នាថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០១៤ លោក ម៉ែន និម្មិត នាយករងនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួល បានការអញ្ជើញចូលរួមចែករំលែកអំពីសមិទ្ធិផលជោគជ័យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារ រយៈពេល ១១ឆ្នាំ កន្លងមកជាមួយនឹងភ្ញៀវចូលរួមដទៃទៀតក្នុងទិវាមជ្ឈត្តការអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ អ៊ីមភើ រៀល ហ្គាដេន វីឡា អេន ហូថែល ក្នុងទីក្រុងភ្នំពេញ។

អង្គការ ដែស្ទីណេសិន ចាស្ទីស (Destination Justice) ក្រោមកិច្ចសហការជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកជំនាញមកពីស្ថាប័នជាតិ និងអន្តរជាតិដែលបំពេញការងារក្នុង វិស័យប្រហាក់ប្រហែលគ្នាធ្វើការចែករំលែកទស្សនៈរបស់ខ្លួនអំពីការរួមចំណែកកសាងនីតិរដ្ឋនៅកម្ពុជា។

ក្នុងនាមជាអាជ្ញាកណ្តាលមួយរូបដែលមានបទពិសោធន៍ក្នុងការងារជាមួយនឹងក្រុមប្រឹក្សាអាជ្ញាកម្ពុជារយៈពេល ១១ឆ្នាំកន្លងមក លោក ម៉ែន និម្មិត បានមានប្រសាសន៍ថា តាំងពីពេលចាប់កំណើតនៅខែឧសភា ឆ្នាំ២០០៣​ មក ក្រុម ប្រឹក្សាអាជ្ញាកណ្តាលបានបើកសវនាការដោះស្រាយសំណុំរឿងប្រមាណ ១.៨៥០ ដែលក្នុងនោះ សំណុំរឿងភាគច្រើនចេញ មកពីវិស័យកាត់ដេរសំលៀកបំពាក់។ ដោយមានការរៀបចំតាមរយៈប្រព័ន្ធត្រីភាគីដែលទទួលស្គាល់តួនាទីសំខាន់របស់ សមាគមនិយោជក សមាគមកម្មករនិយោជិត និងក្រសួងការងារក្នុងបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញា កណ្តាលបានដើរតួនាទីចំបងក្នុងការរក្សាស្ថិរភាពវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចដោយបានដោះស្រាយវិវាទការងាររួមបាន ដោយជោគជ័យរហូតដល់ ៧៣ ភាគរយ។

លោក ម៉ែន និម្មិត ក៏បានកត់សម្គាល់ផងដែរថា ជោគជ័យនេះកើតមានទៅបានដោយសារតែភាពមានវិជ្ជាជីវៈ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ការធ្វើសេចក្តីសម្រេចរហ័សដោយផ្អែកលើហេតុផល និងសុចរិតភាព ហើយអ្វីដែលពិសេស ទៅទៀតនោះគឺ ឯករាជ្យភាព និងភាពស្អាតស្អំគ្មានអំពើពុករលួយ។

ភ្ញៀវចូលរួមក្នុងទិវាមជ្ឈត្តការអន្តរជាតិក៏បានស្តាប់បទបង្ហាញពីមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង និង ការិយល័យច្បាប់អន្តរជាតិដូចជា ឃ្លឺហ្វឺត ឆាន (Clifford Chance), វីលមឺហេល (WilmerHale),​ និង រ៉ាចា អេន តាន់ (Rajah&Tann)។