I.      ព័ត៌មាន​ទូទៅ៖

ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិ ឯករាជ្យមួយ ដែល​មាន​អំណាច​សម្រេច​សេចក្តី​ដូច​មាន​ចែង​នៅ​ ក្នុងច្បាប់ស្តី ពីការងារ​របស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០៣ ដោយមានការគាំទ្រ ពីសំណាក់​ក្រសួងការងារ សមាគមន៍និយោជក និងសហជីព។ ក្រុម​ប្រឹក្សា​​អាជ្ញាកណ្តាល មានអំណាចតាមច្បាប់ ដើម្បីជួយភាគីវិវាទ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្នុង​ប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ​២០០៣ មកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​​បាន​​ទទួល​​សំណុំ​​រឿង​​ទាក់ទងនឹងវិវាទការងារប្រមាណជាង ២៦៥៦ សំណុំ​រឿង ​ដែល​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​ជាងមួ​យលាន​នាក់។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​ ក៏​បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ អំពី​ច្បាប់​ការងារ​ ការដោះស្រាយវិវាទការងារសម្រាប់​ភាគីពាក់ព័ន្ធនិង កម្មករនិយោជិត និយោជក សហជីព សមាគមកម្មករ រាជរដ្ឋាភិបាល និង​ភាគី​ផ្សេង​ដ៏ទៃ​ទៀត​នៅ​ក្នុង​វិស័យ​ការងារ​​នៅ​កម្ពុជា​។​

ស្ថិតនៅក្នុងបរិយាកាសនៃការប្រកួតប្រជែងនៃវិស័យទំនាក់ទំ​នងវិជ្ជាជីវៈ ដែល​កំពុង​មាន​​បញ្ហា​ប្រឈម​ជាច្រើ​ន​ទាក់ទ​ងនឹ​ង​សិទ្ធការងារ​​ ហើយក៏មានកម្មករនិយោជិត និង​និយោជក​ជា​ច្រើន​ដែល​​មានការ​ពិបាក​ក្នុងស្វែង​រក​សេវា​ផ្នែក​ច្បាប់​ ដើម្បីដោះស្រាយវិវាទរបស់ពួកគេ ក្នុង​នោះ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ត្រូវ​បាន​ទទួល​ស្គាល់​ពី​សុចរិតភាពរបស់​ខ្លួនពី​សំណាក់​កម្មករ​និយោជិត និង​និយោជក​ក្នុងការដោះស្រាយវិវាទការងារ។

II.      គោលបំណងនៃការប្រកួតប្រជែង៖

ដើម្បីលើកកម្ពស់​ជំនាញ​ និង​ចំណេះដឹងដល់កម្មករនិយោជិត និងនិយោជក ​ក្នុងការទំនាក់​​ទំនង​ ការ​កសាងទំនាក់ទំនង​ល្អនៅកន្លែងធ្វើការ ការដោះស្រាយវិវាទការងារ និង​ការ​យល់​អំពីដំណើរការរបស់​ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា ដើម្បីអាចបង្ការ និង​ដោះស្រាយ​វិវាទ​ការងារ​នៅកម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស បានមួយចំនួន ដោយគោរពតាមច្បាប់ ប្រកបដោយកិច្ចសហការសាមគ្គីគ្នា និងមានសុខដុមនីយកម្ម ​ក្នុងទំនាក់​ទំនង​វិជ្ជាជីវៈ។

ការប្រកួតប្រជែងភាពយន្តខ្នាតខ្លីនេះ ត្រូវបានរៀបចំ​ឡើង ​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​ជា​សាធារណៈ​បន្ថែម​​អំពី​​យន្តការ​​​ក្នុ​ងដោះស្រាយ​វិវាទការងារ​ដោយសន្តិវិធី និងចូលរួមចំណែកធ្វើឱ្យ​មាន​ការ​រីក​ចំរើន​ ​សេដ្ឋកិច្ចជាតិ។

III.      ប្រធានបទ៖តួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការធ្វើឱ្យប្រសើរឡើងនូវ​ទំនាក់​ទំនង​របស់​​និយោជិត និងនិយោជក

IV.      អ្នកមានសិទ្ធិចូលរួមការប្រកួតនេះ៖

  • អ្នកចូលរួមការប្រកួតមួយក្រុមអាចចូលរួមប្រកួតតែខ្សែភាពយន្តខ្នាតខ្លីមួយប៉ុណ្ណោះ
  • សមាជិក ឬបុគ្គលិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ និង​លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល មិន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​នេះទេ​

