កម្ម​វិធី​អប់រំ​តាម​វិទ្យុ​ “ថៅ​កែ​ល្អ​ កម្មករ​ល្អ​” បាន​ចាប់​ផ្តើម​ផ្សាយ​សាជា​ថ្មី​ នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។ កម្មវិធីនេះផ្សាយតាមរលកធាតុអាកាសនៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១១:០០ រហូតដល់ម៉ោង ១១:៥០​ នាទីព្រឹក និងចាក់ផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៨:៣៥ រហូតដល់ម៉ោង ០៩:០០ នាទីព្រឹក ក្នុងគោលបំណងបម្រើដល់អ្នកស្តាប់ដែលជាសាធារណៈជននិងអ្នកពាក់ព័ន្ធក្នុងវិស័យទំនាក់ទំនងការងារ។ អ្នកស្តាប់និងអ្នកពាក់ព័ន្ធទាំងនោះមានការគាំទ្រធំធេងចំពោះ និងទាមទារឱ្យកម្មវិធីនេះបន្តតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់ស្ថិរភាពទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយយុទ្ធសាស្រ្តទប់ស្កាត់និងដោះស្រាយវិវាទការងារប្រកដោយប្រសិទ្ធភាព ជាពិសេស​នៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា។

អ្នកស្រី ណារី ដែលកម្មការនីកាត់ដេរនៅរោងចក្រហួយ៉ាននិយាយថា ៖ “កម្មវិធីនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងដល់និយោជក អ្នកពាក់ព័ន្ធ”។ អ្នកស្រីបន្តថា ៖ “កម្មវិធីនេះបង្រៀនទាំងកម្មករនិយោជិត ទាំងនិយោជកឱ្យយល់ពីតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន ជាពិសេសអំពីច្បាប់ការងារ។ លើសពីនេះ ខ្ញុំអាចបង្ហាញនិងលើកឡើងនូវទស្សនរបស់ខ្ញុំទាក់ទងនឹងការងាររបស់ខ្ញុំដើម្បីរកដំណោះស្រាយ”។

ចាប់តាំងពីឆ្នាំ២០០៤មក កម្មវិធី “ថៅកែល្អ កម្មករល្អ” ដែលជាផ្នែកមួយនៃសកម្មភាពផ្សព្វផ្សាយរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលជំនួយផ្នែកហិរញ្ញវត្ថុពី Gap Inc. បានធ្វើការផ្សាយគ្របដណ្តាប់ស្ទើរតែពាសពេញផ្ទៃប្រទេសកម្ពុជា។

ក្នុងឆ្នាំនេះ កម្មវិធី “ថៅកែល្អ កម្មករល្អ” ធ្វើការផ្សាយតាមរយៈរលកធាតុវិទ្យុនិងទំព័រហ៊្វេសប៊ុក (Facebook)។ អ្នកស្តាប់អាចទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រ Facebook ផ្លូវការរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា (វិទ្យុ FM១០២ MHz) និងទំព័រ Facebook ​ផ្លូវការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដើម្បីទាក់ទាញអ្នកស្តាប់ កម្មវិធីនេះមានការចាក់ផ្សាយកម្មវិធីជាច្រើនដូចជាកម្មវិធីទទួលការហៅចូលតាមទូរសព្ទពីសំណាក់អ្នកស្តាប់ ពិភាក្សាតុមូល កិច្ចពិភាក្សា កម្មវិធីសំណួរចម្លើយ កម្សាន្ត និងកម្មវិធីទស្សនាវដ្តីតាមវិទ្យុ។ ក្នុងរដូវកាលនេះ កម្មវិធី “ថៅកែល្អ កម្មករល្អ” មានការចាក់ផ្សាយសរុបចំនួន ៤៥ដង។​  បច្ចុប្បន្នកម្មវិធីនេះបានធ្វើការផ្សាយចំនួន ៦ដងរួចមកហើយ ដោយក្នុងនោះមានអ្នកស្តាប់ហៅចូលតាមទូរសព្ទដែលមានភាពសកម្មចំនួន ៥២៩នាក់ អ្នកចុចលើ “follower” ក្នុងទំព័រ Facebook របស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា​ (វិទ្យុ FM១០២ MHz) ចំនួន២២០០នាក់ និងអ្នកទស្សនានៅក្នុងគេហទំព័ររបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា (វិទ្យុ FM១០២ MHz) ចំនួន ១១ ១៥៩នាក់៕