមាសភាគរងនៃកិច្ចការស្នូលរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺមានគោលដៅលើកកម្ពស់ ធ្វើសន្ធានកម្ម និងឆ្លើយតបទៅនឹងអភិបាលកិច្ចមូលដ្ឋានតាមរយៈការគាំទ្រដល់ដំណើរការដែលផ្អែកតាមច្បាប់ អាចរំពឹងទុកមុន ដែលមានយុត្តិធម៌ និងតម្លាភាព និងរចនាសម្ព័ន្ធស្ថាប័នសម្រាប់ការដោះស្រាយវិវាទការងារដើម្បីបំពេញនូវតម្រូវការយុត្តិធម៌ និងការដោះស្រាយវិវាទ។ ការអនុវត្តគម្រោងត្រូវបានវាយតម្លៃថាទទួលបានលទ្ធផលជាទីគាប់ចិត្តក្រោយពេលដែលគម្រោងត្រូវបានបញ្ចប់។

 

អង្គការការងារអន្តរជាតិ (ILO)

បានគាំទ្រដល់ការបង្កើតឡើងនូវក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចាប់តាំងពីឆ្នាំ២០០៣​ ដល់ ឆ្នាំ២០០៩ និងសម្រាប់ត្រីមាសទីបួននៃឆ្នាំ២០១៣ និងបន្តគាំទ្រដល់កិច្ចការរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈការផ្តល់មន្រ្តីរបស់ខ្លួនជាសមាជិកមិនបោះឆ្នោតរបស់ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាអាជ្ញាកណ្តាល។ 

ស្កូប ក្លូបល (Scope Global)

កំពុងឧបត្ថម្ភដល់ទីប្រឹក្សាផ្នែកការអភិវឌ្ឍស្ថាប័ន និងធុរកិច្ចរយៈពេលវែងមួយ ដើម្បីជួយដល់កិច្ចការរបស់ក្រុមដឹកនាំប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ស្កូប ក្លូបលធ្លាប់បានរៀបចំ និងឧបត្ថម្ភដល់ ជំនាញការអូស្រ្តាលីដែលមានបទពិសោធន៍ដើម្បីស្ម័គ្រចិត្តជាទីប្រឹក្សាផ្នែកច្បាប់ និងបច្ចេកទេសរយៈពេលវែងចាប់ពីឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០១១ ដើម្បីកសាងសមត្ថភាពបុគ្គលិកក្នុងការអភិវឌ្ឍផ្នែកច្បាប់ និងវិជ្ជាជីវៈ។ 

 

មូលនិធិលីវ៉ាយស្ត្រាស

នាពេលបច្ចុប្បន្ននេះគាំទ្រដល់គម្រោងមួយរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីបង្កើនសមត្ថភាពដោះស្រាយបញ្ហា និងទំនាស់របស់កម្មករនិយោជិត និងថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្កើត និងផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាលសាកល្បងលើការអភិវឌ្ឍជំនាញរយៈពេលវែងមួយ ដែលមានឈ្មោះថា “ការទប់ស្កាត់ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ” ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងនេះ ក្នុងគោលដៅគាំទ្រដល់ការកសាងសមត្ថភាពភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។ 

 

សហភាពស្វីស តំណាងដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ

គាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងការងារ និងផលិតភាពការងារក្នុងប្រទេសកម្ពុជាតាមរយៈសកម្មភាពមួយចំនួនដែលត្រូវបានអនុវត្តដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលសកម្មភាពទាំងនោះរួមមាន សន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈក្នុងគោលដៅសម្រាប់កម្ពុជាដើម្បីសន្តិភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ 

 

ហ្គេប អ៊ីន

បច្ចុប្បន្ននេះហ្គេប អ៊ីនផ្តល់គាំទ្រគម្រោងចំនួនពីរ ដែលត្រូវបានរៀបចំ និងអនុវត្តដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ គម្រោងទាំងពីរនោះមានដូចជា ការលើកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចពិភាក្សាសង្គមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងក្នុងន័យស្ថាបនា និងកម្មវិធិវិទ្យុ “កម្មករល្អ ថៅកែល្អ” ជាកម្មវិធីដែលផ្តល់កិច្ចសន្ទនាឆ្លើយឆ្លងមួយដែលប្រជាជនទូទៅអាចទំនាក់ទំនងតាមទូរស័ព្ទសួរសំនួរទាក់ទងនឹងទំនាក់ទំនងការងារទៅកាន់វាគ្មិនជំនាញនៅក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ។ នៅក្នុងឆ្នាំ២០០៤ ហ្គេប អ៊ីនក៏បានផ្តល់ថវិកាដល់គម្រោងកសាងសមត្ថភាព និងចំណេះដឹងស្តីពីយន្តការមជ្ឈត្តការវិវាទការងាររបស់ភាគីពាក់ព័ន្ធ។ ហ្គេបបានចូលរួមវិភាគទានសប្បុរសធម៌ក្នុងឆ្នាំ២០១២ ២០១៣ និង២០១៤ ផងដែរ។

 

ខំមិនវែលអូស្ត្រាលីតំណាងដោយនាយកដ្ឋានពាណិជ្ជកម្ម និងកិច្ចការបរទេស

ឧបត្ថម្ភដល់ការងារស្នូលរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីសម្រេចបាននូវគោលដៅភាពកាន់តែប្រសើរឡើងនៃមជ្ឈត្តការសំណុំរឿងវិវាទការងារ និងការបង្កើនសមត្ថភាពនៃការដោះស្រាយវិវាទការងារ។