
អ្នកស្រី ឈាង ធីតា បានមានប្រសាសន៍ថា៖ “ខ្ញុំចាប់អារម្មណ៍វគ្គបណ្តុះបណ្តាលនេះខ្លាំងណាស់ ហើយខ្ញុំនឹងចែករំលែកចំណេះដឹងនេះជាមួយកម្មករដទៃទៀតដែលមិនបានដឹងនិងឮពីដំណើរការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ខ្ញុំសូមអរគុណមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលផ្តល់វគ្គបណ្តុះបណ្តាលនេះដល់ពួកយើង”។
អ្នកស្រី ឈាង ធីតា កម្មការនីកាត់ដេរនៅក្រុមហ៊ុន គីន តាយ ហ្គាមេន ខូអិលធីឌី ចាប់តាំងពីឆ្នាំ២០១១ ដែលគាត់មានបទពិសោធក្នុងវិស័យកាត់ដេរច្រើនជាង ១៥ឆ្នាំ។ លើសពីនេះទៅទៀតសព្វថ្ងៃនេះ ធីតា ក៏មានតួនាទីជាថ្នាក់ដឹងនាំសហជីព ដូចច្នេះគាត់ក៏បានប្តេជ្ញាថា គាត់នឹងព្យាយាមពង្រឹងចំណេះដឹង និងសមត្ថភាពរបស់គាត់បន្ថែមទៀតឱ្យកាន់តែប្រសើរឡើងដើម្បីបំពេញតួនាទីរបស់គាត់ជាថ្នាក់ដឹកនាំសហជីព។
ដោយបានដឹងព័ត៌មានអំពីវគ្គបណ្តុះបណ្តាលនេះតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល អ្នកស្រី ឈាង ធីតា ក៏បានធ្វើការស្នើសុំអាហារូបករណ៍ចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតបង់ថ្លៃនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ដោយគាត់ប្តេជ្ញាថា គាត់នឹងធ្វើការផ្សព្វផ្សាយចំណេះដឹងរបស់គាត់ពីវគ្គបណ្តុះបណ្តាលនេះទៅកាន់សហការីដ៏ទៃទៀត។
អំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាល អ្នកស្រី ធីតា បានចូលរួមយ៉ាងសកម្មក្នុងការសួរសំណួរ និងការផ្តល់មតិយោបលពិភាក្សា លើសពីនេះទៅទៀត គាត់ក៏បានចែករំលែកបទពិសោធរបស់គាត់ក្នុងវិស័យកាត់ដេរដល់សិក្ខាកាមដ៏ទៃទៀតផងដែរ។
ពីរសប្តាហ៍ក្រោយមកដោយមានបំណងចង់ចែករំលែកនូវចំណេះដឹងដែលខ្លួនបានរៀនទៅកាន់អ្នករួមការងាររបស់ខ្លួន អ្នកស្រី ធីតា បានធ្វើការចែករំលែកចំណេះដឹងរបស់គាត់អំពីដំណើរការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមួយកម្មករកម្មការនីកាត់ដេរចំនួន ៤១នាក់ ដែលមកពី ១៧រោងចក្រ នៅក្នុងកិច្ចប្រជុំប្រចាំខែនៃក្រុមសន្សំរបស់កម្មករនិយោជិត ដោយមានការជួយជ្រុមជ្រែងពីសហជីពរបស់គាត់ និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ជាចុងក្រោយអ្នកស្រី ធីតា បានបន្ថែមថា “ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបញ្ហានានាដែលពាក់ព័ន្ធនឹងទំនាក់ទំនងវិជ្ជាជីវៈ យើងគួរតែចូលទៅមើល ទំព័រហេ្វសប៊ុករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល”៕