នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្តោតលើប្រធានបទ “យន្តការសហការនៅកន្លែងធ្វើការ” ប្រកបដោយជោគជ័យ។ នេះជាវគ្គបណ្តុះបណ្តាលលើកទី២ ស្ថិតនៅក្រោមកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ និងត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមមកពីក្រុមហ៊ុនស្ព័រតិចចំនួន១៥ នាក់ ក្នុងនោះអ្នកចូលរួម ១០ ជាស្ត្រី និង ២នាក់ចូលរួមតាមប្រព័ន្ធអនឡាញ រួមមាន តំណាងកម្មករនិយោជិត និងនិយោជកមកពីផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកដោះស្រាយវិវាទ ផ្នែកបណ្តុះបណ្តាល និង សមាជិកនិងថ្នាក់ដឹកនាំសហជីព ព្រមទាំងប្រតិភូបុគ្គលិក។
នៅក្នុងប្រធានបទ “យន្តការសហការនៅកន្លែងធ្វើការ” នេះ មានកម្មវត្ថុពិភាក្សាសំខាន់ៗដូចជា កិច្ចសហការនៅកន្លែងធ្វើការ ទម្រង់នៃកិច្ចសហការគ្នានៅកន្លែងធ្វើការ នីតិវិធីប្តឹងសារទុក្ខនៅកន្លែងធ្វើការ និងយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយផ្ទាល់ ដែលបានអនុញ្ញាតឱ្យអ្នកចូលរួម និងអ្នកសម្របសម្រួល មានឱកាសទំនាក់ទំនងគ្នាទៅវិញទៅមក (អន្តរកម្ម) តាមរយៈការរៀនសូត្រ និងចែករំលែកអំពីបរិយាសនៃទំនាក់ទំនង និងយន្តសហការនៅកន្លែងការងាររវាងរបស់កម្មករនិយោជិត និងនិយោជកនៅក្រុមហ៊ុនស្ព័រតិច។ ជាពិសេស អ្នកសម្របសម្រួលបានអនុវត្តវិធីសាស្ត្របែបចូលរួម ដើម្បីឱ្យអ្នកចូលរួមងាយយល់អំពីខ្លឹមសារនៃមេរៀននីមួយៗ។ សកម្មភាពទាំងអស់នោះរួមមាន ល្បែងឆ្លុះបញ្ចាំង ការពិភាក្សាក្រុម ការចាក់បញ្ចាំងវីដេអូ និងការឆ្លុះបញ្ចាំងតាមរយៈរូបភាព។
អ្នកចូលរួមទាំងអស់នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលលើកទី៣ ក្រោមប្រធានបទ “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចា” នៅដំណាច់ខែកញ្ញានេះខាងមុខនេះ។ បន្ទាប់មក មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងចាប់ផ្តើមអនុវត្តជំហាន “ការណែនាំអនុវត្ត” ដើម្បីឈានទៅដល់ការរៀបចំគណៈកម្មការ និងយន្តការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។
សូមរំលឹកផងដែរថា កម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ មានគោលបំណងលើកកម្ពស់សមត្ថភាពកម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានឡើង មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬក៏បង្កឡើងជាទំនាស់តាមរយៈការផ្ដួចផ្ដើមឲ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការរបស់ពួកគេ៕