ពេលថ្មីៗនេះ នៅក្នុងវេទិកាស្តីពីធនធានមនុស្សរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារអ៊ីនធើខនធីណេនថល កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមប្រមាណ ១៨០នាក់ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ច្បាប់ស្តីពីតុលាការការងារ បានថ្លែងការកោតសរសើរជាសាធារណៈថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ទុកចិត្ត និងទទួលការកោតសរសើរជុំវិញពិភពលោកក្នុងការដោះស្រាយវិវាទ និងតាមរយៈសមិទ្ធផលលើការដោះស្រាយសំណុំរឿងជាង ២៥០០ ដែលពាក់ព័ន្ធជាមួយកម្មករនិយោជិតជាងមួយលាននាក់។  

វេទិកានេះ គឺជាឱកាសមួយសម្រាប់អ្នកជំនាញផ្នែកធនធានមនុស្ស និងក្រុមហ៊ុននានាក្នុងប្រទេសកម្ពុជាចូលរួមក្នុងកិច្ចពិភាក្សាដែលផ្តល់ដោយអ្នកជំនាញជាន់ខ្ពស់ផ្នែកធនធានមនុស្ស ដើម្បីផ្តោតលើបញ្ហាធនធានមនុស្ស និងកាលានុវត្តភាពដែលប៉ះពាល់ដល់អង្គការ ព្រមទាំងវិស័យឯកជន។ ប្រធានបទសំខាន់នៅក្នុងឆ្នាំនេះរួមមាន ការហ្វឹកហាត់កូនជាង​ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម និងថែទាំសុខភាព។

សេវាដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលគោរពតាមក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធនឹងគោលការណ៍ឧត្តមានុវត្តន៍ធនធានមនុស្ស។ ផលិតភាពមានការកើនឡើង នៅពេលដែលមានការគោរព និងការអនុវត្តតាមច្បាប់ មានភាពបន្សីគ្នាទៅនឹងការគោរព និងការចូលរួមយ៉ាងសកម្មរវៀងកម្លាំងពលកម្ម និងការគ្រប់គ្រង។

ឆ្លើយតបទៅនឹងសន្និសីទនេះ និងតាមរយៈមតិយោបល់របស់ឯកឧត្តម ម៉ម វណ្ណៈ នាយកប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ម៉ែន និម្មិត បានបញ្ជាក់ថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានសោមនស្សដែលមានឱកាសធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព និងសមាគមននិយោជក ក្នុងរយៈកាលដប់បីឆ្នាំកន្លងមកនេះ។ យើងទាំងអស់គ្នាបានដើរលើផ្លូវជាមួយគ្នាមកដល់ពេលនេះ ក៏ដោយសារតែតួអង្គនៅក្នុងសមាសភាពត្រីភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈមានការទុកចិត្តខ្ពស់មកលើមនសិការវិជ្ជាជីវៈ ឯករាជ្យភាព និងភាពដែលអាចជឿទុកចិត្តបានរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។