នាពេលថ្មីៗនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីបើក សន្និសីទស្តីពីទំនាក់ទំនង និងការដោះស្រាយវិវាទការងារដែលរៀបចំដោយសាកលវិទ្យាល័យថនឌុកថាង ( Ton Duc Thang University) ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមក្រោមកិច្ចសហការជាមួយនឹងអង្គការការងារ អន្តរជាតិ (ILO) សាកលវិទ្យាល័យខនែល សាកលវិទ្យាល័យមីឈីហ្គេនស្តេត និងសាកលវិទ្យាល័យ កាលីហ្វនីញ៉ារបស់សហរដ្ឋអាមេរិក (Cornell, Michigan State and California State Universities) ។

សន្និសីទនេះផ្តោតជាសំខាន់ទៅលើសិទ្ធិកម្មករនិយោជិត ការដោះស្រាយវិវាទ និងការអនុវត្តច្បាប់ក្នុង វិស័យផ្គត់ផ្គង់ទំនិញ ជាពិសេសគឺទំនាក់ទំនងការងារក្នុងប្រទេសវៀតណាម។ ដោយនេះជាសន្និសីទបែបសិក្សា អ្នកចូលរួមបានស្តាប់អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវ បញ្ញវ័ន្តជាតិ និងអន្តរជាតិព្រមទាំងអ្នករៀបចំគោល នយោបាយរបស់ក្រសួង។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានអញ្ជើញឲ្យចែករំលែកអំពីសារៈសំខាន់របស់ ការផ្សះផ្សា និងមជ្ឈត្តការក្នុងប្រព័ន្ធដោះស្រាយវិវវាទរបស់កម្ពុជា។

អ្នកចូលរួមមានចំណាប់អារម្មណ៍ខ្ពស់ចំពោះបទបង្ហាញរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបាន សាកសួរជាច្រើនពាក់ព័ន្ធនឹងយន្តការនៃការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល តួនាទីរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងពេលកូដកម្ម និងថាតើក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយជាស្ថាប័នដែលទទួលបាន ការជឿទុកចិត្ត ឯករាជ្យ និងប្រកបដោយគណនេយ្យភាពយ៉ាងដូចម្តេច។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធីចំពោះការផ្តល់ឱកាសក្នុងការផ្សព្វផ្សាយផលវិជ្ជមាន និងជោគជ័យ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សានេះក្នុងការដោះស្រាយវិវាទការងារក្រៅ ប្រព័ន្ធតុលាការក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។