នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលបណ្ឌិត រីឆឺដ ហ្វីនឆ័រ នាយកប្រតិបត្តិគម្រោងដោះស្រាយវិវាទការងារប្រចាំអាស៊ី និងជាសាស្រ្តាចារ្យនៅវិទ្យាស្ថានស៊ីនមែន ផ្នែកដោះស្រាយវិវាទនៅសាលាទំនាក់ទំនងការងារ និងវិជ្ជាជីវៈ នៃសាកលវិទ្យាល័យឃរណែល ដោយ លោកអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតួនាទីរបស់ក្រុមប្រឹក្សានេះក្នុង ការដោះស្រាយវិវាទការងារនៅកម្ពុជា។ ក្រៅពីតួនាទីរបស់លោកជាសាស្រា្តចារ្យនៅសាកលវិទ្យាល័យ ឃរណែល លោកក៏ជាសន្ធានករ និងអាជ្ញាកណ្តាលពេញសិទ្ធិ ព្រមទាំងជាសមាជិកជាប់ឆ្នោតក្នុងបណ្ឌិត សភាអាជ្ញាកណ្តាលជាតិដែលក្នុងនោះក៏មានបណ្ឌិត អេឡិន ផូណាក់ ជាសមាជិកក្រុមប្រឹក្សាអន្តរជាតិ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលជាប្រធានផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ លោកនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។

     ក្នុងដំណើរទស្សនកិច្ចនេះ បណ្ឌិត ហ្វីនឆ័រ បានធ្វើការសាកសួរសមាជិកផ្នែកសេវាច្បាប់អំពីសុចនាករ នៃភាពយុត្តិធម៌ខ្លឹមសារនីតិវិធី និងប្រសិទ្ធភាពរបស់សេវាផ្តល់ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោក បណ្ឌិត ហ្វីនឆ័រ ក៏បានចែករំលែកទស្សនៈរបស់លោកស្តីពីអាជ្ញាកណ្តាលការងារនៅប្រទេសចិនជាមួយ នឹងថ្នាក់គ្រប់គ្រងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។ ការសិក្សាស្រាវជ្រាវនេះនឹងត្រូវដាក់បញ្ចូល ក្នុងការសិក្សាប្រៀបធៀបក្នុងប្រព័ន្ធអាជ្ញាកណ្តាលការងារនៅសហរដ្ឋអាមេរិក ចិន និងកម្ពុជា។

     បណ្ឌិត រីឆឺដ ហ្វីឆ័រ បានបញ្ចប់ការបង្រៀន និងសិក្សាស្រាវជ្រាវក្នុងនាមជាអ្នកជំនាញក្នុងកម្មវិធីជ័យលាភី រង្វាន់ហ៊្វុលប្រាយនៅសាកលវិទ្យាល័យថុនឌុកថាងក្នុងទីក្រុងហូជីមិញ។