វគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ជូនតំណាង កម្មករ និយោជិត ដោយលោក Josh BORNSTEIN (២ មីនា ២០១៧)។
វគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ជូនតំណាង និយោជក ដោយលោកស្រី Fatim Jumabhoy (២ មីនា ២០១៧)។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ​(ACF) បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង”  ចំនួនពីរដាច់ពីគ្នា​ជូន​ទៅដល់តំណាងកម្មករនិយោជិត និងតំណាងនិយោជក នៅរាជធានីភ្នំពេញ ដោយ​បាន​អញ្ជើញ​ក្រុម​មេធាវី​ជំនាញ​​​ផ្នែកការងារ​​មក​​ពី​ប្រទេស​អូស្ត្រាលី​​ធ្វើ​ជាវាគ្មិន។

លោក Josh BORNSTEIN ប្រធានក្រុមហ៊ុនមេធាវីច្បាប់ការងារ​ ក្រុមហ៊ុនមេធាវី Maurice Blackburn និងជាជ័យលាភី មេធាវីការងារឆ្នើមប្រចាំឆ្នាំ ២០១៦ ដែល​ធ្វើ​ការ​​តំណាង​ឲ្យ​ប្រយោជន៍​ខាង​សហជីព​កម្មក​រ​ ជាវាគ្មិនក្នុងវគ្គ​បណ្ដុះ​បណ្ដាល ​ជូន​ទៅដល់តំណាងកម្មករ និយោជិត។

វគ្គបណ្ដុះបណ្ដាលមានគោលបំណង​ធ្វើឲ្យ​តំណាង​សហជីព​កម្មករ​ និយោជិត ​មាន​​ការ​​យល់​ដឹងថែម​ទៀត ​​ក្នុង​ការរៀបចំ​សំណុំរឿង​ដោះស្រាយ​វិវាទឲ្យទទួល​បាន​ជោគជ័យ​ ​នៅ​​​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​​ ដោយ​​មាន​​ការ​ចែករំលែក​​បទពិសោធន៍​​ពី​​វាគ្មិន​ អំ​ពី​​ការ​​ដោះស្រាយ​វិវាទ​​នៅ​​គណៈកម្មាការ​​យុត្តិធម៌​​ការងារ ​​ប្រទេស​​អូស្ត្រាលី។​​ នៅក្នុងរយៈពេល​បី​ម៉ោង​​សិក្សា​នេះ​ លោក Josh ​បានផ្ដោត​ទៅ​លើប្រធានបទសំខាន់ពីរ​គឺ៖​ ១)សាក្សី ​និង​២)​ភស្ដុតាង (ដែលខាងនិយោជកមាន)។​

វគ្គបណ្តុះបណ្ដាល​នេះ​​មាន​អ្នក​ចូលរួម​​សរុប​​ចំនួន​​ ១៩នាក់​​ (ស្រី ​១០នាក់ ​​និងប្រុស​​ ៩នាក់)​​ ដោយ​​​មាន​​សមាស​ភាព​​មក​ពី ​មជ្ឈមណ្ឌល​​សាមគ្គី​ភាព​(ACILS)​​  និង​​តំណាង​​សហជីព​​​កម្មករ​​ចំនួន​៥ ​(សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​(CCAWDU),​ សម្ព័ន្ធ​សហជីព​កម្ពុជា​(CATU),​​ សហព័ន្ធ​សហជីព​ខ្មែរ​ (CUF)​, សហជីព​អំណាច​យុវជន​កម្ពុជា​ (CYPUL)​​, សម្ព័ន្ធ​សហជីព​ការងារ​កម្ពុជា​(CWLUF))​ និង​មន្ត្រីផ្នែកច្បាប់​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។

វគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលជោគជ័យ និងមាន​ការ​ចូលរួម​ពិភាក្សាយ៉ាងផុលផុសរវាងវាគ្មិន និងសិក្ខាកាម។ អ្នកចូលរួមបានប្ដេជ្ញាថា នឹងយក​ខ្លឹមសារមេរៀនដែលទទួលបានសម្រាប់អនុវត្តនៅពេលអនាគត។

លោកស្រី Fatim Jumabhoy ទីប្រឹក្សាច្បាប់​នៃ​ក្រុមហ៊ុន​មេធាវី​ការងារ​ Herbert Smith Freehills ​ជា​វាគ្មិន​ក្នុង​វគ្គ​​បណ្ដុះ​​បណ្ដាល​ស្ដីពី​ “ការរៀបចំសំណុំរឿង​ និងបន្ទុកនៃភស្ដុតាង”  ជូន តំណាង និយោជក។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល ​នេះ គឺដើម្បី​​ឲ្យ​​មាន​​ការ​យល់ដឹងថែមទៀត ពី​ការរៀបចំ​សំណុំរឿង​ដោះស្រាយ​វិវាទ​​ ​នៅ​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​​និង​ការ​ ​បង្ហាញ​អង្គហេតុ​ អង្គច្បាប់​ ភស្ដុតាង​​ និង​សាក្សី ​នៅក្នុង​សវនាការ​​ក្រុម​ប្រឹក្សា​​អាជ្ញា​កណ្ដាល។​

វគ្គបណ្តុះបណ្ដាលនេះ​មានអ្នកចូលរួម​សរុប​ចំនួន​​ ៣៣នាក់​​ (ស្រី ១៤នាក់ ​និងប្រុស​ ១៩នាក់)​ ដោយ​​មាន​សមាស​ភាព​ជា ​តំណាងក្រុមហ៊ុនចំនួន ២៦នាក់ មក​ពី​ក្រុមហ៊ុន​ចំនួន​ ២៣​ក្រុមហ៊ុន និង​មន្ត្រីផ្នែកច្បាប់ និងផ្នែកទំនាក់ទំនង​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។

តាមរយៈ​​វគ្គបណ្ដុះបណ្ដាល​នេះ​​ ​មាន​​សំណួរ​​គួរ​ជា​ទី​ចាប់​​អារម្មណ៍​​ និង​​ចម្លើយ​​ដែល​​មាន​​សារប្រយោជន៍​​ជាច្រើន​​ ត្រូវ​បាន​​លើក​ឡើង​​​ដោយ​​​អ្នកចូលរួម​​ និង​​វាគ្មិន​​ ជា​ពិសេស​​ពាក់ព័ន្ធ​​នឹង​​របៀប​​នៃ​​ការជ្រើសរើស​​អាជ្ញាកណ្ដាល​  ​ប្រភេទ​​​សេចក្ដី​បង្គាប់​​អាជ្ញាកណ្ដាល​​ និង​​ពី​របៀប​​នៃ​​កា​រ​​បង្ហាញ​​ភ​​ស្ដុតាង​​នៅ​ចំពោះមុខ​​ក្រុម​ប្រឹក្សា​​អាជ្ញាកណ្ដាល៕​