V.      លក្ខខណ្ឌនៃការចូលរួម៖

  • ខ្សែភាពយន្តខ្នាតខ្លីត្រូវមានរយៈពេលពី ៣​ ទៅ ៥​ នាទី
  • សម្រាប់ភាពយន្តខ្នាតខ្លីជាភាសាខ្មែរ ត្រូវមានដាក់អក្សរជាភាសាអងគ្លេស ឬ​មាន​ការ​ដាក់​អក្សរ​ជា​ភាសា​ខ្មែរ​សម្រាប់​​​ភាពយន្ត ដែលនិយាយជាភាសាអង់គ្លេស
  • ខ្លឹមសារសម្រាប់​ភាព​យន្ត​ខ្នាត​ខ្លី​នេះ​ត្រូវ​តែប​ង្ហាញ​ពី​ស្ថានភាព​ជាក់​ស្តែង​របស់​ដំណើរ​ការ​របស់​ក្រុមប្រឹក្សាអាជ្ញាកណ្តាល

VI.      ខ្លឹមសារដែលខ្សែភាពយន្តខ្នាតខ្លីត្រូវមាន៖

  • “នីតិវិធីក្នុងការដោះស្រាយ និងការបង្ការវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល”
  • អ្នកចូលរួមប្រកួតគួរស្វែងយល់អំពីក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈឯកសារមួយចំនួន មានជាអាទិ៍៖
    • សៀវភៅសំនួរចម្លើយ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
    • ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង​ដំណើរ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​
    • សៀវភៅណែនាំ អំពី​ការ​រៀប​ចំសំណុំ​រឿង​សម្រាប់​សវ​នាកា​រ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល                 
    • គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ (ហ្វេសប៊ុក យូធូប និងធ្វីតធឺ)

VII.      កាលបរិច្ឆេកនៃការប្រកួតប្រជែង៖

  • ការប្រកួតប្រជែងនឹងចាប់ផ្តើមទទួលពាក្យពីថ្ងៃទី​ ១០ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី ២៦ ខែមិថុនា​ ឆ្នាំ២០១៧ (តំណភ្ជាប់ពាក្យសុំចូលរួមប្រកួត)
  • ភាពយន្តខ្នាតខ្លី ដែលត្រូវបានជ្រើសរើសចូលវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​បាន​ជូន​ដំណឹង​តាម​រយៈអ៊ីម៉ែល នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧
  • ភាពយន្តខ្នាតខ្លី ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ​ នឹងត្រូវ​បាន​បង្ហោះ​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុករបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សម្រាប់ការបោះឆ្នោតពី​សាធារណជន ពី​ថ្ងៃ​ទី​១០​ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧
  • ភាពយន្តខ្នាតខ្លី​ ដែលបានជាប់វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានប្រកាសលទ្ធផល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧

VIII.      ដំណើរការនៃការជ្រើសរើសភាពយន្តខ្នាតខ្លី៖

៥០%​ នៃការជ្រើសរើសភាពយន្តខ្នាតខ្លី គឺតាម​រយៈគណៈ​កម្មការ​ភាពយន្តខ្នាតខ្លី​ដែល​​មាន​សមាសភាពមកពី ​មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ និង​ក្រុម​អ្នកជំនាញ​ឯកទេស​អាជីព​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​មួយចំនួន។

  • ខ្លឹមសារ៖ សាររបស់ភាពយន្តខ្នាតខ្លី
  • ភាពច្នៃប្រតិដ្ឋបង្កើតថ្មី៖ វិធីសាស្រ្តក្នុងការពិពណ៌នាដំណើររឿង
  • គុណភាពនៃការផលិតភាពយន្ត៖ ប្លង់​ថតជាលក្ខណៈភាពយន្ត បច្ចេក​ទេស​ក្នុង​ការ​ថត បច្ចេកទេសពន្លឺ និងការសម្តែង។

៥០% គឺតាមរយៈនៃការបោះឆ្នោតតាមប្រព័ន្ធសង្គមហ្វេសប៊ុក

  • ចំនួនអ្នកចូលចិត្ត (Like) យ៉ាងតិច ៥០០ នាក់
  • ចំនួនអ្នកទស្សនាភាពយន្ត (View) ចំនួនកាន់តែច្រើនកាន់តែល្អ
  • ចំនួននៃការផ្សព្វផ្សាយបន្ត​ (Share)​ យ៉ាងតិច ៥០០ នាក់

