សំណុំរឿងសំខាន់ ១៨៧/១៦ – ហ្វឺស ហ្គាវ័ន្ត អឹភែរឹល (ខេមបូឌា) ខូអិលធីឌី
កាលបរិច្ឆេទចេញសេចក្តីបង្គាប់៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦
ក្រុមអាជ្ញាកណ្តាល៖ ប៉ែន ប៊ុនឈា, សេង វួចហ៊ុន និងទួន ស៊ីផាន់
នៅក្នុងសំណុំរឿងនេះ សហជីពសម្ព័ន្ធប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នៃរោងចក្រហ្វឺស ហ្គាវ័ន្ត អឹភែរឹល (ខេមបូឌា) ខូអិលធីឌី (“ភាគីដើមបណ្តឹង”) បានប្តឹងរោងចក្រហ្វឺស ហ្គាវ័ន្ត អឹភែរឹល (ខេមបូឌា) ខូអិលធីឌី (“ភាគីនិយោជក”) ។ រោងចក្រនេះ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងមានអាជីវកម្មចម្បងផ្នែកវាយនភ័ណ្ឌ និងកាត់ដេរសំលៀកបំពាក់ ។ ក្នុងពេលវិវាទនេះ កម្មករនិយោជិតប្រមាណ ៤៧០នាក់ កំពុងបម្រើការនៅក្នុងរោងចក្រនេះ។
សំណុំរឿងនេះ មានចំណុចវិវាទចំនួន ៧ ។ ក្នុងនោះ ចំណុចវិវាទចំនួន ២ ត្រូវបានដកដោយភាគីដើមបណ្តឹង និងចំណុចវិវាទដែលនៅសេសសល់ចំនួន ៥ ត្រូវបានធ្វើមជ្ឈត្តវិនិច្ឆ័យដោយក្រុមអាជ្ញាកណ្តាល ។ អត្ថបទនេះ នឹងលើកឡើង ចំណុចវិវាទចំនួនមួយប៉ុណ្ណោះដែលពាក់ព័ន្ធនឹងការដាក់បញ្ចូលប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំទៅក្នុងការគណនាការឈប់សម្រាកលំហែមាតុភាពដែលមានប្រាក់ឈ្នួលចំនួន ៩០ថ្ងៃ ។
ភាគីទាំងពីរ បានឯកភាពថា និយោជកបានយកការឈប់សម្រាកប្រចាំឆ្នាំចំនួន ៤ថ្ងៃកន្លះ ចែកជាពីរ នៅពេលដែលនិយោជកគណនាប្រាក់ឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃដល់កម្មករនិយោជិត ។ និយោជក បានកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់កម្មករនិយោជិតចំនួន ៤ថ្ងៃកន្លះ ក្នុងអំឡុងពេលលំហែមាតុភាព ដោយជំនួសមកវិញនៅការ ផ្តល់ប្រាក់ឈ្នួលចំនួន ២.២៥ថ្ងៃ (ថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន ៤ថ្ងៃកន្លះ ចែកនឹង២) រួចយកប្រាក់ឈ្នួលដែលទទួលបានសម្រាប់រយៈពេល ២.២៥ថ្ងៃនេះដាក់បញ្ចូលទៅក្នុងការគណនាប្រាក់ឈ្នួលអំឡុងពេលសម្រាកលំហែមាតុភាព ។
ភាគីដើមបណ្តឹង បានលើកឡើងថា ប្រាក់ឈ្នួលលំហែមាតុភាពមិនមានទំនាក់ទំនងជាមួយការឈប់សម្រាកប្រចាំឆ្នាំទេ ។ ហេតុដូច្នេះហើយ និយោជក មិនអាចដាក់បញ្ចូលប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំទៅក្នុងការគណនាប្រាក់លំហែមាតុភាពឡើយ ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានពិនិត្យមើលមាត្រា១៦៦ មាត្រា១៦៧ មាត្រា១៨២ និងមាត្រា១៨៣ នៃច្បាប់ស្តីពីការងារ និងសេចក្តីសម្រេចមុនៗរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
