រាជធានីភ្នំពេញ(ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០) – ថ្ងៃនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានប្រកាសផ្តល់ជំនួយឥតសំណងដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលបាននឹងកំពុងផ្តល់ថវិកាគាំទ្រដល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០១៤មក បានបន្តផ្តល់ជំនួយមូលនិធិថ្មីចំនួនទឹកប្រាក់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេលប្រាំឆ្នាំ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាម រយៈដៃគូរបស់ខ្លួនគឺមជ្ឈមណ្ឌលសាមគ្គីភាពដែលជាដៃគូយូរអង្វែង និងជាផ្នែកនៃគម្រោងថ្មីមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា ស្ដីពីសិទ្ធិការងារនៅកម្ពុជា។ ប្រទេសស៊ុយអែត ក៏បានផ្តល់មូលនិធិគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាំងពីឆ្នាំ២០១៤មកផងដែរ។ ថ្ងៃនេះ ស្ថានទូតស៊ុតអែត បានចុះហត្ថលេខាផ្តល់មូលនិធិសរុបចំនួន ៥លានក្រូណា (ប្រមាណ៥៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក) សម្រាប់អនុវត្តគម្រោងរយៈពេល២ឆ្នាំ (២០២០-២០២១) ដើម្បីលើកកម្ពស់ ប្រព័ន្ធមជ្ឈត្តវិនិច្ឆ័យ ដោះស្រាយវិវាទការងារដោយអាជ្ញាកណ្ដាលដែលអាចជឿជាក់បាន និងប្រកបដោយប្រសិទ្ធិភាព។