ចៅក្រម​កម្ពុជា​ចូលរួម​វគ្គសិក្ខាសាលា​ទាក់ទងនឹង​នីតិវិធី​ដោះស្រាយ​វិវាទ​ការងាររួម

Share with :

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយនឹងក្រសួងយុត្តិធម៌ បានរៀបចំឡើង សិក្ខាសាលា ស្ដីពី នីតិវិធីដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងតុលាការក្នុងការដោះស្រាយវិវាទការងារ ជូនចៅក្រមវិជ្ជាជីវៈ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ​។

ACF_Sitting Judge Workshop_03-0088 ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលា​នេះគឺជា ផ្នែកមួយនៃផែនការសកម្មភាពក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ​ លោក ម៉ែន និម្មិត នាយកប្រតិបត្តិ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះជាលទ្ធផលដែលទទួលបានពី ​កិច្ចជំនួបពិភាក្សាការងាររវាង គណៈកម្មការប្រឹក្សាយោបល់​អន្តរជាតិ​​​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ កាលពីខែធ្នូកន្លងមក ហើយនៅ​ពេលនេះមូលនិធិបានអញ្ជើញ លោកចៅក្រម ចេហ្វ្រ៊ី ជូឌីឆឺ​ (Geoffrey Giudice AO) ជាអតីតប្រធាន​ គណៈកម្មការយុត្តិធម៌ការងារ និងចៅក្រម​​តុលាការ​​​រដ្ឋសហព័ន្ធ​​​ប្រទេស​​អូស្ត្រាលី ​​មក​ធ្វើ​​បទបង្ហាញ​​នា​ពេល​នេះ។​ ចំនុច​សំខាន់​គួរ​ឲ្យកត់សម្គាល់​​នៅ​ក្នុង​សិក្ខាសាលានេះ​គឺ​​ តុលាការ​ប្រទេស​អូស្ត្រាលី​បាន​ដើរតួនាទី​​សំខាន់​​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​នូវ​សេចក្ដីបង្គាប់​របស់​គណៈកម្មការ​យុត្តិធម៌​ការងារ​ ដោយ​មិនមាន​យុត្តាធិការ​ក្នុង​ការ​​​ជម្រះ​ឡើង​​វិញ​ទៅ​លើ​អង្គហេតុ​នៃ​វិវាទ​ដែល​គណៈកម្មការ​នេះ​បាន​សម្រេច​ហើយ​នោះ​ទេ។​ គណៈកម្មការ​យុត្តិធម៌​ការងារ​អូស្ត្រាលី ​ធ្វើការសម្រុះសម្រួល​ និង​ធ្វើអាជ្ញាកណ្ដាល​ ទាំង​វិវាទការងារ​បុគ្គល​ និង​វិវាទការងារ​រួម​ ដើម្បី​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ក្នុង​ប្រទេស​អូស្ត្រាលី។​ ក្នុង​ករណី​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​ជាក់​លាក់​ដែល​បាន​កំណត់​មួយ​ចំនួន​ ប្រធាន​គណៈកម្មការ​យុត្តិធម៌​ការងារ​អូស្ត្រាលី ​អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​ការប្ដឹង​ឧទ្ធរណ៍​​ឡើង​វិញ​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​នេះ ជាមួយនឹងគណៈកម្មការ​យុត្តិធម៌​ការងារ​បាន។​

សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៣០រូប (ស្រី៖ ៩នាក់, ប្រុស៖ ២១នាក់) ក្នុងនោះមាន៖ ចៅក្រម​ចូលរួមចំនួន ១៩រូប (ស្រី៖ ២នាក់, ប្រុស៖ ១៧នាក់) មកពីរាជធានីភ្នំពេញ និងខេត្តចំនួន៧​(សៀមរាប, ស្វាយរៀង, កំពង់ឆ្នាំង, ក្រុងព្រះសីហនុ, កណ្ដាល, តាកែវ និងកំពង់ស្ពឺ), មន្ត្រីក្រសួងយុត្តិធម៌ចំនួន ៦រូប និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចំនួន ៥រូបផងដែរ។ សិក្ខាសាលានេះ បានបញ្ចប់ទៅដោយទទួល​បានលទ្ធផលច្រើនគួរជាទីពេញចិត្ត និងក្រោមបរិយាកាសនៃការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងកម្ពុជា និង​អូស្ត្រាលី៕