អាជ្ញាកណ្តាល អាំង អេងថុង ប្រសូត្រនៅឆ្នាំ១៩៣៩ ​នៅភូមិទ្រាំង ឃុំកំពង់​ឃ្លាំង ស្រុកជីក្រែង (បច្ចុប្បន្នជាស្រុក សូត្រនិគម) ខេត្តសៀមរាប។ លោកកើត និងធំធាត់នៅសម័យកាលដែលកម្ពុជាកំពុងច្របូកច្របល់ និងផ្លាស់ប្តូរយ៉ាងគំហុក ដូចជា៖ សម័យអាណានិគមនិយមបារាំង ការតស៊ូទាមទារឯករាជ្យ ជប៉ុនវាយបណ្តេញបារាំង បារាំងវាយដណ្តើមកម្ពុជា ការចាប់ឲចូលទាហាន ការភ័យតក់ស្លុត ភាពអត់ឃ្លាន សង្រ្គាមស៊ីវិល និងការកសាងប្រទេសឡើងវិញ។ ដំណើរឆ្ពោះទៅ រកជោគជ័យរបស់លោកស្ថិតនៅលើវិថីស្របគ្នានឹងដំណើរវែងឆ្ងាយរបស់កម្ពុជាដែលប្រឈមនឹងការរអាក់រអួល និងលំបាក តែក៏ពោរពេញដោយការតស៊ូព្យាយាម និងឱកាស។

អេងថុង បានចាប់ផ្តើមការអប់រំរបស់លោកតាំងពីមុនពេលរាជរដ្ឋាភិបាលកម្ពុជាបង្កើតសាលារៀនរបស់រដ្ឋជាផ្លូវ ការមកម្ល៉េះ លោកបានរៀនសូត្រជាមួយនឹងព្រះសង្ឃនៅក្នុងវត្តមុនពេលបញ្ចប់ថ្នាក់បឋមសិក្សានៅខេត្តសៀមរាប។ ក្នុងការខិតខំស្វះស្វែងរកឱកាសទទួលការអប់រំ អេងថុងបានចាកចេញពីស្រុកកំណើតរបស់លោកមកទីក្រុងភ្នំពេញ ដើម្បី ប្រឡងចូលវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្រោយចប់ថ្នាក់វិទ្យាល័យ លោកបានបន្តថ្នាក់បរិញ្ញាបត្រច្បាប់នៅមហាវិទ្យាល័យ ច្បាប់ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

ដើម្បីចិញ្ចឹមជីវិតក្នុងពេលកំពុងរៀននៅមហាវិទ្យាល័យ អេងថុងបានចូលបម្រើការងារជាមន្រ្តីរាជាយស្ម័យយាន ដោយលោកបានយកឱកាសនោះរាប់អានកម្មករផ្លូវដែកជាច្រើននាក់។ ជាចំណែកមួយនៃទំនាក់ទំនងនេះ លោកត្រូវបាន បោះឆ្នោតជ្រើសរើសជាប្រធានសមាគមអ្នកប្រើប្រាស់ផ្លូវដែកកម្ពុជា។ ក្នុងសម័យខ្មែរក្រហម លោកត្រូវបានគេជម្លៀសទៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយសង្រ្គាមស៊ីវិល ក្នុងសម័យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (សម័យអ៊ុនតាក់) នៅ ពេលកម្ពុជាមានឱកាសនឹងទទួលបានការអភិវឌ្ឍឡើងវិញ អេងថុងក៏បានចាប់យកឱកាសនោះចូលរួមបង្កើតអង្គការមួយ ដែលមានឈ្មោះថា “សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍” ឬហៅកាត់ថា “អាដហុក”។ ដោយធ្លាប់មានបទពិសោធន៍ ទទួលរងការឈឺចាប់ក្នុងសម័យខ្មែរក្រហមដែលប្រើអំណាចផ្តាច់ការរបស់ខ្លួនដោយមិនគោរពសិទ្ធិមនុស្ស អង្គការនេះខិតខំ ផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាកេរមរតកនៃការការពារសិទ្ធិមនុស្សសម្រាប់មនុស្ស ជំនាន់ក្រោយផងដែរ។ ក្នុងពេលនោះដែរ លោកត្រូវបានជ្រើសរើសជាអគ្គលេខាធិការមុនពេលចាប់យកឱកាសប្រឡងចូល សាលាវិជ្ជាជីវៈមេធាវីដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហការជាមួយបារាំង។ លោកបានប្រឡងជាប់ជា ស្ថាពរ និងក្លាយជាសិស្សមេធាវីជំនាន់ទី១នៅកម្ពុជា។

ដោយមានឱកាសថ្មី និងទទួលបានសញ្ញាបត្រផ្នែកច្បាប់ចំនួនដល់ទៅពីរនេះ អេងថុងអាចទៅធ្វើទស្សនកិច្ចសិក្សា នៅ ទីក្រុងលីយ៉ុង ប្រទេសបារាំង ហើយត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីរ អាណត្តិ។ ក្រោយមក លោកត្រូវបានជ្រើសរើសជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលមេធាវី ហើយលោកបានកាន់ តំណែងនៅទីនោះជាច្រើនឆ្នាំ។ តាមរយៈតួនាទីរបស់លោកក្នុងសហគមន៍អ្នកច្បាប់នៅកម្ពុជា អេងថុងមានឱកាសចូលរួមវគ្គ បណ្តុះបណ្តាល និងធ្វើទស្សនកិច្ចសិក្សានៅប្រទេសជាច្រើនដូចជា៖ បារាំង, ទុយនេស៊ី, នីហ្សេរីយ៉ា, ស្វីស, រដ្ឋហ្សកហ្សី (សហរដ្ឋអាមេរិក), នេប៉ាល់, ថៃឡង់, វៀតណាម, ហុងកុង, ជប៉ុន, និងអូស្រ្តាលី។ ទន្ទឹមនឹងការទទួលបានការអភិវឌ្ឍ ជំនាញដូចនេះ លោកក៏ចែករំលែកជំនាញ និងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំដោយលោកនៅតែធ្វើជាគ្រូបង្រៀន នៅវិទ្យាល័យកម្ពុជបុត្រ សាលាភូមិន្ទរដ្ឋបាល និងមន្ទីរបណ្តុះបណ្តាលវិជ្ជាគិលានុបដ្ឋាក។

អេងថងបានបន្តខិតខំប្រឹងប្រែងចែករំលែក និងផ្សព្វផ្សាយចំណេះដឹងតាមរយៈតួនាទីជានិពន្ធនាយក “ព្រឹត្តិបត្រ អ្នកជា” បន្ទាប់មកលោកបានបង្កើត “ព្រឹត្តិបត្រមេធាវី” នៅគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា។

នៅពេលសាកសួរលោកអំពីជោគជ័យជាច្រើនក្នុងឆាកជីវិតរបស់លោក អេងថុងបានមានប្រសាសន៍ថា “សេចក្តីព្យាយាម និងការតស៊ូដ៏មោះមុតអាចនាំឲបានសម្រេចនូវគោលបំណងក្នុងឆាកជីវិត”។