អាជ្ញាកណ្តាល សេង វួចហ៊ុន បានបម្រើអាជ្ញាកណ្តាលអស់រយៈពេល ជិត១០ឆ្នាំមកហើយ។ ខាងក្រោម គឺជាបទពិសោធន៍ ដែលលោកស្រីចែករំលែកជាមួយមិត្តអ្នកអាន។

. សូមលោកស្រី រៀបរាប់ប្រាប់ពួកយើងពីប្រវត្តិគ្រួសារ?

ខ្ញុំកើតនៅឆ្នាំ ១៩៧៧ ក្នុងខេត្តកំពង់ចាម។ ឪពុកម្ដាយខ្ញុំ ជាអាជីវករ មានជីវភាពមធ្យម។ ខ្ញុំមានប្អូនស្រីបីនាក់ និងបងប្រុសម្នាក់ (ខ្ញុំជាកូនទី២)។ ខ្ញុំមានឱកាសបានរៀនសូត្រពេញលេញ ក្រោមការគ្រប់គ្រង ពីឪពុក-ម្ដាយ។​​ ឪពុក-ម្ដាយខ្ញុំមិនបានចំណាយប្រាក់ច្រើនសម្រាប់ការរៀនសូត្ររបស់ខ្ញុំទេព្រោះខ្ញុំតែងទទួលបានអាហាររូបករណ៍ និងស្វ័យសិក្សា ដោយមិនបានរៀនគួរបន្ថែមទេ ។

. តើស្រីលោកមានបាវចនាឬឃ្លាប្រយោគណាសម្រាប់លើកទឹកចិត្ដដល់លោកស្រីដើម្បីទទួលបានជ័យជំនះរាល់ការសិក្សាឬបំពេញការងារទេ?

‘សុទិដ្ឋិនិយមនាំមកនូវជ័យជំនះ’ វាមានន័យថា អ្នកគួរតែប្រកាន់ខ្ជាប់ភាពវិជ្ជមានពីអ្វីដែលអ្នកកំពុងធ្វើ ហើយភាពជោគជ័យនឹងមកតាមក្រោយ។

. ចូរលោកស្រីរៀបរាប់យ៉ាងសង្ខេបពីប្រវត្ដិនៃការសិក្សារបស់លោកស្រី ។

-       បណ្ឌិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា,

-       បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

-       បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

-       បញ្ញវ័ន្តស្រាវជ្រាវច្បាប់(សាកលវិទ្យាល័យមីឈីហ្គេន របស់សហរដ្ឋអាមេរិក)

. ក្នុងអំឡុងពេលសិក្សា តើលោកស្រីមានជួបការលំបាកទេ? បើមាន តើអ្វីខ្លះ? ហើយ លោកស្រីធ្វើដូចម្ដេច?

មានការលំបាកជាច្រើនក្នុងកំឡុងពេលសិក្សារបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដែលចាត់ទុកវាជាឧបសគ្គនោះទេ ព្រោះខ្ញុំតែងតែមានគំនិតវិជ្ជមាន។ ជាខ្លី ពុំមានអ្វីជាការលំបាកសម្រាប់ខ្ញុំទេ ព្រោះខ្ញុំជាមនុស្សសុទិដ្ឋិនិយម ។

. តើលោកស្រីមានទទួលបានជោគជ័យអ្វីខ្លះ ក្នុងអំឡុងពេលសិក្សា?

-       ជាសិស្សថ្នាក់ពូកែផ្នែកអក្សរសាស្ដ្រប្រចាំសាលាមធ្យមសិក្សាកំរិត១វត្ដភ្នំ និង សិស្សថ្នាក់ពូកែគណិតវិទ្យានៅសាលាមធ្យមសិក្សាភ្នំដូនពេញ (សព្វថ្ងៃសាលាស៊ីសុវត្ថិ) ទទួលបានប័ណ្នសរសើរជាច្រើនពីសាលាទាំងពីរ។

