ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វាគមន៍ក្រុមប្រឹក្សាអាជ្ញាកណ្តាលពីសហភាព

មីយ៉ាន់ម៉ា ក្នុងការចែករំលែកជាមួយគ្នានូវការអនុវត្តល្អៗស្តីពីវិជ្ជាជីវៈអាជ្ញាកណ្តាល និងការដោះស្រាយវិវាទការងារក្នុង

តំបន់។ 

          រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នចម្បងទទួលបន្ទុកដោះស្រាយវិវាទការងារ សូមស្វាគមន៍ប្រតិភូអញ្ជើញមកពីក្រសួងការងារ និងសន្តិសុខសង្គមសហភាពមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី២៥​ ខែមករា ឆ្នាំ២០១៦។ ប្រតិភូដែលមានសមាជិកចំនួន ១៨រូប ដឹកនាំដោយ ឯកឧត្តម ស ណាំង (Saw Naing) អគ្គនាយកទំនាក់ទំនងការងារ អមដំណើរដោយក្រុមបច្ចេកទេសគម្រោង សេរីភាពសមាគម និងកិច្ចសន្ទនាសង្គម​របស់អង្គការអន្តរជាតិខាងការងារ​ (ILO) ប្រចាំសហភាពមីយ៉ាន់ម៉ា​ នឹងធ្វើទស្សនកិច្ចសិក្សា អំពីប្រព័ន្ធដោះស្រាយវិវាទការងារនៅកម្ពុជា ជាពិសេសតួនាទីរបស់ស្ថាប័ននេះ ក្នុងការផ្សះផ្សា និងការ​កាត់សេចក្តីនៃវិវាទ។ ដំណើរទស្សនកិច្ចត្រូវបានរៀបចំឡើងក្រោយកិច្ចប្រជុំដំបូងរវាងស្ថាប័នអាជ្ញាកណ្តាលនៃប្រទេសទាំងពីរកាលពីថ្ងៃទី១៦ ដល់ ២៣ ខែកញ្ញា ឆ្នាំមុន ដែលពេលនោះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជាបានទទួលការអញ្ជើញទៅធ្វើបទបង្ហាញស្តីពីការបង្កើត រៀបចំ និងដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ទាំងនៅរដ្ឋធានី រ៉ង់ហ្គូន និងណៃពិដោរ។

          ថ្លែងអំពីដំណើរការផ្លាស់ប្តូរបទពិសោធន៍នេះ លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានមានប្រសាសន៍ថា “ប្រតិភូក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា បានទទួលការណែនាំ និងការគាំទ្រពីសំណាក់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមុនពេលធ្វើទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជាត្រេកអរដែលមានឱកាសបានធ្វើទស្សនកិច្ចនោះ។​ កិច្ចពិភាក្សាស្តីពីអាជ្ញាកណ្តាលការងារ និង ទំនាក់ទំនងវិជ្ជាជីវៈដែលកំពុងស្ថិតក្នុងបរិបទប្រហាក់ប្រហែលនឹងកម្ពុជាកាលពី ១០ ឆ្នាំមុន​បាន​ធ្វើឲយើងមានសេចក្តីសោមនស្ស។ សហភាពមីយ៉ាន់ម៉ាមានការចាប់អារម្មណ៍ចំពោះលក្ខណៈពិសេស ភាពជាគំរូ និងជោគជ័យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា។ ការប្តេជ្ញាចិត្តរបស់សហភាព​មីយ៉ាន់ម៉ា ដើម្បីការរីកលូតលាស់វិស័យសេដ្ឋកិច្ច និងភាពរីករាយរបស់កម្ពុជា ក្នុងកិច្ចសហការ និងរៀនសូត្របន្ថែម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍក្នុងតំបន់។”

         ប្រតិភូសហភាពមីយ៉ាន់ម៉ានឹងស្នាក់នៅកម្ពូជារយៈពេល៤ថ្ងៃ និងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចូលរួមប្រជុំជាមួយសមាជិកមូលនិធិ/ក្រុមប្រឹក្សាអាជ្ញាកណ្តាល នាយកដ្ឋានដោះស្រាយវិវាទការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO) និងភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈសំខាន់ៗ។

          អំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងកាលពី ១៣ ឆ្នាំមុន ហើយស្ថាប័ននេះផ្តល់សេវាកម្មដោះស្រាយវិវាទការងាររួមដោយមិនគិតប្រាក់ដល់សហគមន៍។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលជាអង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ស្ថាប័នទាំងបីបានដោះស្រាយវិវាទការងារជោគជ័យដល់ ៧៣% នៃចំនួនសំណុំរឿងដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបាន។ សម្រាប់ព័ត៌មានបន្ថែម៖ www.arbitrationcouncil.org

ទំនាក់ទំនង៖ លោកស្រី អាន វីរៈ

ទូរសព្ទ៖ (៨៥៥) ២៣​ ៨៨១ ៨១៤

ទូរសព្ទចល័ត៖ (៨៥៥) ១២​ ៤៧១ ៤៧៦​