“លោកគ្រូ” ជាពាក្យដែលអាជ្ញាកណ្តាល និងបុគ្គលិកក្នុងការិយាល័យក្រុមប្រឹក្សាអាជ្ញា កណ្តាលស្ទើរគ្រប់គ្នាហៅ បណ្ឌិត សុខ ម៉ាធឿង។ ការហៅបែបនេះមិនមានន័យថា គ្រប់គ្នាជា សិស្ស ឬអតីតសិស្សរបស់លោកឡើយ តែជាការបង្ហាញអំពីការគោរពចំពោះលោក ដោយសារ លោកជារៀមច្បងដែលបានបម្រើការងារក្នុងស្ថាប័ននេះអស់រយៈពេលជាច្រើនឆ្នាំ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដំបូងគេបំផុតនៅពេលមូលនិធិនេះត្រូវបាន​បង្កើតឡើង​ នៅឆ្នាំ ២០០៤។

អាជ្ញាកណ្តាល ម៉ាធឿង ជាបញ្ញវ័ន្តខ្មែរមួយរូបដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួម ចំណែកក្នុងវិស័យសេដ្ឋកិច្ច និងច្បាប់របស់កម្ពុជាក្នុងពេលដែលកម្ពុជាមានការផ្លាស់ប្តូររបបនយោ បាយ​ និងស្ថានភាពពីសន្តិភាពទៅចលាចល និងវិលត្រលប់ពីចលាចលមកសន្តិភាពវិញ។

ប្រសូត្រនៅឆ្នាំ ១៩៣៨ ក្នុងខេត្តកណ្តាល អាជ្ញាកណ្តាល ម៉ាធឿង បានតស៊ូខិតខំប្រឹង ប្រែងរៀនសូត្ររហូតដល់ចប់សាលាកសិកម្មជាតិនៅឆ្នាំ ១៩៦២។ ក្រោយមក  ទន្ទឹមពេលដែល លោកកំពុងបម្រើការងារក្នុងនាយកដ្ឋានជលផលរបស់ក្រសួងកសិកម្ម លោកក៏បានទទួលបរិញ្ញា បត្រសេដ្ឋកិច្ចពីមហាវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់នៅឆ្នាំ ១៩៦៩។​ ភ្លាមៗបន្ទាប់ពីទទួលបាន បរិញ្ញាបត្រនេះ លោកទទួលបានអាហាររូបករណ៍ទស្សនកិច្ចសិក្សាអំពីរុក្ខាប្រមាញ់រយៈពេល មួយឆ្នាំនៅប្រទេសបារាំង។ ពេលទៅដល់ទីនោះ លោកបានចាប់យកឱកាសបន្តការសិក្សាយក បរិញ្ញាបត្រភាសាបារាំងនៅសាកលវិទ្យាល័យប៉ារីស I ។ ទោះបីជាបានបរិញ្ញាបត្រនេះហើយក្តី លោកនៅតែ មានបំណងប្រាថ្នាចាប់យកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចថែមទៀតនៅពេល លោកឃើញការប្រកាសប្រលងជ្រើសរើសនិស្សិតឲ្យចូលសិក្សា ហើយលោកក៏បានចុះឈ្មោះចូល ប្រលង តែបំណងប្រាថ្នានេះមិនបានសម្រេចឡើយដោយសារក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ រដ្ឋាភិបាលថ្មីបានហៅមន្រ្តីរាជការដែលកំពុងសិក្សានៅក្រៅប្រទេសទាំងអស់ត្រលប់ចូលមក កម្ពុជាវិញ។

ក្នុងពេលស្ថានភាពនយោបាយកំពុងចលាចលក្រោយរដ្ឋប្រហារ លោក ម៉ាធឿង បានខិតខំ ប្រឹងប្រែងសាជាថ្មីទៀតស្នើសុំអាហាររូបករណ៍ទៅសិក្សានៅប្រទេសបារាំង ហើយម្តងនេះលោក សម្រេចបានដូចបំណងមែន គឺលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបន្ទាប់មកបញ្ចប់ថ្នាក់ បណ្ឌិតផ្នែកសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់លេខ២ ពីសាកលវិទ្យាល័ប៉ារីស I នៅឆ្នាំ ១៩៧៦។

ក្រឡេកមើលមកស្ថានភាពនយោបាយនៅកម្ពុជាវិញ ក្រោយឡើងកាន់អំណាច រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានធ្វើការឃោសនាអូសទាញបញ្ញវន្តខ្មែរនៅ បរទេសឲ្យត្រលប់ចូលមកកម្ពុជាវិញដើម្បីជួយធ្វើការរៀបចំ និងអភិវឌ្ឍប្រទេស។នៅពេលបានលឺ ដំណឹងនេះ ហើយស្របនឹងការតាំងចិត្តរបស់លោកដែលប៉ុនប៉ងយកចំណេះដឹងពីការសិក្សានៅ បរទេសមកបម្រើមាតុភូមិរបស់ខ្លួនតាមរយៈការងារសាធារណៈនោះ លោក ម៉ាធឿង បានសម្រេច ចិត្តត្រលប់ចូលមកកម្ពុជាវិញ។

ចុងឆ្នាំ១៩៧៦ ពេលមកដល់កម្ពុជា លោកមានការភ្ញាក់ផ្អើល និងតក់ស្លុតដែលឃើញទីក្រុង ភ្នំពេញស្ងាត់ជ្រងំគ្មានមនុស្សរស់នៅ ហើយលោកត្រូវបានពួកខ្មែរក្រហមដឹកយកទៅដាក់នៅបឹង ត្របែក និងហាមចេញពីបរិវេណសាលាបឋមសិក្សាបឹងត្របែក។ នៅដើមឆ្នាំ១៩៧៧ ពោលគឺ ៣ខែក្រោយការឃុំឃាំងនៅបឹងត្របែក លោកត្រូវបានពួក ខ្មែរក្រហមបញ្ជួនទៅធ្វើការងារ សហករនៅស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម។

ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៨១ ដោយមើលឃើញថា កម្ពុជាមិនទាន់មាន ស្ថិរភាពនៅឡើយ គណៈកម្មការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានជួយជ្រោមជ្រែងលោកឲ្យត្រលប់ទៅប្រទេសបារាំងវិញដើម្បីសុវត្ថិភាព។

នៅប្រទេសបារាំង លោកបានបម្រើការងារជាអ្នកពិគ្រោះយោបល់របស់រដ្ឋាភិបាលបារាំង ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យប៉ារីស I II និងVIII។ លោកក៏ត្រូវបានរដ្ឋាភិបាលបារាំង បញ្ជួនទៅធ្វើជាអ្នកពីគ្រោះយោបល់សេដ្ឋកិច្ចនៅទ្វីបអាហ្រ្វិកពីឆ្នាំ ១៩៨៤ រហូតដល់ឆ្នាំ១៩៩២។

ទោះបីលោកធ្វើការងារនៅឆ្ងាយពីកម្ពុជាក៏ពិត​មែន លោកនៅតែតាមដានមើលសភាព ការណ៍នយោបាយកម្ពុជាដើម្បីរកឱកាសវិលត្រលប់មកមាតុភូមិវិញ។ ដោយមើលឃើញអំពី ដំណើរការនៃកិច្ចចរចាសន្តិភាពនៅទីក្រុងប៉ារីស និងដោយមានការឈឺចាប់ចំពោះការមើលឃើញ ការស្លាប់ និងការប្រយុទ្ធហែកហួរគ្នារវាងខ្មែរ និងខ្មែរ នៅខែកក្កដា ឆ្នាំ១៩៩២ លោកបានទាក់ទង ជាមួយនឹងគណៈកម្មការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនដើម្បីវិលមកកម្ពុជាវិញ ហើយលោក បានបម្រើការងារជាអ្នកបកប្រែរយៈពេល ៦ខែ ស្របតាមតម្រូវការរបស់ស្ថាប័ននេះដោយសារ លោកចេះនិយាយភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ។

នៅឆ្នាំ ១៩៩៣ ជាការចូលរួមចំណែកក្នុងការស្វែងរក និងរក្សាសន្តិភាពកម្ពុជាជាលើក ដំបូង លោកបានបំពេញតួនាទីជាមន្រ្តីអន្តរជាតិប្រចាំស្ថានីយ៍បោះឆ្នោតនៅព្រែកតាមាក់។

ក្នុងដំណើរវិលត្រលប់របស់លោកចូលមកកម្ពុជាលើកចុងក្រោយនេះ លោក ម៉ាធឿង បាន បម្រើការងារជាអ្នកពិគ្រោះយោបល់របស់អង្គការអន្តរជាតិធំៗដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក ជាសាស្រ្តាចារ្យជាន់ខ្ពស់ នៅតាមបណ្តាសាកលវិទ្យាល័យនានា រួមទាំង សាលាភូមិន្ទរដ្ឋបាល ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល មេធាវី ដោយបានចែករំលែកទាំងចំណេះដឹង និងបទពិសោធន៍របស់លោកក្នុងនាមជាសមាជិក នៅក្នុងស្ថាប័នល្បីៗរបស់ប្រទេសបារាំងដូចជា សមាគមហិរញ្ញវត្ថុ មជ្ឈមណ្ឌលសន្ធានកម្ម និង មជ្ឈត្តការ ព្រមទាំងសមាគមអភិវឌ្ឍថ្មី។

ដោយសារតែចំណេះដឹង និងបទពិសោធន៍ទាំងអស់នេះ លោក ម៉ាធឿង ត្រូវបានជ្រើស រើសជាអាជ្ញាកណ្តាល ដោយក្រសួងទទួលបន្ទុកការងារក្រោមកិច្ចសហការជាមួយអង្គការពល កម្មអន្តរជាតិ នៅពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងនៅកម្ពុជាឆ្នាំ ២០០៣។

លោកបានលើកឡើងអំពីការចូលរួមនៅក្នុងការងារនេះថា “តាំងពីយូរមកហើយ ខ្ញុំចង់ឃើញ កម្ពុជាមានមធ្យោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដូចអរិយប្រទេស ដទៃទៀតដែរ”។

លោកបន្ថែមថា លោកបានមើលឃើញ ប្រទសជឿនលឿនទាំងនោះប្រើប្រាស់មធ្យោបាយ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព​ ដូច្នេះហើយ លោកចង់នាំយកបទ ពិសោធន៍របស់លោកក្នុងនាមជាសមាជិក មជ្ឈមណ្ឌលសន្ធានកម្ម និងមជ្ឈត្តការបារាំង មកចូល រួមចំណែកក្នុងការងារនេះនៅប្រទេសកម្ពុជា។

ថ្លែងអំពីការងារបច្ចុប្បន្នរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ម៉ាធឿង មានប្រសាសន៍ ដោយមិនស្ទាក់ស្ទើរថា “ខ្ញុំមានមោទនភាពដែលបានធ្វើជាអាជ្ញាកណ្តាលក្នុងក្រុមប្រឹក្សាអាជ្ញា កណ្តាល ព្រោះនេះជាស្ថាប័នដែលមានតម្លាភាព និងគ្មានអំពើពុករលួយ”។