នៅក្នុងសប្តាហ៍ទី៤នៃខែវិច្ឆិកា ឆ្នាំ២០១៤ គណៈប្រតិភូដែលមាន​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានខុទ្ទកាល័យរបស់លោក អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ លោក ម៉ែន និម្មិត នាយកប្រតិបត្តិស្តីទីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) អាជ្ញាកណ្តាល ម៉ារ សំបូរណា និងលោកស្រី ជុំ ចរិយា ប្រធានផ្នែកសេវាច្បាប់ (ACF) បានបំពេញទស្សនកិច្ចនៅគណៈកម្មាធិការការងារយុត្តិធម៌ក្នុងទីក្រុងម៉ែលបឺន ប្រទេសអូស្រ្តាលី។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរបីថ្ងៃនេះ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយនឹងអាជ្ញាកណ្តាល រដ្ឋបាល និងលេខាធិការនៃគណៈកម្មាធិការនេះ។ ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលសង្កេតដំណើរការនៃការដោះស្រាយ វិវាទ ព្រមទាំងមើលបណ្ណាល័យ និងបរិវេណរបស់គណៈកម្មាធិការផងដែរ។