ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទការងារដល់កម្មករនិយោជិត និងនិយោជក
កម្មករនិយោជិតចូលរួមសវនាកានៅក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០៣ ដើម្បីផ្តល់សេវាដោះស្រាយវិវាទ​ការងារដោយ​ឥតគិតថ្លៃដល់​កម្មករនិយោជិត និងនិយោជក ។ ក្នុងរយៈពេល ១៣ឆ្នាំនៃសេវាកម្មរបស់ខ្លួន ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជួយដល់កម្មករនិយោជិត និងនិយោជកច្រើនជាងមួយលាននាក់ និងដោះស្រាយវិវាទការងាររួមបានជាង ២៥០០ សំណុំរឿង ។

ក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រតិបត្តិការទៅបាន​ដោយទទួលបាន​ ជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍អន្តរជាតិ តាមរយៈ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងពីរាជរដ្ឋាភិបាលកម្ពុជា ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាស្ថាប័នដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រប់គ្រងដោយរាប់បញ្ចូលសកម្មភាពស្វែងរកហិរញ្ញប្បទានដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ ។ ក្នុងទសវត្សរ៍ចុងក្រោយនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្ហាញយ៉ាងច្បាស់ថា ខ្លួនជាស្ថាប័នជំនាញធ្វើការប្រកបដោយប្រសិទ្ធិផល និងមានប្រសិទ្ធិភាព ក្នុងការរួមចំណែកមួយភាគធំដល់​សេដ្ឋកិច្ចកម្ពុជា (តួយ៉ាង សេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានកាត់បន្ថយការចំណាយបាន ជាងមួយរយលានដុល្លាអាមេរិក ក្នុងមួយឆ្នាំ), ដល់ការអនុវត្តច្បាប់ស្តីពីការងារ, អភិបាលកិច្ចល្អ , និងការគោរពនីតិរដ្ឋ ។

ស្ថិតក្រោមគម្រោងអភិបាលកិច្ចមូលដ្ឋានរបស់ធនាគាពិភពលោកចាប់ពីឆ្នាំ២០០៩ ដល់២០១៤ មូលនិធិក្រុមប្រឹក្សាអាជ្ញា កណ្តាល នៅក្នុងឆ្នាំ២០១១ បានធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធដែលរួមមាន រដ្ឋាភិបាល តំណាងរបស់កម្មករនិយោជិត និងតំណាងរបស់និយោជក ដើម្បីកសាងយុទ្ធសាស្ត្រនិរន្តភាពរយៈពេលខ្លី និងវែងរបស់ក្រុមប្រឹក្សាអាជ្ញាអាជ្ញាកណ្តាល ។ សម្រាប់រយៈពេលខ្លី និងមធ្យម ជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍអន្តរជាតិ ត្រូវបានចាត់ទុកថាជាការគាំទ្រយ៉ាងសំខាន់ដល់សេវាកម្មរបស់​ក្រុមប្រឹក្សាអាជ្ញា កណ្តាល ។ វិភាគទានត្រីភាគី ត្រូវបានកំណត់ថាជាការគាំទ្រជាយុទ្ធសាស្ត្រ សម្រាប់និរន្តរភាពរយៈពេលវែងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។

ក្នុងអំឡុងឆ្នាំ២០១២ ដល់ ឆ្នាំ២០១៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានអំពាវនាវទៅភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲមានការចូលរួមវិភាគទានរបស់ពួកគេ ។ ជាលទ្ធផល នៅឆ្នាំ២០១៥  រដ្ឋាភិបាល បានចាប់ផ្តើមផ្តល់វិភាគទានហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្របពេលដែលភាគីនិយោជិត និងនិយោជក មិនទាន់បានចូលរួមចំណែកផ្តល់វិភាគទាននេះនៅឡើយ ។    ការធ្វើការជាមួយត្រីភាគីដើម្បីឲមានការប្តេជ្ញាចិត្តរយៈពេលវែង​ ដើម្បីរក្សាសេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយចីរភាព តាមរយៈការផ្តល់វិភាគទានហិរញ្ញវត្ថុ ជាបេសកម្មដែលនៅតែបន្ត និងប្រឈមមួយរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ។  

ក្រៅពីវិភាគទានត្រីភាគី មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្វាគមន៍រាល់ជំនួយហិរញ្ញវត្ថុ និងការបរិច្ចាគនានាផងដែរ ។ ជំនួយ, ការគាំទ្រ និងវិភាគទានហិរញ្ញវត្ថុរបស់លោកអ្នក មានសារៈសំខាន់យ៉ាងខ្លាំងចំពោះនិរន្តភាពរបស់ស្ថាប័នជាតិឯករាជ្យ​ដ៏ល្អមួយនេះ​  ដែលមានអំណាចសម្រេចសេចក្តីនិង​ដំណើរការយ៉ាងល្អ ​។

សម្រាប់ព័ត៌មានបន្ថែមអំពីការបរិច្ចាគ និងការគាំទ្រដល់កិច្ចការដ៏ល្អរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមទាក់ទង យើងខ្ញុំតាមរយៈអ៊ីម៉ែល  info@arbitrationcouncil.org  ៕