ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងសម្រាប់បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល

Share with :

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ខ្លួន ដោយផ្អែកទៅតាមផែនការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងស្ថាប័ន (ITMP) ឆ្នាំ២០២១ ដែលមានវគ្គសិក្សាសរុបចំនួន ១៥ ។ ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងនេះ ចាប់ផ្តើមពីដើមខែមេសា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២១។

វគ្គបណ្តុះបណ្តាលដែលកំពុងតែដំណើរការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ជាពិសេសបុគ្គលិកថ្មី ឬទើបទទួលបានភារកិច្ចថ្មី ស្តីពី ចក្ខុវិស័យ និងបេសកកម្មការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដំណើរការ និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ និងការរៀបចំសំណុំរឿងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល វិធានការការពារ និងដោះស្រាយវិវាទនៅកន្លែងការងារ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលបាន ផ្តល់នូវឱកាសក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ជាពិសេសនៅក្នុងដំណើរការរៀបចំសំណើគម្រោង គម្រោងផែនការ និងផែនការសកម្មភាព ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពជំនាញទំនាក់ទំនងវិជ្ជាជីវៈ។

វគ្គនេះបានទទួលការចូលរួមសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ និងគ្រប់គ្រងស្ថាប័ន ដូចជានាយកប្រតិបត្តិ នាយិការប្រតិបត្តិរង អនុប្រធាន និងបុគ្គលិកជាន់ខ្ពស់ផ្នែកសេវាច្បាប់ និង ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងធនធានពីខាងក្រៅ។
តាមរយៈសកម្មភាពបណ្តុះបណ្តាលនេះ សមត្ថភាពរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបានពង្រឹងបន្ថែមទៀតដើម្បីអនុវត្តបេសកកម្មរបស់ខ្លួន ជាពិសេសនៅក្នុងការផ្សព្វផ្សាយ និង ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់កម្មករនិយោជិត និយោជក សហជីព ក្នុងការរួមចំណែកធ្វើឱ្យមានភាពប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងស្ថាប័ន ក៏ដូចជាវិស័យការងារនៅកម្ពុជា។