ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងគណៈកម្មការប្រឹក្សាការងារអូស្ត្រាលី ប្រតិភូអូស្ត្រាលីមួយរូប និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលមួយរូប ត្រូវបានអញ្ជើញ ដើម្បីចែករំលែកចំណេះដឹងដល់ចៅក្រម នៅក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។ សិក្ខាសាលានេះផ្តោតលើប្រធានបទដូចជា៖ “ដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល” និង “ដំណើរការដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការទំនាក់ទំនងជាមួយតុលាការ” ។

ឯកឧត្តម ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងលោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយរំលេចចេញនូវកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងស្ថាប័នទាំងពីរ ដើម្បីចែករំលែកការយល់ដឹងឲកាន់តែប្រសើរអំពីដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណើរការដោះស្រាយវិវាទការងារ ក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសអូស្ត្រាលី ដល់ចៅក្រមកម្ពុជា ។

សិក្ខាសាលានេះ ត្រូវបានបែងចែកជាពីរវគ្គ ។ វគ្គទីមួយ ត្រូវបានសម្របសម្រួលដោយលោកអាជ្ញាកណ្តាល លីវ សុវណ្ណា ដោយផ្តោតលើប្រធានបទចំនួនបីសំខាន់ៗ ដែលមានដូចជា៖ គោលការណ៍ទូទៅនៃការធ្វើអាជ្ញាកណ្តាល     (មជ្ឈត្តការ) និងតុលាការ ភាពខុសគ្នារវាងការធ្វើអាជ្ញាកណ្តាល និងការកាត់ក្តីដោយតុលាការ និងបរិបទនៃការដោះស្រាយវិវាទការងារនៅក្នុងប្រទេសកម្ពុជា ។ វគ្គទីពីរ ត្រូវបានសម្របសម្រួលដោយលោកអាជ្ញាកណ្តាល ម៉ៃឃល ហ្គេយ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យល្អៗ ស្តីពីការដោះស្រាយវិវាទការងារ និងតុលាការក្នុងប្រទេសអូស្ត្រាលី ។

វគ្គទាំងពីរនេះ​ ពិភាក្សាអំពីមុខងារស្នូលមួយចំនួន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមពីគ្នាទៅវិញទៅមក អំពីច្បាប់ ការប្រតិបត្តិនៅកន្លែងការងារ និងបទដ្ឋានការងារអន្តរជាតិសំខាន់ៗ និងដើម្បីផ្តល់ជាព័ត៌មានដល់ចៅក្រម ស្តីពីការអនុវត្ត និងដំណើរការដោះស្រាយវិវាទការងារក្នុងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ។

ដោយមានការចាត់តាំងពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចៅក្រមចំនួន ៤១រូប ដែលមកពីខេត្ត និងរាជធានីដូចជា៖ រាជធានីភ្នំពេញ សៀមរាប ស្វាយរៀង កំពង់ឆ្នាំង ព្រះសីហនុ កណ្តាល តាកែវ និងកំពង់ស្ពឺ បានចូលរួមក្នុងសិក្ខាសាលានេះ ៕