ការប្រកួតភាពយន្តខ្នាតខ្លីរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាសកម្មភាពមួយនៃការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះយន្តការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងការរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដល់កំណើនសេដ្ឋកិច្ចជាតិ។
ការប្រកួតភាពយន្តខ្នាតខ្លីសម្រាប់ឆ្នាំ២០១៨នេះ ជាការប្រកួតរដូវកាលទី២ មានភាពយន្តខ្នាតខ្លីចូលរួមច្រើនផុលផុសជាងឆ្នាំមុន និងមានគុណភាពកាន់តែប្រសើរឡើង។ បើគិតពីភូមិសាស្ត្រគឺថា មានការចូលរួមពីខេត្តក្រុងចំនួន៥ គឺ រាជធានីភ្នំពេញ, សៀមរាប, កែប, ព្រៃវែង និងពីក្រុមនិស្សិតសិក្សានៅប្រទេសថៃផងដែរ។ ក្រុមចូលរួមមានយុវជនដែលទើបបញ្ចប់ការសិក្សានៅវិទ្យាល័យ និស្សិតកំពុងបន្តការសិក្សា និងអ្នកប្រកបអាជីពដែលពាក់ព័ន្ធនានាផងដែរ។ ក្រៅពីការដាក់ពិន្ទុដោយគណៈកម្មការភាពយន្តខ្នាតខ្លី ក៏មានការចូលរួមបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្តពីសាធារណជនប្រមាណជាជាង ១សែននាក់ផងដែរ។
ការប្រកួតនេះផ្តោតលើប្រធានបទស្តីពី «ការរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងវិស័យការងារកម្ពុជា» បានចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃទី១២ ខែមិថុនាមក និងប្រារព្ធពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី នៅថ្ងៃទី២៧ ខែតុលា ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុម្មុខឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ។
ភាពយន្តខ្នាតខ្លី មានបំណងជើងថា រឿងបន្ទប់ជួល និយាយពីជីវភាពរស់នៅរបស់កម្មការិនីរោងចក្របានទទួលជ័យលាភីលេខ១។ រឿងបន្ទប់ជួលនេះផលិតដោយលោក អុន ភានិត។ ជ័យលាភីលេខ២ បានទៅលើរឿង សំឡេងវិទ្យុ ផលិតដោយលោក ជ័យ វិសាល។ជ័យលាភីលេខ៣ បានទៅលើរឿង ខឹងខុស ខឹងខាត ផលិតដោយលោក ឯក សាម៉ឺឌី។ ជាមួយគ្នានេះដែរ ភាពយន្តចំនួនពីរទៀតបានទទួលរង្វាន់លើកទឹកចិត្តគឺ រឿង ការចូលរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងវិស័យការងារកម្ពុជា និងរឿងអ្នកណាជួយខ្ញុំ។
ក្នុងចំណោមផលិតករដាក់ពាក្យជាច្រើននោះ គណៈកម្មការភាពយន្តខ្នាតខ្លីរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលមានតំណាងពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល, មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល, ប្រធាន Innovation Lab នៃអង្គការ Development Innovations និងនាយកនៃ Studio 4 Production បានជ្រើសរើស ភាពយន្តចំនួន ៦ ដើម្បីចូលរួមការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឲ្យសាធារណជនចូលរួមបោះឆ្នោតនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលពីថ្ងៃទី៤ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
ការប្រកួតប្រជែងភាពយន្តខ្លីអាចប្រព្រឹត្តទៅបានក្រោមការជួយឧបត្ថម្ភរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិ(USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអ៊ែត ((SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss៕