ឯកឧត្តម អ៊ូ សូណាំង ប្រធានប្រតិភូសហភាពមីយ៉ាន់ម៉ា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម អ៊ិត សំហេង សំណេះសំណាលជាមួយប្រតិភូសហភាពមីយ៉ាន់ម៉ា និងថ្នាក់ដឹកនាំមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

     មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា និងប្រតិភូក្រសួងការងារ និងរបបសន្តិសុខសង្គម និងក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នៃសហភាពមីយ៉ាន់ម៉ា ទទួលបានការអនុញ្ញាតចូលជួបសំណេះសំណាល និងសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រសួងការងារ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦។

     នៅក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតបានស្វាគមន៍វត្តមានប្រតិភូនៅកម្ពុជា ព្រមទាំងបានចែករំលែក​ប្រវត្តិនៃស្ថានភាពឧស្សាហកម្ម នៅកម្ពុជាចាប់តាំងពីទស្សវត្ស ១៩៩០ មកដល់បច្ចុប្បន្ន ច្បាប់ស្តីពីសហជីព យន្តការ​កំណត់ប្រាក់ឈ្នួលអប្បបរមា ព្រមទាំងការបង្កើតយន្តការទំនាក់ទំនងវិជ្ជាជីវៈរួមមាន៖ ក្រុមប្រឹក្សាការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សម្រាប់ដោះស្រាយវិវាទការងារដែលជាបញ្ហាប្រឈមនៅពេលវិស័យឧស្សាហកម្មកាន់តែធំ ហើយចំនួនសហព័ន្ធ សហជីពមូលដ្ឋាន និងសមាគមនិយោជក មានកាន់តែច្រើន។

     លោកបានមានប្រសាសន៍ថា “ក្រសួងការងារបានផ្តល់ឯករាជ្យពេញលេញដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការងារដោះស្រាយវិវាទ ហើយភាគីវិវាទទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយសារកត្តាបីដូចជា៖ ទី១ ការបកស្រាយផ្អែកតាមបទបញ្ញត្តិច្បាប់ ទី២ ហេតុផលនៃសេចក្តីសម្រេចល្អ និងងាយយល់ និងទី៣ មានការគាំទ្រមិនត្រឹមតែពីភាគីពាក់ព័ន្ធ​ ថែមទាំងដៃគូពាណិជ្ជកម្មដូចជាអ្នកបញ្ជាទិញ ជាដើម ​ហើយក្រសួង​គាំទ្រ​សេចក្តី​បង្គាប់​អាជ្ញាកណ្តាល​ មិនដែល​បកស្រាយ​ ឫ សម្រេចផ្សេងដែរ។”

     លោកបន្ថែមថា បច្ចុប្បន្នយើងកំពុងគិតអំពីនិរន្តភាព និងការលើកតម្កើងក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងនោះ មានការគិតគូអំពីការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅតាមបណ្តាខេត្តផងដែរ សម្រាប់រយៈពេលវែង នាពេលអនាគត។

     ពាក់ព័ន្ធនឹងសំណួរស្តីពីការបង្កើតតុលាការការងារពីប្រតិភូសហភាពមីយ៉ាន់ម៉ា ឯកឧត្តមបណ្ឌិតបានលើក ឡើងថា​ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅដាច់ដោយឡែកពីតុលាការការងារ ព្រោះអាជ្ញាកណ្តាលធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រីឯតុលាការការងារដោះស្រាយសំណុំរឿងវិវាទតាមប្រព័ន្ធតុលាការ។

     ឯកឧត្តម អ៊ូ​ ស ណាំង (U SAW NAING) ប្រធានប្រតិភូសហភាពមីយ៉ាន់ម៉ា បានថ្លែងអំណរគុណ​ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី អង្គការអន្តរជាតិខាងការងារប្រចាំសហភាពមីយ៉ាន់ម៉ា និងក្រុមប្រឹក្សាអាជ្ញាកណ្តាលចំពោះ ការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍នៅក្នុងដំណើរទស្សនកិច្ចនេះ ដែលជាអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ការសិក្សាស្វែងយល់អំពីប្រព័ន្ធអាជ្ញាកណ្តាលនៃប្រទេសនីមួយៗ។

     សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពមីយ៉ាន់ម៉ានាពេលនេះ ធ្វើឡើងបន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់ប្រតិភូកម្ពុជាដែលមានលោក ម៉ែន និម្មិត នាយកប្រតិបត្តិក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា អាជ្ញាកណ្តាល អន ណន និងលោក តេង ចេស្តា មន្រ្តីច្បាប់ជាន់ខ្ពស់របស់មូលនិធិ កាលពីខែកញ្ញា ឆ្នាំ២០១៥ នៅរដ្ឋធានី រ៉ង់ហ្គូន និងណៃពិដោរ។ ក្រុមកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញ និងក្រោមការសម្របសម្រួលពីអង្គការ អន្តរជាតិខាងការងារប្រចាំសហភាពមីយ៉ាន់ម៉ា ដើម្បីបង្ហាញអំពីការរៀបចំ ការវិវត្ត និងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដល់មន្រ្តីអាជ្ញាកណ្តាលមីយ៉ាន់ម៉ា។