-       ខ្ញុំទទួលបានអាហាររូបករណ៍ (ផ្ដល់ដោយសាកលវិទ្យាល័យច្បាប់មីស៊ីហ្គែន) (University of Michigan Law School) សហរដ្ឋអាមេរិក នៅឆ្នាំ ២០០១ សម្រាប់សិក្សាស្រាវជ្រាវផ្នែកច្បាប់ ។

-       ខ្ញុំបានអាហាររូបករណ៍សិក្សាថ្នាក់អានុបណ្ឌិតផ្នែកច្បាប់ ពី Chevening Schorlarship របស់ប្រទេសអង់គ្លេសនៅឆ្នាំ ២០០៣ ។ ប៉ុន្ដែខ្ញុំបានសម្រេចចិត្ដមិនទៅបន្ដការសិក្សានៅប្រទេសអង់គ្លេសទេ ព្រោះពេលជាមួយគ្នានោះ ខ្ញុំបានជាប់ជាមេធាវី ។ ខ្ញុំចង់ប្រកបវិជ្ជាជីវៈមេធាវីសិន និង បន្ដការសិក្សាថ្នាក់អនុបណ្ឌិតក្នុងស្រុក (សាកលវិទ្យាល័យ បញ្ញាសាស្ដ្រ)ជំនួសវិញ ។

. សូមឱ្យលោកស្រីជួយចែករំលែកនូវបទពិសោធន៍ការងារ និងភាពជោគជ័យរបស់លោកស្រីកន្លងមក៖

ខ្ញុំសព្វថ្ងៃបំរើការជាអាជ្ញាកណ្តាលការងារ សម្រាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង សមាជិក គណៈកម្មការកិច្ចការស៊ីវិលនៃគណៈមេធាវីកម្ពុជា។ ខ្ញុំក៏ជាប្រធាន/មេធាវីនៃក្រុមមេធាវីអាស៊ីកម្ពុជា ដែលដៃគូរជាមួយក្រុមមេធាវី ឡូហ្គូស (Logos Law LLC) (ក្រុមមេធាវីច្បាប់កំពូលទី១០ ក្នុងប្រទេសកូរ៉េខាងជើង) ក្នុងការផ្តល់សេវាកម្មច្បាប់ ដល់អតិថិជនក្នុងស្រុក និងបរទេស ពិសេសក្រុមហ៊ុនពាណិជ្ជកម្មនានា និងស្ថារប័នហិរញ្ញវត្ថុ រួមទាំង ធនាគារស៊ិនហាន ខ្មែរ ធនាគារភ្នំពេញពាណិជ្ជ ធនាគារ ប៊ូយ៉ុង ខ្មែរ អចលនទ្រព្យ និងក្រុមហ៊ុនសំណង់ ឧទាហរណ៍ យ៉ុនវ៉ូ កម្ពុជា (ហ្គោល ថាវវើ ៤២ជាន់), ថាវវើ ភ្នំពេញ, ពិសេសផ្នែកច្បាប់នៃកិច្ចសន្យា, ច្បាប់ការងារ និងច្បាប់ពាណិជ្ជកម្ម។ ក្រៅពីនេះ ខ្ញុំក៏មានតួនាទីជាអនុប្រធាន/មជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការកម្ពុជា ស្ថាប័នដែលដោះស្រាយវិវាទពាណិជ្ជកម្ម។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំធ្លាប់បម្រើការងារក្នុងផ្នែកច្បាប់ ជាមួយស្ថាប័នជាតិ និងអន្តរជាតិនានា មុនពេលចូលបម្រើការងារទាំងនេះ។

. តើលោកស្រីមានអារម្មណ៍យ៉ាងណា​ ដែលបានក្លាយជាអាជ្ញាកណ្តាល?

