ភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយគម្រោងរោងចក្រកាន់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបៀតបៀននៅកន្លែងធ្វើការ” ដល់អាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៣នាក់ (ស្រី១៥នាក់) ដែលសម្របសម្រួលដោយ លោកស្រី នូ ភារី និងលោកស្រី ថូ ធីតា មន្រ្តីជំនាញផ្នែកយេនឌ័រ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពអ្នកចូលរួមទាំងអស់លើ ១) និយមន័យ ទម្រង់ និងប្រភេទនៃការបៀតបៀន ២) ផលប៉ះពាល់នៃការបៀតបៀន និង៣) វិធានការទប់ស្កាត់ការបៀតបៀននៅកន្លែងធ្វើការ។
តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សាជាច្រើន សិក្ខាកាមទាំងអស់បានយល់ច្បាស់ពីខ្លឹមសារនៃវគ្គបណ្តុះបណ្តាល ហើយអាចកំណត់បានពីឥរិយាបថនៃការបៀតបៀន និងយល់ដឹងពីរបៀបដែលអាចទប់ស្កាត់ និងដោះស្រាយបញ្ហាការបៀតបៀននៅកន្លែងធ្វើការផងដែរ។