រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល (២០០៣ ដល់ ២០២៣) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធក្នុងវិស័យការងារដែលរួមមានតំណាងនិយោជក សហជីព ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាបច្ចេកទេស និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានសរុបចំនួន ១០០ នាក់ (ស្រី ៣២នាក់)។
លោកស្រី ស៊ីន គីមស៊ាន តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល បានគូសបញ្ជាក់ថា៖ «ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបំពេញការងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ទាន់ពេលវេលា មានតម្លាភាព និងអព្យាក្រិត្យភាព ហើយបានទទួលលទ្ធផលគួរជាទីមោទនៈ ដោយអនុវត្តតាមគោលការណ៍នៃគុណតម្លៃ ៣ សំខាន់ៗ ទី១ ឯករាជ្យភាព ទី២ ភាពជឿជាក់ និងទី៣ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់ខ្លួន»។
ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និង សមាគមពាណិជ្ជកម្មកម្ពុជា ក្នុងនាមតំណាងភាគីនិយោជក បានមានចំណាប់អារម្មណ៍ជាវិជ្ជមាន និងភាពជឿទុកចិត្តចំពោះដំណើរការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយលោកបានឡើកឡើងថា៖ «ប្រសិទ្ធភាព តម្លាភាព និងភាពស៊ីសង្វាក់គ្នានៃ សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីសំណាក់ត្រីភាគី»។
ចំណែកលោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ក្នុងនាមតំណាងសហជីព និងកម្មករនិយោជិតនៅកម្ពុជា បានថ្លែងថា ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានជួយរក្សានូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ «ក្នុងនាមកម្មករនិយោជិត លោកស្រីពិតជាទទួលស្គាល់នូវលទ្ធផលការងារដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចបានក្នុងរយៈពេល ២០ឆ្នាំមកនេះ»។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ឯកឧត្តមរដ្ឋមន្រ្តីបានមានចំណាប់អារម្មណ៍ថា ក្រុមប្រឹក្សាអាជ្ជាកណ្តាល បានបំពេញការងាររបស់ខ្លួន យ៉ាងមានប្រសិទ្ធភាព ទាន់ពេលវេលា មានតម្លាភាព និងអព្យាក្រិត្យភាព។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលលទ្ធផលគួរជាទីមោទនៈដោយអនុវត្តតាមគោលការណ៍នៃគុណតម្លៃបីសំខាន់ៗ ទី១) ឯករាជ្យភាព ទី២) ភាពជឿជាក់ និង ទី៣) ប្រកាន់ខ្ជាប់នូវវិជា្ជជីវៈយកច្បាប់ជាធំ និងបានទទួលការទុកចិត្តពីភាគីពាក់ព័ន្ធ និងពីរាជរដ្ឋាភិបាល ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះ គឺភាគីវិវាទមានសេរីភាពក្នុងការជ្រើសរើសអាជ្ញាកណ្តាលចេញពីបញ្ជីអាជ្ញា កណ្តាល ដែលបានស្នើដោយភាគីតំណាងកម្មករនិយោជិត, បញ្ជីអាជ្ញាកណ្តាលដែលស្នើដោយភាគីនិយោជក និងបញ្ជីអាជ្ញាកណ្តាល ដែលស្នើដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍សមធម៌។ ចំណុចទាំងនេះ បានធ្វើឱ្យការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់ថាមានតម្លាភាព និងភាពជឿជាក់ពីភាគីវិវាទ។ នៅពេលខាងមុខ ក្រុមប្រឹក្សាកណ្តាលនឹងពង្រីកវិសាលភាពទទួលយកសេវាដោះស្រាយវិវាទការងារបុគ្គលថែមទៀត។
ជាចុងក្រោយ ក្នុងឱកាសគម្រប់ខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ប័ណ្ណសរសើជូនដល់អាជ្ញាកណ្តាល ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា តាមរយៈការដោះស្រាយវិវាទការងារដោយយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាព។