ខេត្តកោះកុង៖ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រខេខេអិន អឹបផារ៉ែល ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់/បញ្ហានៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក សហជីព និងតំណាងកម្មករនិយោជិត សរុបចំនួន ២៦នាក់ (ស្រី១០នាក់)។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ 1) ប្រភពនៃទំនាស់/បញ្ហា, 2) វដ្តនៃទំនាស់/បញ្ហា និងវិធីសាស្រ្តវិភាគបញ្ហា, និង៣)ការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់/បញ្ហានៅកន្លែងធ្វើការ។
សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់/បញ្ហា វដ្តនៃទំនាស់/បញ្ហា និងវិធីសាស្រ្តវិភាគបញ្ហា និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់/បញ្ហានៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក សហជីព និងតំណាងកម្មករនិយោជិតចូលរួមទាំងអស់ បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ចាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល ចំនួន៤ម៉ូឌុល ក្នុងកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ។