សកម្មភាព និងរូបថតជាក្រុមរបស់សិក្ខាកាម ដែលចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់អន្តរជាតិ ក្នុងឆ្នាំ២០១៧ ប្រទេសស៊ុយអែត។

“កម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់ថ្នាក់អន្តរជាតិស្តីពីផលិតភាពការងារខ្ពស់និងការងារសមរម្យសម្រាប់អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព” ត្រូវបានប្រារព្ធឡើង ក្នុងខែមិថុនា ឆ្នាំ២០១៧ នារដ្ឋធានីស្តុកខុល។ លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលរួមព្រឹត្តិការណ៍នោះ ដើម្បីតំណាងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងធ្វើជាសំឡេងជំនាញការអំពីទំនាក់ទំនងវិជ្ជាជីវៈនិងការងារនៅកម្ពុជា នៅក្រុមសិក្ខាកាម។ 

លោក ម៉ែន និម្មិត មានប្រសាសន៍ថា ៖ “ខ្ញុំមានមោទនភាពដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់អន្តរជាតិដែលឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត។ វាជាឱកាសបណ្តុះបណ្តាលកម្រមួយសម្រាប់អភិវឌ្ឍន៍ជំនាញនិងអាជីពរបស់ខ្ញុំ។ កម្មវិធីនេះបានផ្តល់ព័ត៌មានបច្ចុប្បន្នភាព ជំនាញវិភាគ ឧបករណ៍ និងឱកាសបង្កើតបណ្តាញទំនាក់ទំនង ទៅដល់សិក្ខាកាមមកពីប្រទេសចំនួន ៦ ក្នុងនោះមាន ៤ប្រទេសមកពីអាហ្រ‘íក ២ប្រទេសមកពីអាស៊ី ព្រមទាំង​ប្រទេសស៊ុយអែត។ ក្នុងនាមជាឲតំណាងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នអព្យាក្រឹតនិងឯករាជ្យ ខ្ញុំយល់ថា       ការបណ្តុះបណ្តាលស្តីពីព័ត៌មាននិងគោលនយោបាយទីផ្សារការងារ ការពង្រឹងស្ថាប័ន តួនាទីនៃសំវាទសង្គម និងការពិភាក្សាអំពីសមភាពយេនឌ័រឆ្លងកាត់វិស័យ ការប្រឆាំងនឹងអំពីពុករលួយ បរិស្ថានអាជីវកម្មប្រកបដោយចីរភាព និងបរិស្ថាន គឺមានភាពពាក់ព័ន្ធ និងមានតម្លៃសម្រាប់ការងារខ្ញុំ និងការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏មានឱកាសរៀនបន្ថែមទៀតអំពី “កម្មវិធីកិច្ចព្រមព្រៀងជាសាកល (Global Deal)” ដែលខ្ញុំមើលឃើញថាជាឱកាសមួយសម្រាប់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល”។

យោងតាមស្ថានទូតស៊ុយអែតបានឱ្យដឹងថា “កម្មវិធីកិច្ចព្រមព្រៀងជាសាកល” គឺជាគំនិតផ្តួចផ្តើមជាសាកលដែលមានវត្ថុបំណងរួមដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងដើម្បីបង្កឱកាសដល់មនុស្សគ្រប់រូបឱ្យទទួលបានអត្ថប្រយោជន៍ពីសាកលភាវូបនីយកម្ម។ កម្មវិធីកិច្ចព្រមព្រៀងជាសាកលក៏សំដៅដល់ភាពជាដៃគូរវាងអ្នកពាក់ព័ន្ធជាច្រើន ដែលមានគោលបំណងលើកទឹកចិត្តរដ្ឋាភិបាល អាជីវកម្ម សហជីព និងអង្គភាពដទៃទៀត ឱ្យធ្វើការប្តេជ្ញាចិត្តរឹងមាំដើម្បីលើកកម្ពស់សំវាទសង្គម។ កម្មវិធីកិច្ចព្រមព្រៀងជាសាកលផ្តល់ឱកាសឈ្នះឈ្នះដល់គ្រប់តួអង្គទាំងអស់នៅក្នុងទីផ្សារការងារ។

ដោយមានកិច្ចសហការជាមួយស្ថានទូតស៊ុយអែត ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធជាច្រើនដទៃទៀត មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានផ្តល់សេវាជាច្រើនដោយផ្ទាល់ទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដៃគូសង្គម គឺនិយោជកនិងកម្មករនិយោជិតដែលប្រើប្រាស់សេវាដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដូច្នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងឱ្យស្ថិតនៅក្នុងចំណុចកណ្តាលនៃទំនាក់ទំនងការងារត្រីភាគី និងជាកន្លែងសមស្របសម្រាប់សហការបន្តទៀតជាមួយអ្នកពាក់ព័ន្ធត្រីភាគីខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត ក្រោមកម្មវិធីកិច្ចព្រមព្រៀងជាសាកល (www.theglobaldeal.com)៕