លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងដោយច្បាប់ដើម្បីគ្រប់គ្រងសេវាដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លេខាធិការដ្ឋាននេះជាស្ថាប័នអព្យាក្រិតមួយដែលមានទីតាំងស្ថិតនៅក្រៅបរិវេណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លេខាធិការដ្ឋានអាចផ្តល់តំបូន្មានអំពីនីតិវិធី តែមិនអាចផ្តល់ប្រឹក្សាផ្នែកច្បាប់ទេ។ ពួកគេធ្វើការដោយមិនលម្អៀងទៅភាគីណាមួយឡើយ។

ដោយសារតែភាគីវិវាទមិនតម្រូវឲមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្រុមអាជ្ញាកណ្តាល លើកលែងតែក្នុងពេលសវនាការ រាល់ការទំនាក់ទំនងទាំងអស់ និងសំណួរទាក់ទងនឹងសំណុំរឿងវិវាទការងារគួរតែត្រូវទាក់ទងដោយផ្ទាល់ទៅកាន់លេខាធិការដ្ឋាន។

មុខងារចំបងរបស់លេខាធិការដ្ឋានមានដូចជា ទទួល និងដាក់ឲដំណើរការសំណុំរឿងដែលត្រូវបានផ្តល់ដោយក្រសួងការងារ, សម្របសម្រួលការជ្រើសរើសអាជ្ញាកណ្តាលដែលធ្វើឡើងដោយភាគី, ដើរតួជាអន្តរការីផ្នែករដ្ឋបាលសម្រាប់ការទំនាក់ទំនងរវាងក្រុមអាជ្ញាកណ្តាល និងភាគី, ប្រមូល និងបញ្ជូនឯកសារ និងការទំនាក់ទំនងផ្សេងៗដែលពាក់ព័ន្ធនឹងនីតិវិធីអាជ្ញាកណ្តាល និងការបញ្ជូនសេចក្តីបង្គាប់អាជ្ញាកណ្តាល។