តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល (រូបឆ្វេង) ផ្លាស់ប្តូរព័ត៌មានជាមួយប្រតិភូមកពីខេត្តហៃណា។
សមាជិកមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាលថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ។

         ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ និងមូលនិធិ បានទទួលស្វាគមន៍ប្រតិភូសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកចៅក្រមជាន់ខ្ពស់ ស៊ី វិន នាយកគណៈកម្មាធិការអាជ្ញាកណ្តាលខេត្តហៃណាន និងជាប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ វិស័យច្បាប់ចិន និងអាស៊ាន អមដំណើរដោយមន្រ្តីជាន់ខ្ពស់ពីស្ថាប័នទាំងពីរ ក្នុងគោលបំណងជួបសំណេះសំណាលបានស្គាល់ និងសហ ប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាល នាពេលអនាគតឆាប់ៗខាងមុខក្រោយការដាក់ការិយាល័យសាខារបស់ មជ្ឍមណ្ឌលសហប្រតិបត្តិការវិស័យច្បាប់ចិន និងអាស៊ាននៅកម្ពុជា។ 

          នៅក្នុងជំនួបនោះ តំណាងមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាលរួមមាន លោក ម៉ែន និម្មិត នាយកប្រតិបត្តិស្តីទីមូលនិធិ អាជ្ញាកណ្តាល ទួន ស៊ីផាន់ ស៊ីន គឹមស៊ាន អាន វីរៈ និង សេង វួចហ៊ុន ព្រមទាំង លោក ប៉ែន សាវ៉ាត តំណាងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចែក រំលែកដល់ប្រតិភូអំពីគំនិតផ្តួចផ្តើមបង្កើត និងការរីកលូតលាស់របស់ំមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាល រចនាសម្ព័ន្ធមូលនិធិ/អាជ្ញាកណ្តាល ដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជា ការចូលរួមចំណែករបស់មូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាលដល់ស្ថិរភាពទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈសេវាកម្មដោះស្រាយវិវាទការងារ និងសកម្មភាពទប់ស្កាត់វិវាទដូចជា វគ្គបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់ភាគីដើម្បី ពង្រឹងកិច្ចសហការនៅកន្លែងធ្វើការក៏ដូចជាការលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទនៅនឹងរោងចក្រតែម្តង។ 

          ជាការផ្លាស់ប្តូរ ប្រតិភូសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញអំពីទិដ្ឋភាពរួមនៃការងារមជ្ឈត្តកម្មពាណិជ្ជកម្ម ចំនួនសំណុំរឿងវិវាទបុគ្គល ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរួមនៅក្នុងខេត្តហៃណាន។ 

          តាងនាមមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ទួន ស៊ីផាន់ និងលោក ម៉ែន និម្មិត បានបង្ហាញក្តីសង្ឃឹមមុតមាំចំពោះកិច្ចសហប្រតិបត្តិការ ស្និទ្ធស្នាលរវាងមជ្ឈមណ្ឌលសហប្រតិបត្តិការវិស័យច្បាប់ចិន និងអាស៊ាន និងមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាល។