នេះជាព័ត៌មានខ្លះៗស្តីពីការរៀបចំសំណុំរឿង

ការរៀបចំសំណុំរឿងប្រកដដោយប្រសិទ្ធិភាពមានសារៈសំខាន់ណាស់ព្រោះការងារនេះជួយអាជ្ញាកណ្តាលរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាលឲធ្វើការសម្រេចសេចក្តីប្រកបដោយយុត្តិធម៌​ និងមានហេតុផលផ្អែកតាមច្បាប់។ ភាគីមានឱកាសទំនាក់ទំនងដោយរស់​ រវើករវាងគ្នា និងអាជ្ញាកណ្តាលតែនៅក្នុងវេទិកាបើកចំហរនៃសវនាការប៉ុណ្ណោះ ដូច្នេះការរៀបចំកិច្ចពិភាក្សាទាំងនេះមានប្រយោជន៍ យ៉ាងច្រើន។ មានភាគីតំណាង និងមិនមានតំណាងនៅចំពោះមុខក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែភាគីទាំងអស់ត្រូវមានការរៀបចំខ្លួន​ ដើម្បីបង្ហាញអំណះអំណាងរបស់ខ្លួនដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការរៀបចំសំណុំរឿងល្អនឹងជួយភាគីឲបង្ហាញសំណុំរឿង និង អំណះអំណាងបានល្អដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ខាងក្រោមនេះជាព័ត៌មានសម្រាប់ការរៀបចំសំណុំរឿងដោយជោគជ័យដែលផ្តល់ជូនដោយផ្នែកសេវាច្បាប់ដែលមានតួនាទី ចំបងក្នុងការគ្រប់គ្រងការផ្តល់សេវាអាជ្ញាកណ្តាល និងផ្តល់ការគាំទ្រដល់អាជ្ញាកណ្តាលរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

សំណួរទី១៖ តើការរៀបចំសំណុំរឿងជាអ្វី?

ចម្លើយ៖ ការរៀបចំសំណុំរឿងគឺជាជំហានដែលអ្នកត្រូវអនុវត្តដើម្បីរៀបចំសំណុំរឿងសម្រាប់នីតិវិធីដោះស្រាយវិវាទនៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាលរួមមាន៖ ដឹងច្រើនអំពីអង្គហេតុនៃវិវាទ គាំទ្រអង្គហេតុទាំងនោះដោយភស្តុតាង និងយល់ដឹងអំពីបទបញ្ញត្ត ច្បាប់ ជំហានទាំងបីនេះនឹងជួយឲមានការរៀបចំសំណុំរឿងបានល្អ។

សំណួរទី២៖ តើការរៀបចំសំណុំរឿងមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?

ចម្លើយ៖ ការរៀបចំនេះចាំបាច់ដោយសារវាជាឱកាសល្អបំផុតសម្រាប់ភាគីធ្វើការបង្ហាញអំពីអំណះអំណាង និងព័ត៌មានដល់ អាជ្ញាកណ្តាល។ ក្រុមអាជ្ញាកណ្តាលដែលមានតួនាទីជាអ្នកសម្រេចសេចក្តីនឹងធ្វើការពិចារណាការចោទប្រកាន់ និងអំណះអំណាងលើក ឡើងដោយភាគីនីមួយៗដើម្បីធ្វើការសម្រេចសេចក្តីឲភាគីណាមួយឈ្នះ។ ដូច្នេះ ប្រការសំខាន់អ្នកត្រូវមានការរៀបចំបង្ហាញអំណះ អំណាងអំពីសាច់រឿងរបស់លោកអ្នកដើម្បីឲអាជ្ញាកណ្តាលមានព័ត៌មានចាំបាច់សម្រាប់ធ្វើការសម្រេចសេចក្តី។

សំណួរទី៣៖ តើការរៀបចំសំណុំរឿងឲបានល្អត្រូវធ្វើអ្វីខ្លះ?

ចម្លើយ៖ជំហានដំបូង អ្នកត្រូវប្រឹក្សាច្បាប់ស្តីពីការងារ (១៩៩៧) និងលិខិតបទដ្ឋានគតិយុត្តិនានារួមមាន៖ ប្រកាសស្តីពីក្រុម ប្រឹក្សាអាជ្ញាកណ្តាលលេខ ០៩៩ សកបយ. ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ២០០៤។ លោកអ្នកក៏គួរអានអត្ថបទបោះពុម្ពផ្សាយរបស់ក្រុម ប្រឹក្សាអាជ្ញាកណ្តាលដូចជា៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ សំណួរ និងចម្លើយ, ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណើរការដោះស្រាយវិវាទ ការងារនៅកម្ពុជា។ សេចក្តីណែនាំនេះមាននៅលើគេហទំព័រ និងមានបោះពុម្ពជាខិត្តប័ណ្ណដែលអាចរកបាននៅការិយាល័យក្រុមប្រឹក្សា អាជ្ញាកណ្តាលដែលមានទីតាំងនៅខណ្ឌទួលគោក។

ក្រៅពីការអានឯកសាររៀបរាប់ខាងលើ លោកអ្នកក៏គួរពិចារណាអានឯកសារដូចខាងក្រោម៖

  • តំណាង

ប្រសិនបើអ្នកមានតំណាងនៅចំពោះមុខក្រុមប្រឹក្សាអាជ្ញាកណ្តាលដូចជា មេធាវី ឬតំណាងដទៃទៀត សូមលោក អ្នកធ្វើលិខិតផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរជូនតំណាងរូបនោះដើម្បីឲគាត់មានសិទ្ធិតំណាងលោកអ្នក និងដោះ ស្រាយវិវាទនោះក្នុងនាមលោកអ្នក។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការសម្រេចសេចក្តីប្រកបដោយយុត្តិធម៌ និងផ្អែក លើហេតុផល ហើយអាជ្ញាកណ្តាលក៏ដឹងដែរថា សេចក្តីសម្រេចរបស់គាត់មានផលប៉ះពាល់ដល់កម្មករនិយោជិត និង និយោជកជាច្រើន ដូច្នេះ ជាប្រការសំខាន់ដែលតំណាងរបស់លោកអ្នកយល់អំពីសារៈសំខាន់ និងផលប៉ះពាល់នៃ តួនាទីរបស់ខ្លួនព្រមទាំងដឹងអំពីអង្គហេតុ និងភស្តុតាងអំពីវិវាទមុនចូលសវនាការ។

  • អង្គហេតុ

ក្នុងនាមជាភាគីនៃវិវាទមួយ លោកអ្នកគួរមានសមត្ថភាពក្នុងការរៀបរាប់អំពីអង្គហេតុពាក់ព័ន្ធនានាដើម្បីគាំទ្រដល់ ការទាមទារនៅក្នុងសំណុំរឿងរបស់លោកអ្នក។ ឧទាហរណ៍៖ ប្រសិនបើមានការទាមទារឲកម្មករមួយរូបបានចូល ធ្វើការវិញ លោកអ្នកគួរមានសមត្ថភាពរៀបរាប់អំពីទំនាក់ទំនងការងាររវាងកម្មកររូបនោះជាមួយនឹងក្រុមហ៊ុនដូច ជា៖ តើកម្មកររូបនោះបានធ្វើការនៅក្នុងក្រុមហ៊ុនរយៈពេលប៉ុន្មាន? តើកម្មកររូបនោះមានតួនាទីជាអ្វីក្នុងក្រុមហ៊ុន? តើមានអង្គហេតុអ្វីខ្លះពាក់ព័ន្ធនឹងការបញ្ចប់កិច្ចសន្យាការងារ? អ្នកណាខ្លះទៀតដែលអាចនិយាយអំពីរឿងហេតុ ដែលបានកើតឡើង? ...។ល។

  • អំណះអំណាង

អង្គហេតុរបស់លោកអ្នក និងអង្គហេតុចំពោះច្បាប់ដែលលោកអ្នកបង្ហាញនៅក្នុងសវនាការអាចត្រូវបានបដិសេធ​ ដោយភាគីម្ខាងទៀត ហើយលោកអ្នកគួរតែមានការត្រៀមខ្លួនផ្តល់អំណះអំណាងគាំទ្រជំហររបស់លោកអ្នក។ អាជ្ញាកណ្តាលនឹងបានឭអំណះអំណាងពីភាគីទាំងពីរ ហើយធ្វើការកំណត់ថាតើអំណះអំណាងមួយណាសមហេតុសម ផលជាង។

