រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ មេធាវី និងអ្នកគ្រប់គ្រងមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ២៨នាក់ (ស្ត្រី ១៦នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកអាជ្ញាកណ្តាល អ៊ីង សុទ្ធី សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ហ៊ុយ សម្បត្តិ មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។