នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញផ្សាយនូវការសិក្សាថ្មីមួយ ដែលពិនិត្យលើកត្តាបង្កធំៗ   និងកត្តារួមផ្សំនានា ដែលបង្កើតឲ្យមានកូដកម្មនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។​​ ការសិក្សានេះ កំណត់រកឃើញពីភាពទន់ខ្សោយនៅក្នុងការដោះស្រាយ និងការបង្ការវិវាទនៅកន្លែងការងារ​ ការចំណាយប្រាក់មិនផ្លូវការណ៍ និងឥរិយាបថដែលបង្ខិតបង្ខំដោយក្នុងចំណោមសហជីព និងនិយោជក។ ការសិក្សានេះ ក៏កំណត់រកឃើញផងដែរ នូវបញ្ហាប្រឈមក្នុងប្រព័ន្ធការដោះស្រាយវិវាទការងារ ដែលស្ថិតក្នុងចំណោមកត្តាស្មុគស្មាញផ្សេងៗ ដែលបណ្តាលឲ្យកូដកម្មបន្តកើតមានឡើង។

លោក ម៉ែន​ និម្មិត ជានាយកប្រតិបត្តិស្តីទី នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានថ្លែងថា “ការសិក្សានេះ ផ្តល់នូវការវិភាគយ៉ាងលម្អិតមួយ អំពីដើមចមដែលនាំឲ្យមានកូដកម្ម។ អ្វីដែលសំខាន់នោះគឺ ការសិក្សានេះ បានផ្តល់នូវអនុសាសន៍សំខាន់ៗ និងមានលក្ខណៈស្ថាបនាក្នុងន័យធ្វើយ៉ាងណាឲ្យបំពេញបាននូវតម្រូវការ របស់តួអង្គក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីដោះស្រាយវិវាទដោយមិនចាំបាច់ធ្វើកូដកម្ម”។​​  

ផ្អែកតាមការវិភាគទិន្នន័យឧស្សាហកម្ម និងការសម្ភាសន៍ស៊ីជម្រៅ ការសិក្សានេះបានរកឃើញថា កូដកម្មទាក់ទងនឹងការទាមទារប្រាក់ឈ្នួលច្រើនជាងមុន គឺជាកត្តាចម្បងបំផុត ស្របពេលដែលវិវាទទាក់ទងនឹងការបញ្ឈប់ និងការចោទប្រកាន់អំពីការរើសអើងសហជីពស្ថិតក្នុងលំដាប់ទីពីរ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងកូដកម្ម។ កម្មករនិយោជិត និងនិយោជកដែលបានផ្តល់សម្ភាសន៍បានលើកឡើង អំពីការអនុវត្តដែលមិនប្រកបដោយវិជ្ជាជីវៈ ដូចជា ការស៊ីសំណូក ការគំរាមកំហែង និងការជ្រៀតជ្រែកដោយមិនស្របច្បាប់ ហើយដែលទាំងនេះជាកត្តាបង្កឲ្យមានកូដកម្ម ផងដែរ។ ម្យ៉ាងវិញទៀត ការសិក្សានេះក៏កំណត់រកឃើញ អំពីទម្លាប់អនុវត្តន៍ជាទូទៅចំពោះការផ្តល់ ប្រាក់ឈ្នួល បើទោះបីកម្មករនិយោជិតកំពុងធ្វើកូដកម្មក៏ដោយ ការអនុវត្តនេះត្រូវបានគេហៅថា “ការបើក      ប្រាក់ឈ្នួលក្នុងពេលធ្វើកូដកម្ម” ដែលជាការរួមចំណែកបង្កបរិយាកាសអំណោយផលដល់សកម្មភាពកូដកម្ម។ អនុសាសន៍ទំាងឡាយដែលមាននៅក្នុងការសិក្សានេះ រូមមាន ជំហានដ៏រឹងមាំដើម្បីកែលម្អរវិធានកិច្ចសហប្រតិបត្តិការនៅកន្លែងការងារ ពោលគឺ កសាងវិជ្ជាជីវៈការងារឲ្យកាន់តែប្រសើរ និងពង្រឹងទំនាក់ទំនងការងារឲ្យកាន់តែមាន ផលិតភាពថែមទៀតរវាងតួអង្គក្នុងឧស្សាហកម្ម បញ្ឈប់ការអនុវត្តការងារដែលមិនមានភាពយុត្តិធម៌ និងបង្កើនតម្លាភាព ពង្រឹងការគោរពច្បាប់ និង ការអនុវត្តច្បាប់ក្នុងវិស័យឧស្សាហកម្មនេះ។

លោក ម៉ែន និម្មិត បានបន្តថា “យើងសង្ឈឹមថាការសិក្សានេះ នឹងជាប្រភពដ៏មានតម្លៃមួយសម្រាប់តួអង្គក្នុងវិស័យឧស្សាហកម្ម ហើយរួមចំណែកឲ្យកាន់តែមានព័ត៌មាន និងកិច្ចពិភាក្សាដែលមានលក្ខខណៈស្ថាបនាបន្ថែមទៀត ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ព្រមទាំង វិស័យដ៏ទៃទៀតក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា” ។

លទ្ធផលនៃការសិក្សានេះ គឺផ្អែកលើការវិភាគទិន្នន័យឧស្សាហកម្ម ដែលរួមមាន ទិន្នន័យស្ថិតិដែលប្រមូលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងកំឡុងពេលជាងដប់ឆ្នាំនៃភាពជោគជ័យក្នុងដំណើរការរបស់ខ្លួនកន្លងមកនេះ និងព័ត៌មានបានមកពីការសម្ភាសន៍ជាមួយនឹងតួអង្គក្នុងទំនាក់ទំនងវិជ្ជាជីវៈប្រមាណជាង៥០នាក់។ ការសិក្សានេះ ត្រូវបានធ្វើឡើងដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយមានការគាំទ្រពីភា្នក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាអង្គការក្រៅរដ្ឋាភិបាល និងមិនមាននិន្នាការនយោបាយ បានបង្កើតឡើងដើម្បីសម្របសម្រួលការងារក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថប័នជាតិឯករាជ្យ ដែលបានប្រគល់អាណត្តិដោយច្បាប់ស្តីពីការងារ ដើម្បីដោះស្រាយវិវាទការងារនៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីបង្កើតនៅឆ្នាំ ២០០៣មក ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទការងារជាង ២៣០០ សំណុំរឿង ដែលពាក់ព័ន្ធនឹងកម្មករនិយោជិតប្រហែលមួយលាននាក់នៅកម្ពុជា និងសម្រេចបានការដោះស្រាយដោយជោគជ័យ ក្នុងអត្រា ៧៣%  នៃសំណុំរឿងទាំងអស់។​