ក្រុមប្រឹក្សាពិគ្រោះយោបល់ត្រូវបានបង្កើតជាផ្លូវការដើម្បីផ្តល់ប្រឹក្សា និងការគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សមាជិកភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ជាសមាសភាពត្រីភាគីដែលមកពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជក និងសហជីព ដើម្បីឲមានវេទិកាជាទៀងទាត់មួយដែលមានការចូលរួម និងការរួមចំណែកពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាថាក្រុមប្រឹក្សាអាជ្ញាកណ្តាលជាស្ថាប័នដែលដោះស្រាយវិវាទការងារដែលមានការទុកចិត្ត និងឯករាជ្យ។

ក្រុមប្រឹក្សាពិគ្រោះយោបល់មិនមានអំណាចទទួលខុសត្រូវលើការដឹកនាំគ្រប់គ្រង ឬសកម្មភាពប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលឡើយ។ ក្រុមប្រឹក្សាពិគ្រោះយោបល់គោរពនូវឯករាជ្យភាព និងអំណាចធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទ ។ ក្រុមប្រឹក្សាពិគ្រោះយោបល់មិនមានឥទ្ធិពលលើសេចក្តីបង្គាប់ សេចក្តីសម្រេច និងសេចក្តីបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ។​ 

តាមការស្នើសុំរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាពិគ្រោះយោបល់មានមុខងារផ្តល់ការប្រឹក្សាលើ សកម្មភាព និងផែនការការងារដែលត្រូវបានរៀបចំដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការធ្វើដូចម្តេចដើម្បីឲមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចសហការជាមួយនឹងភា្នក់ងារ និងស្ថាប័នដ៏ទៃទៀតដើម្បីឲមានទំនាក់ទំនងរវាងស្ថាប័នជាមួយនឹងដៃគូសំខាន់ៗក្នុងកម្រិតជាតិ និងតាមខេត្ត,​  ការយល់ឃើញរបស់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់, ការបង្កើតនូវគោលនយោបាយដែលពាក់ព័ន្ធ និងបញ្ហាផ្នែកច្បាប់, ការផ្តល់រង្វាយតម្លៃលើលទ្ធផលនៃសកម្មភាពរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តមុខងារដ៏ទៃទៀតដែលស្របនឹងអាណត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លក្ខន្តិកៈរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលក្ខខណ្ឌដែលកម្រិតសម្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់។