(ពីឆ្វេងទៅស្តាំ) លោកស្រីឯកអគ្គរាជទូត អាណណា ម៉ាយ ហ៊ុលធ៍ហ្គាដ, ឯកឧត្តម អ៊ុំ មាន, និងលោក ម៉ែន និម្មិត ឈរគោរពភ្លេងជាតិកម្ពុជា
លោកស្រីឯកអគ្គរាជទូត អាណណា ម៉ាយ ហ៊ុលធ៍ហ្គាដ និងលោក ម៉ែន និម្មិត ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ការអបអរសាទរក្រោយការចុះហត្ថលេខា

         មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយដល់ មូលនិធិនេះ។ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្ថានទូតស៊ុយអែត ប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​ឯសណ្ឋាគារអាំងទែរកុងទីណង់តាល់ ជាការ ចាប់ផ្តើមនៃទំនាក់ទំនងផ្តល់ជំនួយជាទឹកប្រាក់ ១,២ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល ២​ឆ្នាំ។  ពិធីនេះមានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តី ស្ថានទូតស៊ុយអែត ថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព តំណាងនិយោជក ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធ ជាច្រើន។

          លោក ម៉ែន និម្មិត នាយកប្រតិបត្តិស្តីទីនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានមានប្រសាសន៍ បើកកម្មវិធី ថា ក្រោមគម្រោងនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងរាជរដ្ឋាភិបាលស៊ុយអែតសង្ឃឹមថានឹងអាច ដោះស្រាយបញ្ហាមួយចំនួនតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលប្រើប្រាស់ជំនាញរបស់ខ្លួនដោយឯករាជ្យភាព និងភាពឥតលម្អៀង។

          លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ធនាគារពិភពលោក និងនាយកដ្ឋានកិច្ចការ ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអូស្រ្តាលី ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

          លោកស្រី អាណណា ម៉ាយ ហ៊ុលធ៍ហ្គាដ ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការឧបត្ថម្ភគាំទ្ររបស់ប្រទេសស៊ុយអែតនឹងជួយកសាងបន្ថែមលើជោគជ័យដែលមូលនិធិ និងក្រុមប្រឹក្សាអាជ្ញា កណ្តាលមានរួចមកហើយ។

          លោកស្រីបានបន្ថែមថា “ខ្ញុំជឿជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាស្ថាប័នមួយដ៏មានសារៈសំខាន់សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅកម្ពុជា ហើយស្ថាប័ននេះអាចដើរតួជាគំរូមួយសម្រាប់កិច្ចចរចា ប្រកបដោយប្រសិទ្ធភាពរវាងតួអង្គក្នុងវិស័យនានា។”

          លោកស្រីមានប្រសាសន៍ថា “ប្រទេសស៊ុយអែតមានមោទនភាពដែលបានចុះកិច្ចព្រមព្រៀងមានរយៈពេល ២​ ឆ្នាំ ដោយមានថវិកា ១,២ លាន ដុល្លារសហរដ្ឋអាមេរិកជាមួយនឹងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល”។

          ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងកម្មវិធី នេះដែរថា ការឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអែតដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំពេលវេលាល្អដោយសារ តែគម្រោងអភិបាលកិច្ចល្អមូលដ្ឋានរបស់ធនាគារពិភពលោកដល់ពេលបញ្ចប់កាលពីខែមុន។

          ឯកឧត្តមបន្ថែមថា ”ទោះបីជាឧស្សាហកម្មកាត់ដេរសំលៀកបំពាក់គឺជាអ្នកទទួលផលចំបងពីការគាំទ្ររបស់ រាជរដ្ឋាភិបាលស៊ុយអែតដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្តី ឧស្សាហកម្ម និងវិស័យដទៃទៀតដែលប្រើប្រាស់សេវា របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការគាំទ្រនេះដែរ។”​

          សូមជម្រាបជូន​ផងដែរថា ក្នុងកិច្ចព្រមព្រៀងនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងប្រើប្រាស់ជំនួយ នេះដើម្បី៖

            ១. ផ្តល់សេវាដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាពមួយដែលទាំងកម្មករនិយោជិត និង និយោជកមាន

ការជឿជាក់។

            ២. លើកកម្ពស់ការយល់ដឹងអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបង្កើនជំនាញដោះស្រាយវិវាទការងារ

ដល់កម្មករនិយោជិត និងនិយោជកតាមរយៈការកសាងសមត្ថភាព ភាពជាដៃគូ និងសកម្មភាព ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ។

            ៣. រក្សា និងលើកតម្កើងសុចរិតភាព និងនិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។