  • ភស្តុតាង

ភស្តុតាងជាវត្ថុបន្ថែមសម្រាប់គាំទ្រដល់អំណះអំណាងរបស់អ្នកព្រមទាំងបង្ហាញថា តើអង្គហេតុពិតប្រាកដក្នុងសំណុំ រឿងនោះមានអ្វីខ្លះ។ ក្នុងសំណុំរឿងខ្លះ អង្គហេតុត្រូវបានជំទាស់ (ឧទាហរណ៍៖ ភាគីទាំងពីរមិនយល់ស្របចំពោះអ្វី ដែលបានកើតឡើង) ក្នុងករណីបែបនេះ ភស្តុតាងអាចជួយដោះស្រាយអង្គហេតុមិនស្របគ្នានោះ។ ក្រុមប្រឹក្សា អាជ្ញាកណ្តាលនឹងសម្រេចថា តើអង្គហេតុនោះអាចទទួលយកបាន ឬមិនបាន។ ភាគីទាំងពីរក៏ត្រូវបានលើកទឹកចិត្ត ឲផ្តល់ព័ត៌មានដល់ក្រុមអាជ្ញាកណ្តាលអំពីអង្គហេតុស្របគ្នាមួយ និង/ឬ អង្គហេតុដែលមិនមានការជំទាស់ (ឧទាហរណ៍៖ ភាគីទាំងអស់អាចយល់ស្របថា កិច្ចសន្យាការងារដែលដាក់ជាភស្តុតាងជាកិច្ចសន្យាដែលភាគីទាំងពីរ បានចុះហត្ថលេខាពិតប្រាកដមែន)។ ភស្តុតាងរួមមាន៖ ឯកសារលាយលក្ខណ៍អក្សរដែលគាំទ្រដល់អំណះអំណាង ដែលអ្នកព្យាយាមលើកឡើងដូចជា កិច្ចសន្យាមួយ ឬសារណាលាយលក្ខណ៍អក្សរពីសាក្សីមួយរូប ឬជាខ្សែវីដេអូ ដែលបានថតជាប់អ្វីដែលបានកើតឡើងពិតប្រាកដក្នុងសំណុំរឿងនោះ។

  • សាក្សី

ក្រៅពីប្រភេទភស្តុតាងដូចមានរៀបរាប់ខាងលើ  សាក្សីដែលបានឃើញ ឬឮអ្វីដែលបានកើតឡើងក្នុងសំណុំរឿង​ នោះក៏អាចធ្វើការបំភ្លឹផងដែរ។ សាក្សីនោះអាចមកពីភាគីទាំងសងខាង ហើយត្រូវបានតម្រូវឲស្បថថា ការបំភ្លឺ របស់គាត់ជាការពិត និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើការបំភ្លឺនោះមិនពិត។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងភាគីទាំងពីរនៃសំណុំរឿងមានឱកាសសាកសួរសាក្សីរួមទាំងការសាកសួរដោយផ្ទាល់ ឬសួរផ្ទៀងចម្លើយ។

សំណួរទី ៤៖ តើត្រូវតែមានការរៀបចំខ្លួនសម្រាប់សំណុំរឿងដែលនឹងត្រូវដោះស្រាយនៅចំពោះមុខអាជ្ញាកណ្តាលឬទេ?

ចម្លើយ៖ ទេ នេះមិនមែនជាកាតព្វកិច្ចទេ ប៉ុន្តែសូមចងចាំថា លោកអ្នកប្រហែលជាអាចផ្តល់អំណះអំណាងបានល្អដើម្បីជោគ ជ័យក្នុងសំណុំរឿងជាងភាគីម្ខាងទៀតដែលមិនសូវបានរៀបចំខ្លួន ឬមិនបានរៀបចំខ្លួនទាំងស្រុងតែម្តង។ អាជ្ញាកណ្តាលនឹងធ្វើការ សម្រេចសេចក្តីប្រកបដោយយុត្តិធម៌ និងហេតុផលផ្អែកតាមច្បាប់ និងហេតុពិតនៃសំណុំរឿង មានន័យថា កាលណាក្រុមប្រឹក្សាអាជ្ញា កណ្តាលមានព័ត៌មានកាន់តែច្រើនសម្រាប់យកមកពិចារណា លទ្ធផលសម្រាប់ភាគីទាំងពីរក៏កាន់តែល្អ។