ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៖ ភាពចាស់ទុំ និងការប្តេជ្ញាដើម្បីការរីកចម្រើន

ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជិវៈ លើកទី៧ ក្រោមប្រធានបទ “ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៖ ភាពចាស់ទុំ និងការប្តេជ្ញាដើម្បីការរីកចម្រើន” នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ។  

 សន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈ គឺជាវេទិកាថ្នាក់ជាតិមួយសម្រាប់ភាគីពាក់ព័ន្ធ និងដៃគូនានាក្នុងវិស័យការងារចូលរួមក្នុងកិច្ចពិភាក្សាសង្គមដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲបានទូលំទូលាយ។ សន្និសីទនេះ ផ្តល់ឱកាសជាពិសេសមួយដល់ត្រីភាគី និង ភាគីដ៏ទៃទៀតទាក់ទងគ្នាទៅវិញទៅមកដោយផ្ទាល់អំពីបញ្ហាបច្ចុប្បន្នដែលទាក់ទងនឹងផលប្រយោជន៍រួម ។

សន្និសីទនេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួនបី ដែលរួមមាន៖ ភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ កម្ពុជា ទំនាក់ទំនងវិជ្ជាជីវៈដែលមានភាពចាស់ទុំ៖ តួនាទី និងការវិវត្តនៃអនុសញ្ញារួមនៅកម្ពុជា-ការអនុវត្តល្អនៃអនុសញ្ញារួម និងយន្តការនៅកន្លែងការងារដែលកាន់តែមានប្រសិទ្ធិភាព ត្រូវបានដាក់បញ្ចូលក្នុងការពិភាក្សា និងត្រូវបានធ្វើបទបង្ហាញទៅកាន់អ្នកចូលរួមដោយវាគ្មិនជំនាញ ។

សន្និសីទនេះ ត្រូវបានបើកដោយសុន្ទរកថាពីវាគ្មិនដែលមានដូចជា៖ លោកស្រី ឈីវ ភិរម្យ អាជ្ញាកណ្តាល និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោកស្រី ជូលី ឈុង អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី អាណា ម៉ាហាលហ្គាត អគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។​

ក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត បានថ្លែងកោតសសើរដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល  និងម្ចាស់ជំនួយអន្តរជាតិសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈនេះ​ ដោយលើកឡើងថា សនិ្នសីទនេះ ជាវេទិការដ៏មានសារៈសំខាន់បំផុតមួយ ដើម្បីពិភាក្សាអំពីការកសាងទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងវិជ្ជាជីវៈ គឺជាបញ្ហារសើប និងដែលរាជរដ្ឋាភិបាលកម្ពុជា គួរតែធានានូវនិរន្តរភាពវិស័យវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ជាមួយនឹងការផ្តោតយកចិត្តទុកដាក់ លើផ្នែកធុរកិច្ច និងការវិនិយោគ។

លោកស្រី ជូលី ឈុង អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា សន្និសីទនេះ នឹងជម្រុញឲមានកិច្ចពិភាក្សាកាន់តែច្រើនជាងមុនរវាងសហជីព និយោជក កម្មករនិយោជិត រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ។ ការទំនាក់ទំនងនេះ អាចជួយលើកកម្ពស់ លក្ខខណ្ឌការងារ​ និងធ្វើឲឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែងជាងមុននៅក្នុងតំបន់ ។”

សន្និសីទនេះ មានអ្នកចូលរួមប្រមាណ ២០០នាក់ ដែលមានដូចជា អ្នកតំណាងមកពី រាជរដ្ឋាភិបាល និយោជក និងសហជីព, និស្សិត, អ្នកផ្តល់ប្រឹក្សា និងមេធាវីតំណាងឲផ្នែកឯកជន, ដៃគូអភិវឌ្ឍ និងស្ថានទូតនានា ដែលស្វែងយល់ឲកាន់តែច្បាស់ជាងមុនអំពីការរីកចម្រើនទូទៅ វឌ្ឍនភាព និងភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្រោមជំនួយសប្បុរសទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ពីសំណាក់ម្ចាស់ជំនួយដូចជា កម្មវិធីគាំទ្រអភិវឌ្ឍពាណិជ្ជកម្ម ស្ថានទូតស៊ុយអែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារអាមេរិកសម្រាក់ការអភិវឌ្ឍអន្តរជាតិ នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម មូលនិធិហ្គេប អ៊ីន មូលនិធិលីវ៉ាយ ស្រ្តាស និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