ភាពយន្តខ្នាតខ្លី ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​បង្ហោះលើ​គេហ​ទំព័​រ​ហ្វេសប៊ុក របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ការបោះឆ្នោតជាសាធារណៈ។

IX.      រង្វាន់សម្រាប់អ្នកទទួលជ័យលាភី៖

  • ជ័យលាភីលេខ១៖ ទទួលទឹកប្រាក់ ៣,០០០,០០០​ រៀល និងពាន់រង្វាន់លេខ១។
  • ជ័យលាភីលេខ២៖ ទទួលទឹកប្រាក់ ២,២០០​,០០០​ រៀល ព្រមទាំងពាន់រង្វាន់លេខ២។
  • ជ័យលាភីលេខ៣៖ ទទួលទឹកប្រាក់ ១​,៤០០,០០០​ រៀល ព្រមទាំងពាន់រង្វាន់លេខ៣។

ជាមួយគ្នានេះដែរ ក៏នឹងមានរង្វាន់លើកទឹកចិត្តពីរថែមទៀត សម្រាប់​ភាពយន្ត​ខ្នាត​ខ្លីពីរ​ទៀត​ ដែលទទួលបានពិន្ទុខ្ពស់បន្ទាប់ ដោយនឹងទទួលបានរង្វាន់លើកទឹកចិត្តនីមួយៗ នឹងទទួលបានចំនួន ៥០០,០០០​ រៀល និងលិខិតសរសើរ។

សម្គាល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹង​មាន​សិទ្ធិក្នុង​ការ​ប្រើប្រាស់​ភាព​យន្ត​ខ្នាត​ខ្លីទាំ​ងបី​ ដែលបាន​ជាប់វគ្គផ្តាច់ព្រ័ត្រ និង​ភាព​យន្ត​ពីរ​ទៀត​ ដែល​មាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​។

សារៈប្រយោជន៍នៃការចូលរួមការប្រកួតប្រជែង

១. ជាឱកាសក្នុងបញ្ចេញនូវទេពកោសលក្នុងការផលិតភាពយន្តជាសាធារណៈ និង​សម្រាប់​អាជីព​ទៅ​ថ្ងៃ​អនាគត

២. ជាឱកាសអាចទទួលបានជ័យលាភីក្នុងការផលិតភាពយន្តខ្នាតខ្លី

៣. ជាឱកាស​ក្នុងការជួយ​លើក​កម្ពស់​​​ដល់ដំណើរការនៃការដោះស្រាយវិវាទការងារនៅកម្ពុជា

៤. ជាឱកាសក្នុងការរៀនអ្វីដែលថ្មី និងការបញ្ចេញសមត្ថភាពតាមរយៈការប្រកួតប្រជែង

 X.      កាលបរិច្ឆេកនៃការចូលរួមប្រកួតប្រជែង៖

សម្រាប់ភាពយន្តខ្នាតខ្លី ដែលត្រូវមានបំណង​ចូលរួម​ការ​ប្រកួត​ប្រជែង​ ត្រូវ​ប្រគល់​ជូន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាលតាមរយៈអ៊ីម៉ែល schan@arbitrationcouncil.org ឬ/និង ប្រគល់ជូនជា DVD ដោយភ្ជាប់ជាមួយនឹង​ពាក្យសុំចូលរួមប្រកួត មក​កាន់​ការិយាល័យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​ផ្ទាល់​​ឱ្យបាន​មុនថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង​ ៥:០០​ល្ងាច។

 XI.      សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតភាពយន្តខ្នាតខ្លីនេះ សូមទំនាក់ទំនង៖

លោក ចន សីហា មន្ត្រីផ្នែកទំនាក់ទំនង​របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

អ៊ីម៉ែល៖ schan@arbitrationcouncil.org

ទូរសព្ទលេខ៖ (+៨៥៥) ៩២​ ៧៧ ៩១​ ២១ ឬ ២៣ ៨៨១​ ៨១៤

អាសយដ្ឋាន៖​ ផ្ទះលេខ ៧២ ផ្លូវ ៥៨២ (កែងផ្លូវ ៣២៧) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភំ្នពេញ ព្រះរាជាណាចក្រកម្ពុជា