ការតែងតាំងក្រុមអាជ្ញាកណ្តាល
ក្រុមអាជ្ញាកណ្តាលដែលមានសមាជិកបីរូប (ក្រុមអាជ្ញាកណ្តាល) ត្រូវបានជ្រើសរើសឡើងដើម្បីដោះស្រាយវិវាទមួយ។
ភាគីនីមួយៗត្រូវជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីឈ្មោះអាជ្ញាកណ្តាលតាមរយៈការបំពេញទម្រង់បែបបទជ្រើសរើស អាជ្ញាកណ្តាល។
- ភាគីកម្មករនិយោជិតជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីកម្មករនិយោជិត។
- ភាគីនិយោជកជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីនិយោជក។
- អាជ្ញាកណ្តាលទាំងពីររូបដែលត្រូវបានជ្រើសរើសដោយភាគីទាំងពីរ នឹងជ្រើសរើសអាជ្ញាកណ្តាលទីបី ពីបញ្ជី ក្រសួង។
លេខាធិការដ្ឋាននឹងធ្វើការកំណត់កាលបរិច្ឆេទសវនាការ និងជូនដំណឹងដល់ភាគីអំពីកាលបរិច្ឆេទនេះ។
ទិដ្ឋភាពទូទៅនៃដំណើរការសវនាការ
ភាគីនិយោជក និងភាគីកម្មករនិយោជិត ត្រូវចូលរួមសវនាការអាជ្ញាកណ្តាល ព្រមទាំងកិច្ចប្រជុំផ្សេងៗទៀតដែលក្រុមអាជ្ញា កណ្តាលបានកោះអញ្ជើញ។ បុគ្គលដែលមានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងវិវាទ និងសាក្សីផ្សេងទៀតរបស់ភាគីនីមួយៗ ក៏គួរតែចូលរួមសវនាការដែរ។
ក្នុងសវនាការនិមួយៗ រួមមានជំហានផ្សេងៗដូចខាងក្រោមៈ
- អាជ្ញាកណ្តាលធ្វើការពន្យល់អំពីតួនាទីរបស់ពួកគាត់ និងដំណើរការប្រព្រឹត្តិទៅរបស់សវនាការ។
- អាជ្ញាកណ្តាលឱ្យភាគីនីមួយៗធ្វើការណែនាំខ្លួនដោយសង្ខេប។
- ក្រុមអាជ្ញាកណ្តាលព្យាយាមជួយភាគីឱ្យអាចឈានដល់ការដោះស្រាយជម្លោះ តាមរយៈកិច្ចព្រមព្រៀង ក្នុង អំឡុងពេល ការផ្សះផ្សាដោយស្ម័គ្រចិត្តក្រៅផ្លូវការ។
- ប្រសិនបើភាគីមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងពេលផ្សះផ្សាទេ ក្រុមអាជ្ញាកណ្តាលនឹង បន្តនីតិវិធី ការដោះស្រាយដោយអាជ្ញាកណ្តាលជាកំហិតផ្លូវការ។
- ក្រុមអាជ្ញាកណ្តាលអាចតម្រូវឱ្យភាគីផ្តល់ព័ត៌មាន ឬភស្តុតាងបន្ថែម និងកំណត់កាលបរិច្ឆេទ ផុតកំណត់ ឬ កំណត់ពេលសវនាការបន្ថែមសម្រាប់ឱ្យភាគីការដាក់ព័ត៌មានទាំងនោះជូនមកក្រុមប្រឹក្សាអាជ្ញាកណ្តាល។
រាល់ការប្រជុំទាំងអស់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវធ្វើជាសម្ងាត់ លើកលែងតែមានកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមាន អ្នកសង្កេតការណ៍។
តើការផ្សះផ្សាជាអ្វី?
ការផ្សះផ្សា គឺជាដំណើរការមួយដែលក្រុមអាជ្ញាកណ្តាលព្យាយាមជួយដោះស្រាយបញ្ហាវិវាទតាមរយៈ កិច្ចព្រមព្រៀង។ ក្នុងអំឡុងពេលផ្សះផ្សា ក្រុមអាជ្ញាកណ្តាលអាចសួរសំនួរ ឬអនុញ្ញាតឱ្យមានការសួរសំនួរបាន។
ក្រុមអាជ្ញាកណ្តាលអាចជួបជាមួយភាគីនីមួយៗដាច់ដោយឡែកពីគ្នា។ ប្រសិនការផ្សះផ្សាបើអាចឈានដល់ កិច្ចព្រមព្រៀង នោះក្រុមអាជ្ញាកណ្តាលអាចជួយភាគីក្នុងការធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងនោះ។ រាល់ការព្រមព្រៀង ទាំងអស់គឺជារឿងឯកជនរវាងភាគីវិវាទ។
ប្រសិនបើចំណុចវិវាទទាំងអស់ទទួលបានការសះជា នោះនឹងមិនមានសេចក្តីបង្គាប់របស់សំណុំរឿងនោះ ដើម្បីផ្សព្វផ្សាយតាមគេហទំព័ររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ។
ប្រសិនបើការផ្សះផ្សាមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ ក្រុមអាជ្ញាកណ្តាលនឹងបន្តទៅនីតិវិធី អាជ្ញាកណ្តាល។
តើការធ្វើអាជ្ញាកណ្តាលជាអ្វី?
