សិក្ខាសាលាស្ដីពីសេរីភាព​សមាគម ការបង្ការ និង​ការ​ដោះស្រាយ​វិវាទបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារ អ៊ីនធើខនធីណិនថល ភ្នំពេញ មានតំណាងកម្មករនិយោជិត/សហជីព និងតំណាងនិយោជកសរុបចំនួន១៨៣នាក់ មកពីរោងចក្រចំនួន ៤៧ នៅទីក្រុងភ្នំពេញនិងបណ្តាខេត្តជិតភ្នំពេញ។ រោងចក្រទាំងនេះគឺជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Gap Inc.។

            សិក្ខាសាលានេះរៀបចំដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អង្គការអន្តរជាតិខាងការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្រុមហ៊ុន Gap Inc. ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Gap Inc.។ សិក្ខាសាលានេះផ្តោតការពិភាក្សារបស់ខ្លួនលើប្រធានបទសំខាន់ដូចជា៖ សេរីភាពសមាគម, ការដោះស្រាយវិវាទការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងកិច្ចសហការគ្នានៅធ្វើការ។

             លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បាន​លើកឡើងក្នុងសុន្ទរកថានៃអង្គសិក្ខាសាលាថា៖ «​ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​ ស្វាគមន៍ចំពោះកិច្ចសហការជាមួយ ក្រុមហ៊ុន Gap Inc.​ និង BFC/ILO ដើម្បីលើកកំពស់ សិទ្ធនិងសេរីភាពក្នុងការធ្វើសមាគម​ របស់និយោជិតកម្មករ និងនិយោជក»។ លោកបាន​បន្ថែមថា​ មូលនិធិនឹងបន្តតួនាទីជាអ្នកផ្តល់ការបណ្តុះបណ្តាល និងសម្របសម្រួលដល់ទំនាក់ទំនងវិជ្ជាជីវៈរបស់ភាគីសំខាន់ៗក្នុងវិស័យការងារនៅកម្ពុជាដោយឈរលើមូលដ្ឋានច្បាប់។ ការអនុវត្តសេរីភាព និងកាតព្វកិច្ចសមាគមដោយសុចរិតក្នុងទំនាក់ទំនងវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន នឹងនាំឲ្យមានស្ថេរភាព ផលិតភាពខ្ពស់ និងភាពរីកចំរើនក្នុងវិស័យការងារ។

            ក្នុងសុន្ទរកថាស្វាគមន៍អង្គសិក្ខាសាលា​លោកស្រី Esther Germans ប្រធានកម្មវិធីនៃ ILO-BFC បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានកសាងឡើងនូវបរិយាកាស​អាជីវកម្មប្រកបដោយសីលធម៌ និងបានរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កម្មករដែលធ្វើឲ្យកម្មករមានទិន្នផលផលិតកម្មខ្ពស់។

            «ក្រុមហ៊ុន Gap Inc. គាំទ្រសេរីភាពសមាគម និងសិទ្ធិរបស់កម្មករដែលស្របច្បាប់។​ សេរីភាពសមាគមគឺជាស្នូលមួយនៃក្រមសីលធម៌អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Gap Inc. អស់ជាងពីរទស្សវត្សរ៍មកហើយ។» នេះជាប្រសាសន៍របស់លោក វីលៀម លី (William Lee) នាយកជាន់ខ្ពស់ផ្នែក​និរន្តរ​ភាព​សកល​នៃ​ក្រុមហ៊ុន​ Gap Inc. ថ្លែងសុន្ទរកថាបើកសិក្ខាសាលា។

            លោក វីលៀម លី បានឲ្យដឹងទៀតថា កន្លងមក វិវាទការងារបានបណ្ដាលឲ្យមានការធ្លាក់ចុះនៃផលិតភាព ហើយមានតែសុខដុមរនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងយន្តការដោះស្រាយវិវាទមួយដែលសម​ស្រប ដែលជាកត្តាសំខាន់ក្នុងការបន្តធ្វើឲ្យមានការរីកចម្រើននៅក្នុងអាជីវកម្មបាន។ លោកបានសម្ដែងការគាំទ្រ និងទទួលស្គាល់នូវស្នាដៃរបស់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលជាស្ថាប័នដែលមានការទទួលស្គាល់ឲ្យតម្លៃខ្ពស់ ប្រកបដោយការជឿទុកចិត្ត និងគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ។  គោលដៅយើងនៅក្នុងថ្ងៃនេះ គឺការផ្ដល់ជូនអ្នកទាំងអស់គ្នា ដែលជានិយោជក និងនិយោជិតនូវការណែនាំបច្ចេកទេសអំពីបញ្ហានេះ ដែលជាការបណ្តុះបណ្ដាលជំនាញផ្នែកទន់ពីវិធីសាស្ត្រដ៏ប្រសើរបំផុតក្នុងការដោះស្រាយបញ្ហាសំខាន់នៅតាមបណ្ដារោងចក្ររបស់លោកអ្នក។

            លោក ដានីញែល ហ្វីប៊ីហ្គឺ (Daniel Fibiger) នាយកផ្នែក​និរន្តរ​ភាព​សកល​នៃ​ក្រុមហ៊ុន Gap Inc.  បាន​មានប្រសាសន៍ក្នុងឱកាសបិទសិក្ខាសាលាថា ក្រុមហ៊ុន Gap Inc. គឺជាក្រុមហ៊ុនមួយដែលគោរព និងគាំទ្រដល់សេរីភាពសមាគម។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដ៏សំខាន់សម្រាប់ក្រុមហ៊ុន Gap Inc. ដោយក្រុមហ៊ុនចង់បន្តវិនិយោគនៅកម្ពុជាបន្តទៀត។ ទោះជាយ៉ាងនេះក្ដី ​ការវិនិយោគរបស់ក្រុមហ៊ុនគឺអាស្រ័យការដែលអ្នកផ្គត់ផ្គង់នីមួយៗមាន​ការជឿជាក់ និងគោរពគ្នាទៅវិញទៅមក និងពីកម្រិតដែលអ្នកផ្គត់ផ្គង់អនុវត្តតាមក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង BFC ពីព្រោះថា ស្ថាប័នទាំងពីរនេះគឺជាដៃគូដ៏សំខាន់នៅក្នុងពិភពលោករបស់ក្រុមហ៊ុន​ Gap Inc.៕