មាត្រា១៦៦ នៃច្បាប់ស្តីពីការងារ ចែងថា “…កម្មករនិយោជិតទាំងអស់ត្រូវមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួលដែលនិយោជកត្រូវចេញឲ ។ ឯថ្ងៃឈប់សម្រាកនេះត្រូវគិតជាថ្ងៃធ្វើការធម្មតា មួយថ្ងៃកន្លះ ក្នុងរយៈពេលធ្វើការមួយខែជាប់ ។”
មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ កថាខណ្ខទី២ ចែងថា “ក្នុងករណីដែលមានផ្តាច់ ឬចប់កិច្ចសន្យាមុន ដែលកម្មករនិយោជិតបានទទួលសិទ្ធិឈប់សម្រាកនោះ ត្រូវសងប្រាក់បំណាច់ទៅកម្មករនិយោជិតនោះតាមកំរិតកំណត់ក្នុងមាត្រា១៦៦ ខាងលើ ។”
កថាខណ្ឌទី៣ នៃមាត្រាដដែលខាងលើនេះ ចែងថា “ក្រៅពីករណីនេះ អនុសញ្ញារួមណាដែលមានគ្រោងឲប្រាក់បំណាច់ដោយទូទាត់ សម្រាប់ការឈប់សម្រាកព្រមទាំងការព្រមព្រៀងដែលស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ត្រូវទុកជាមោឃៈ ហើយគ្មានហេតុផលអ្វីទាំងអស់ ។”
នៅក្នុងសេចក្តីបង្គាប់អាជ្ញាកណ្តាលមុនៗ ក្រុមប្រឹក្សាអាជ្ញាកណ្តាល កំណត់ថា កម្មករនិយោជិតទទួលបានការទូទាត់ការឈប់សម្រាកប្រចាំឆ្នាំ ជាប្រាក់បំណាច់បានតែក្នុងករណីដែលមានការផ្តាច់កិច្ចសន្យាកម្មករនិយោជិតតែប៉ុណ្ណោះ។ (សូមមើលសេចក្តីបង្គាប់លេខ៥១/០៤ – សាំហាន់ , ហេតុផលចំណុចវិវាទទី៥, លេខ០៨/០៧ – ស៊ាវគិញ , ហេតុផលចំណុចវិវាទទី១, លេខ១៧/១២ – ភិសគ្លូរី, ហេតុផលចំណុចវិវាទទី២ និងលេខ២៩/១៥ – ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ ខេមបូឌា, ហេតុផលចំណុចវិវាទទី៧ ។)
លើសពីនេះទៅទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសម្រេចថា ច្បាប់ស្តីពីការងារហាមឃាត់មិនឲមានការទូទាត់ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំទេ ក្នុងអំឡុងពេលដែលកម្មករនិយោជិតកំពុងបម្រើការក្នុងក្រុមហ៊ុន ។ (សូមមើលសេចក្តីបង្គាប់អាជ្ញាកណ្តាលលេខ៧៣/១៣ – យ៉ាក ជីន, ហេតុផលចំណុចវិវាទទី៨ និងលេខ២៩/១៥ – ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ ខេមបូឌា, ហេតុផលចំណុចវិវាទទី៧ ។)
ក្នុងករណីនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានពិចារណាថា ច្បាប់ស្តីពីការងារមានគោលបំណងលើកទឹកចិត្តឲកម្មករនិយោជិតប្រើប្រាស់ការឈប់សម្រាកនេះ ដោយមិនទូទាត់ជាប្រាក់ បើសិនជាកម្មករនិយោជិតនៅមានទំនាក់ទំនងការងារជាមួយនិយោជិតនៅឡើយ ។
មាត្រា១៨២ នៃច្បាប់ស្តីពីការងារ ចែងថា “…ស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សម្រាកកៅសិបថ្ងៃដើម្បីសំរាលកូន ។”