ការធ្វើអាជ្ញាកណ្តាល គឺជាដំណើរការមួយដែលអាជ្ញាកណ្តាលធ្វើសវនាការលើអំណះអំណាងរបស់ភាគី និង ពិនិត្យទៅលើភស្តុតាង ដើម្បីធ្វើសេចក្តីសម្រេចទៅលើអង្គហេតុនៃសំណុំរឿងនីមួយៗតាមរយៈការចេញសេចក្តីបង្គាប់។
មុនសវនាការ អាជ្ញាកណ្តាលឱ្យភាគីជ្រើសរើសយកប្រភេទសេចក្តីបង្គាប់ ជាប់កាតព្វកិច្ច ឬ មិនជាប់ កាតព្វកិច្ច។ (សូមមើលផ្នែក “សេចក្តីបង្គាប់” ខាងក្រោម។)
អាជ្ញាកណ្តាលសួរសំនួរទៅភាគីទាក់ទងនឹងសំណុំរឿង ហើយអាចពិនិត្យឯកសារផ្សេងៗ និងសាកសួរសាក្សី។ ភាគីត្រូវបង្ហាញនូវអំណះអំណាង និង ដាក់ភស្តុតាងដើម្បីគាំទ្រសំណុំរឿងរបស់ខ្លួន។
សេចក្តីបង្គាប់អាជ្ញាកណ្តាល
សេចក្តីបង្គាប់ គឺជាឈ្មោះផ្លូវការរបស់សេចក្តីសម្រេចជាលាយលក្ខណ៍អក្សររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សេចក្តីសម្រេច ចុងក្រោយរបស់ក្រុមអាជ្ញាកណ្តាលដែលពាក់ព័ន្ធនឹងវិវាទការងារ ក្លាយទៅជាសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ជាទូទៅ សេចក្តីបង្គាប់ត្រូវចេញក្នុងរយៈពេល ១៥ ថ្ងៃធ្វើការ ចាប់ពីថ្ងៃដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿង។
សេចក្តីបង្គាប់ជាប់កាតព្វកិច្ច ឬ សេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច
នៅក្នុងដំណើរការអាជ្ញាកណ្តាល មុនពេលក្រុមអាជ្ញាកណ្តាលចាប់ផ្តើមដំណើរការអាជ្ញាកណ្តាលជាកំហិតផ្លូវការ ក្រុម អាជ្ញាកណ្តាល សុំឱ្យភាគីជ្រើសរើសប្រភេទសេចក្តីបង្គាប់ថាតើពួកគេចង់បានសេចក្តីបង្គាប់ជាប់កាតព្វកិច្ច ឬ មិនជាប់កាតព្វកិច្ច។
- ប្រសិនបើភាគីទាំងពីរព្រមព្រៀងយកសេចក្តីបង្គាប់ជាប់កាតព្វកិច្ច នោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញា កណ្តាលអាចអនុវត្តបានភ្លាមៗ នេះមានន័យថាតាមផ្លូវច្បាប់ ភាគីត្រូវតែអនុវត្តទៅតាមល័ក្ខខ័ណ្ខនៃ សេចក្តីបង្គាប់ដែលចេញមក។
- ប្រសិនបើភាគីទាំងពីរមិនទទួលយកសេចក្តីបង្គាប់ជាប់កាតព្វកិច្ចទេ (ឧទាហរណ៍ ភាគីមួយ ឬ ភាគីទាំងពីរ មិន ជ្រើសរើសយកសេចក្តីបង្គាប់ជាប់កាតព្វកិច្ច) មានន័យថាសេចក្តីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនអាច អនុវត្តបានភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ភាគីណាមួយអាចដាក់ពាក្យប្តឹងជំទាស់ទៅនឹងសេចក្តីបង្គាប់នោះ ក្នុងរយៈពេលប្រាំបីថ្ងៃប្រតិទិន ចាប់ពីថ្ងៃចេញសេចក្តីបង្គាប់ នៅលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល។
-ប្រសិនបើភាគីណាមួយដាក់ពាក្យប្តឹងជំទាស់ក្នុងរយៈពេលប្រាំបីថ្ងៃខាងលើ នោះសេចក្តីបង្គាប់ នឹងមិន អាចអនុវត្តបានទេ។
-ប្រសិនបើគ្មានភាគីណាមួយដាក់ពាក្យប្តឹងជំទាស់ ទៅនឹងសេចក្តីបង្គាប់នៅក្នុងរយៈពេលប្រាំបីថ្ងៃទេ នោះ សេចក្តីបង្គាប់នឹងអាចអនុវត្តបាន។