ខ្ញុំមានអារម្មណ៍ធម្មតា ព្រោះវាមិនមែនជាការងារចម្បងទេ។ ការងារចម្បងរបស់ខ្ញុំគឺមេធាវី។ អ្នកប្រហែលខកចិត្ដចំពោះចម្លើយបែបនេះ ។ ខ្ញុំធ្វើអាជ្ញាកណ្ដាលគឺដើម្បីបទពិសោធន៍ និង ចូលលើកកម្ពស់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធិភាព និង ទំនុកចិត្ដពីអ្នកប្រើប្រាស់ ។

. តើលោកស្រីយល់ថា ឯករាជ្យភាព ឬតម្លាភាព គឺមានសារៈសំខាន់សម្រាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទេ?

សមាសធាតុទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនត្រឹមតែសម្រាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងប្រព័ន្ធយុត្តិធម៌ទាំងមូល។

. ជាចុងក្រោយតើលោកស្រីមានអនុសាសន៍ផ្ដាំផ្ញើរអ្វីខ្លះទៅដល់អ្នកអានទាំងឡាយដែលមានបំណងចង់ធ្វើជាអាជ្ញាកណ្ដាលនាថ្ងៃអនាគតដូចលោកស្រីដែរ?

- ខ្ញុំមិនជំរុញថាត្រូវតែធ្វើអាជ្ញាកណ្ដាលទេ ប្អូនៗត្រូវគោរពបំណងពិតរបស់ខ្លួន មិនអាចធ្វើតាមគេតែម្យ៉ាងទេ ។ សួរខ្លួនឯងសិនថា តើអ្វីជាបំណងពិតរបស់ខ្លួន ហេតុអ្វីប្អូនរៀនច្បាប់ ឬ មុខវិជ្ជាផ្សេងទៀតដែលប្អូនកំពុងរៀន ។ ប្អូនត្រូវមានទិសដៅច្បាស់លាស់ ព្រោះគ្មានការអភិវឌ្ឍណាមួយកើតឡើងដោយចេដនុទេហើយក៏គ្មានភាពជោគជ័យណាមួយកើតឡើងក្នុងពេលមួយថ្ងៃដោយគ្មានហេតុដែរ ។

- ជោគជ័យគ្មានព្រំដែន ។ អ្នកជោគជ័យភាគច្រើនមិនបានគិតថាខ្លួនកំពុងជោគជ័យទេ ព្រោះគាត់មើលឃើញអ្វីមួយនៅពីលើកំរិតភាពជោគជ័យដែលគាត់កំពុងតែមាន ។ ម្ល៉ោះហើយសម្ពាធការងារ ក៏ដូចជាផ្លូវចិត្ដ អាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ទាំងអ្នកជោគជ័យ ទាំងអ្នកបរាជ័យ និង ទាំងអ្នកដែលមិនដែលបានជោគជ័យ ។ ចំពោះខ្ញុំ ការប្រកាន់គំនិតសុទិដ្ឋិនិយមគ្រប់កាលៈទេសៈជារឿងសំខាន់ខ្ញុំគិតថា ភាពជោគជ័យជារឿងធម្មតាចំពោះអ្មកព្យាយាមធ្វើ ហើយអ្វីដែលខ្ញុំចង់បានគឺ គ្រាន់តែចង់ធ្វើអ្វីដែលល្អ មានប្រជោនចំពោះមនុស្សនៅជុំវិញ និង សង្គម ប៉ុណ្ណោះ ។ អ្វីដែលខ្ញុំមានមោទនភាពជាងគេ មកទល់ពេលនេះ គឺ ខ្ញុំអាចផ្ដល់ការងារ ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់ប្អូនៗជំនាន់ក្រោយបាន ។ ខ្ញុំមានបំណងពង្រីកទីផ្សារការងារនេះឱ្យកាន់តែធំ នៅពេលអនាគត ព្រោះកូនខ្មែរដែលចេញពីមហាវិទ្យាល័យ ខ្វះការងារបែបជំនាញ មានច្រើន ដែលជាបន្ទុកមួយរបស់រដ្ឋាភិបាលដែរ ។ ខ្ញុំនឹងផ្ទេរភារៈនេះទៅអ្នកមានសមត្ថភាព នៅពេលខ្ញុំចូលនិវត្ដន៍ ។