មាត្រា១៨៣ នៃច្បាប់ស្តីពីការងារ កថាខណ្ឌទី១ ចែងថា “ក្នុងពេលដែលឈប់សម្រាកដូចមានចែងក្នុងមាត្រាខាងលើនេះ ស្រ្តីមានសិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ដោយនិយោជកបើកឲ្យ ។”
យោងតាមមាត្រា១៨២ និងមាត្រា១៨៣ នៃច្បាប់ស្តីពីការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល យល់ឃើញថា ក្នុងអំឡុងពេលដែលនិយោជិតឈប់សម្រាកលំហែមាតុភាព កម្មករនិយោជិតរូបនោះ នៅមានកិច្ចសន្យាការងារជាមួយនឹងនិយោជក ។ ហេតុដូច្នេះហើយ ការដែលក្រុមហ៊ុនយកប្រាក់ជួសការឈប់សម្រាកចំនួនបួនថ្ងៃកន្លះចែកជាពីរ ហើយយកប្រាក់ឈ្នួលនេះដាក់បញ្ចូលក្នុងប្រាក់លំហែមាតុភាព គឺជាការអនុវត្តមួយដែលផ្ទុយនឹងស្មារតីនៃច្បាប់ស្តីពីការងារ ។ ការឈប់សម្រាកប្រចាំឆ្នាំ មិនអាចត្រូវបានដោះដូរជាប្រាក់ឡើយ ក្នុងអំឡុងពេលដែលកិច្ចសន្យាការងារមិនទាន់អស់សុពលភាព ដោយរាប់បញ្ចូលទាំងអំឡុងពេលឈប់សម្រាកមាតុភាពផងដែរ ។
ស្របពេលជាមួយគ្នានេះដែរ ប្រការ៣៤ (ចំណុចឃ) នៃប្រកាសលេខ៩៩ ចែងថា “…ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានសិទ្ទិ្ធ និងអំណាចក្នុងការសម្រេចឲភាគីវិវាទផ្តល់នូវសំណងរដ្ឋប្បវេណី ឬសំណងខូចខាត ដែលមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌ ដោយរួមទាំងការ…ឃ. បញ្ជាឲបញ្ឈប់ជាបន្ទាន់នូវរាល់ការប្រព្រឹត្តទាំងឡាយណា ដែលមិនស្របច្បាប់ ឬដែលត្រូវហាមឃាត់ ដោយរួមទាំងអំពើសងសឹក ។”
នៅក្នុងសេចក្តីសម្រេច ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាឲនិយោជកបញ្ឈប់ការអនុវត្តខាងលើ និងបញ្ជាឲនិយោជកសងនូវការឈប់សម្រាកប្រចាំឆ្នាំបួនថ្ងៃកន្លះដែលត្រូវបានកាត់ក្នុងអំឡុងពេលដែលកម្មករនិយោជិតឈប់សម្រាកលំហែមាតុភាព ។ ហើយកម្មករនិយោជិត ត្រូវសងត្រឡប់មកវិញនូវប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំចំនួន២.២៥ ថ្ងៃដែលពួគគេទទួលបានពីនិយោជកក្នុងអំឡុងពេលឈប់សម្រាកលំហែមាតុភាព ។
សំណុំរឿងនេះ បានរំលេខឲឃើញពីការប្រើប្រាស់ដោយមិនត្រឹមត្រូវនៃប្រាក់ឈ្នួលជួសការឈប់សម្រាកប្រចាំឆ្នាំសម្រាប់ការគណនាប្រាក់លំហែមាតុភាព ។ ច្បាប់ស្តីពីការងារ លើកទឹកចិត្តឲកម្មករនិយោជិតប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំ ហើយហាមឃាត់មិនឲមានផ្តល់ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំទេ វៀរលែងតែក្នុងករណីដែលកិច្ចសន្យាត្រូវបានផ្តាច់ដោយភាគីណាមួយ ។ ក្នុងពេលសម្រាកលំហែមាតុភាព កិច្ចសន្យាការងារ មិនត្រូវបានកាត់ផ្តាច់ទេ ហេតុដូចនេះ កម្មករនិយោជិត គួរតែទទួលបាននូវការឈប់សម្រាកប្រចាំឆ្នាំពេញលេញ បើទោះបីជាពួកគេមិនមានវត្តមាននៅកន្លែងធ្វើការក៏ដោយ ៕