លេខ និង ឈ្មោះសំណុំរឿង ៖ ០២៧/១៧-ខេន ស្ព័ត ស៊ូ ខូអិលធីឌី
កាលបរិច្ឆេទនៃសេចក្ដីបង្គាប់ ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧
នៅក្នុងសំណុំរឿងនេះ កម្មករនិយោជិតនៃក្រុមហ៊ុន ខេន ស្ព័ត ស៊ូ គឺជាដើមបណ្តឹងដែលទាមទារឲក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (ភាគីនិយោជក) កែលម្អលក្ខខណ្ឌការងារចំនួន ៤ចំណុច ឲបានល្អប្រសើរ។ ក្រុមហ៊ុននេះមានសកម្មភាពចម្បងក្នុងការផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង និងជួលកម្មករនិយោជិតសរុបចំនួនប្រមាណជា ៧៧៧០នាក់។
នៅក្នុងសំណុំរឿងនេះ មានចំណុចវិវាទចំនួន ៤ ចំណុច ហើយក្នុងនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នា លើចំណុចវិវាទចំនួន ១ ចំណុច។ ហេតុនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណាតែចំណុចវិវាទដែលនៅសល់ចំនួន ៣ ចំណុច តែប៉ុណ្ណោះ។ អត្ថបទនេះ នឹងលើកឡើងពីចំណុចវិវាទតែមួយចំណុចដែលពាក់ព័ន្ធនឹងការចាត់ចែងរបស់និយោជកដែលតម្រូវឲកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។
ជាការអនុវត្តក្នុងក្រុមហ៊ុន និយោជកបានតម្រូវឲ្យកម្មករនិយោជិតពាក់ស្បែកជើងមានឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ ដើម្បីការពារសុវត្ថិភាពរបស់កម្មករនិយោជិត និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗទៀត ដូចជាការរអិលដួល ការធ្លាក់វត្ថុលើជើង ការឆក់ខ្សែភ្លើង ជាដើម។ កាតព្វកិច្ចដែលត្រូវទិញស្បែកជើងនេះ គឺ ជាការទទួលខុសត្រូវរបស់កម្មករនិយោជិត។ ដោយឡែក ភាគីដើមបណ្តឹងបានលើកឡើងថា ពួកគាត់មិនមានលទ្ធភាពទិញស្បែកជើងប្រភេទនេះទេ ព្រោះវាមានតម្លៃថ្លៃ ហើយស្បែកជើងប្រភេទនេះ ងាយនឹងខូច ឬដាច់ក្រវ៉ាត់កែង។ ម្យ៉ាងទៀត នេះគឺជាតម្រូវការរបស់និយោជក។ ហេតុនេះ និយោជកគួរតែទទួលខុសត្រូវទិញស្បែកជើងនេះផ្តល់ឲ្យពួកគាត់។ បើនិយោជកមិនទទួលខុសត្រូវលើការទិញស្បែកជើងនេះ ភាគីកម្មករនិយោជិតទាមទារឲ្យនិយោជកអនុញ្ញាតឲកម្មករនិយោជិតពាក់ស្បែកជើងដែលគ្មានក្រវ៉ាត់កែងនៅពេលធ្វើការ។
ករណីនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណាថា តើការប្រើប្រាស់សិទ្ធិចាត់ចែង និងគ្រប់គ្រងរបស់និយោជក ក្នុងការតម្រូវឲ្យកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ ដើម្បីការពារសុវត្ថិភាពរបស់កម្មករនិយោជិត និងការឲ្យកម្មករនិយោជិតចេញសោហ៊ុយលើការទិញស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយតាមការតម្រូវដោយនិយោជកជាទង្វើត្រឹមត្រូវដែរឬទេ?
ការប្រើប្រាស់សិទ្ធិចាត់ចែង និងគ្រប់គ្រងរបស់និយោជក ក្នុងការតម្រូវឲកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ ដើម្បីការពារសុវត្ថិភាព:
យោងតាមកថាខណ្ឌទី២ មាត្រា២ នៃច្បាប់ស្ដីពីការងារ ពាក់ព័ន្ធនឹងសិទ្ធិចាត់ចែងរបស់និយោជក ក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថា និយោជកមានសិទ្ធិចាត់ចែង និងគ្រប់គ្រងក្រុមហ៊ុន ដរាបណាសិទ្ធិនេះត្រូវបានធ្វើឡើងដោយស្របច្បាប់ និងសមហេតុផល។
កថាខណ្ឌទី១ មាត្រា២៤៩ នៃច្បាប់ស្តីពីកាងារ តម្រូវឲ្យនាយកសហគ្រាសទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំំងអស់ដូចមានចែងក្នុងច្បាប់ស្តីពីការងារ ទោះបីលក្ខន្តិកៈផ្ទាល់ខ្លួនរបស់កម្មករនិយោជិតម្នាក់ៗនោះមានលក្ខណៈយ៉ាងណាក៏ដោយ។
រីឯមាត្រា២៥០ នៃច្បាប់ស្តីពីការងារ កំណត់ឲ្យនាយកសហគ្រាសគ្រប់រូបត្រូវចាត់ ឬប្រើឲ្យគេចាត់វិធានការចាំបាច់ទាំងអស់ដើម្បីបង្ការគ្រោះថ្នាក់ការងារផ្សេងៗ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលរកមិនឃើញថា ភាគីនិយោជកបានបង្ហាញភស្តុតាង ឬការស្រាវជ្រាវណាមួយពីអ្នកជំនាញ ដើម្បីបញ្ជាក់ថា វិធានការដែលតម្រូវឲ្យកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយនេះ គឺជាវិធានការចាំបាច់ដែលអាចការពារសុវត្ថិភាពការងារ និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗរបស់កម្មករនិយោជិតនោះទេ។ ក្រៅពីនេះ ភាគីទាំំងពីរទទួលស្គាល់ថា នៅពេលដែលមានការត្រួតពិនិត្យពីអធិការការងារពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងការងារ អធិការការងារមិនបានចេញរបាយការណ៍ត្រូតពិនិត្យ ឬការណែនាំណាមួយពាក់ព័ន្ធនឹងការពាក់ស្បែកជើងរបស់កម្មករនិយោជិត នៅក្នុងក្រុមហ៊ុននេះទេ។
ខាងលើនេះ ជាអង្គហេតុសំខាន់សម្រាប់ឲក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណា និងយល់ឃើញថា ការចាត់ចែងឲកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងនៅកន្លែងការងារនេះ គឺជាការចាត់ចែងដែលមិនស្របច្បាប់ និងសមហេតុផលនោះទេ ព្រោះភាគីនិយោជកខកខានមិនបង្ហាញថា វាជាវិធានការចាំបាច់ ដែលអាចការពារសុវត្ថិភាព និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតបាននោះទេ។
ការតម្រូវឲកម្មករនិយោជិតចេញសោហ៊ុយលើការទិញស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ:
ផ្អែកតាមមូលហេតុផ្លូវច្បាប់សម្រាប់ពិចារណាចំណុចខាងលើ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរកឃើញថា ការរៀបចំវិធានការផ្សេងៗដើម្បីការពារសុវត្ថិភាព និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត នៅកន្លែងការងារ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់និយោជក។ ហេតុនេះ ការដែលតម្រូវឲកម្មករនិយោជិតទិញស្បែកជើងនោះដោយខ្លួនឯងក៏មិនស្របច្បាប់ និងសមហេតុផលដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថា និយោជកគួរតែព្យាយាមរកវិធានការសមស្របណាមួយផ្សេងទៀត ដើម្បីឲស្របទៅតាមស្មារតីនៃច្បាប់ស្តីពីការងារខាងលើ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅកន្លែងធ្វើការ ជាជាងការតម្រូវឲកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ។
ផ្អែកតាមប្រការ៣៤ ចំណុច ឃ នៃប្រកាសលេខ០៩៩ សកបយ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៤ ស្តីពី ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានសិទ្ធិបញ្ជាឲ្យនិយោជក បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងឡាយណាដែលមិនស្របច្បាប់។
សរុបមក ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេច បង្គាប់ឲ្យនិយោជកបញ្ឈប់ការអនុវត្តដែលតម្រូវឲ្យកម្មករនិយោជិតពាក់ស្បែកជើងឃ្លុបមុខ និងមានក្រវ៉ាត់កែងក្រោយ នៅកន្លែងធ្វើការ និង បង្គាប់ឲ្យនិយោជកអនុញ្ញាតឲ្យកម្មករនិយោជិតពាក់ស្បែកជើងដែលគ្មានក្រវ៉ាត់កែង (មានឃ្លុបមុខ ឬអត់ឃ្លុបមុខ) នៅកន្លែងធ្វើការវិញ។
ក្នុងសំណុំរឿងនេះ បានរំលេចឲឃើញថា និយោជកមានសិទ្ធិចាត់ចែង និងគ្រប់គ្រងសហគ្រាសឬគ្រឹះស្ថាន ប៉ុន្តែត្រូវធានាថាការចាត់ចែងនោះ ធ្វើឡើងដោយស្របច្បាប់ និងសមហេតុផល។ ក្នុងនោះផងដែរ ច្បាប់ស្តីពីការងារ បានបញ្ជាក់យ៉ាងច្បាស់ថាការរៀបចំវិធានការការពារសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗ គឺជាបន្ទុក និងកាតព្វកិច្ចរបស់និយោជក ប៉ុន្តែ ការចាត់ចែង និងគ្រប់គ្រងចំពោះការរៀបចំចាត់វិធានការទាំងនេះ ត្រូវឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការសុវត្ថិភាពជាក់ស្តែង ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាសង្វាក់ផលិតកម្មរបស់និយោជក។ ការខកខានមិនបានបង្ហាញជូនអង្គហេតុសំខាន់ៗទាំងនេះដោយភាគីនិយោជក មិនមានទម្ងន់គ្រប់គ្រាន់សម្រាប់ឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចទៅតាមការតម្រូវរបស់ភាគីនិយោជកឡើយ។ លើសពីនេះ បន្ទុកលើការចំណាយក៏មិនធ្លាក់ទៅលើកម្មករនិយោជិតដើម្បីអាចឲ្យនិយោជករៀបចំចាត់វិធានការការពារសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ការងារផ្សេងៗ ដែលជាកាតព្វកិច្ចរបស់និយោជកនោះដែរ៕