ការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ភាគីមានសិទ្ធិជ្រើសរើសប្រភេទសេចក្តីបង្គាប់៖ ជាប់កាតព្វកិច្ច ឬ មិនជាប់កាតព្វកិច្ច។ បើភាគីរើសសេចក្តីបង្គាប់ជាប់កាតព្វកិច្ច សេចក្តីបង្គាប់នោះត្រូវអនុវត្តភា្លម តែបើភាគីរើសសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច ភាគីមានសិទ្ធិប្តឹងជំទាស់នឹងសេចក្តីបង្គាប់នោះក្នុងរយៈពេលដែលច្បាប់កំណត់គឺ៨ថ្ងៃប្រតិទិន។ បើគ្មានការប្តឹងជំទាស់ទេ សេចក្តីបង្គាប់នោះត្រូវអនុវត្តភា្លមដែរ។
ទោះជាយ៉ាងណាក៏ដោយ ភាគីនៅតែអាចអនុវត្តតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលបានដែរក្រោយពីភាគីប្តឹងជំទាស់។ នៅរៀងរាល់ត្រីមាសនៃឆ្នាំនីមួយៗ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការតាមដានការអនុវត្តសេចក្តីបង្គាប់អាជ្ញាកណ្តាលរបស់ភាគី គ្រប់សំណុំរឿងទាំងអស់ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេច។ ការតាមដាននេះធ្វើឡើងតាមរយៈការសាកសួរតាមទូរសព្ទទៅកាន់ភាគីនៃសំណុំរឿង ក្រោយរយៈពេលយ៉ាងហោចណាស់ ៦០ថ្ងៃ គិតពីថ្ងៃដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ ដើម្បីទុកឲ្យភាគីមានពេលគ្រប់គ្រាន់ធ្វើការពិចារណាអនុវត្តតាមសេចក្តីបង្គាប់។ បើតាមលទ្ធផលនៃការតាមដានពីការអនុវត្តសេចក្ដីបង្គាប់អាជ្ញាកណ្ដាលកន្លងមកបង្ហាញថាភាគីវិវាទមួយចំនួនដែលបានជំទាស់នឹងសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច ហើយចុងក្រោយភាគីទាំងនោះបែរជាឯកភាពគ្នាមកអនុវត្តតាមវិញ។ ឧទាហរណ៍មួយនៃសេចក្ដីបង្គាប់អាជ្ញាកណ្ដាលដែលបានប្តឹងជំទាស់រួចហើយ ក៏នៅតែអាចអនុវត្តតាមបានដូចករណីសំណុំរឿងខាងក្រោមនេះ៖
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ទាក់ទងនឹងសំណុំរឿងលេខ០០៣/១៧ ដែលតំណាងឲ្យកម្មករនិយោជិតទាមទារឲ្យនិយោជកកែលម្អលក្ខខណ្ឌការងារចំនួន៦ចំណុចឲ្យបានល្អប្រសើរ។ ភាគីនិយោជកគឺជាក្រុមហ៊ុនដែលមានសកម្មភាពចម្បងក្នុងការកាត់ដេរសម្លៀកបំពាក់ មានទីតាំងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជួលកម្មករនិយោជិតសរុបចំនួនប្រមាណជា ៩០នាក់។
ក្នុងចំណោមចំណុចវិវាទចំនួន ៦ចំណុច នៅក្នុងសំណុំរឿងនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា លើចំណុចវិវាទចំនួន ២ចំណុច ក្រោមការសម្របសម្រួលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ហេតុនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលពិចារណាតែចំណុចវិវាទដែលនៅសល់ចំនួន៤ចំណុចតែប៉ុណ្ណោះ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចដូចខាងក្រោម៖
ទី១៖ បង្គាប់ឲ្យនិយោជកសងរំលឹកប្រាក់រង្វាន់ធ្វើការទៀងទាត់ដែលនៅសល់ បន្ទាប់ពីការកាត់ជាសមាមាត្រសម្រាប់រយៈពេល ៣ ថ្ងៃ ដែលកម្មករនិយោជិតឈប់សម្រាក ដោយមានច្បាប់អនុញ្ញាតពីនិយោជក។
ទី២៖ បង្គាប់ឲ្យនិយោជកសងប្រាក់ឈ្នួល ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់ពិន័យ ដែលនិយោជកបានកាត់ពីកម្មករនិយោជិត២រូប ដែលក្នុងម្នាក់ ចំនួន១៥ដុល្លារអាមេរិក ក្នុងអំឡុងពេល ចូលរួមសវនាការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦។
ទី៣៖ បង្គាប់ឲ្យនិយោជកបើកប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំ ចំនួន៥០ភាគរយ សម្រាប់រយៈពេល ៩០ថ្ងៃ សរុប ជូនកម្មការិនីយ៉ាងហោចណាស់មួយថ្ងៃមុនពេលឈប់សម្រាកលំហែមាតុភាព ដោយយកមធ្យមភាគនៃប្រាក់ឈ្នួលសរុប១២ខែចុងក្រោយ ធ្វើជាមូលដ្ឋានក្នុងការគណនាប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំនេះ។
ទី៤៖ បង្គាប់ឲ្យនិយោជកសងប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ជូនកម្មករនិយោជិត ២រូប នៅពេលដែលកម្មករនិយោជិតទាំងពីរនាក់បានដាក់ច្បាប់ឈប់សម្រាកឈឺ ដោយមានលិខិត ឬសំបុត្របញ្ជាក់ពីមន្ទីរពេទ្យរដ្ឋ ឬឯកជន។
ក្នុងសំណុំរឿងនេះ ភាគីវិវាទបានជ្រើសរើសប្រភេទសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច ហើយភាគីនិយោជកបានប្តឹងជំទាស់នឹងសេចក្តីបង្គាប់អាជ្ញាកណ្តាលនេះ។ ដូច្នេះភាគីវិវាទម្ខាងទៀតមានសិទ្ធិចាត់វិធានការបន្តបាន ដូចជាប្តឹងទៅតុលាការសម្រាប់ការដោះស្រាយជាចុងក្រោយ ឬប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការធ្វើកូដកម្ម ជាដើម។
នៅក្នុងសំណុំរឿងនេះ យោងតាមការបញ្ជាក់របស់ភាគី ក្រោយពេលសេចក្តីបង្គាប់អាជ្ញាកណ្តាលនេះបានចេញ ក្រោយពេលប្តឹងជំទាស់ និយោជកមិនបានអនុវត្តតាមការសម្រេចនោះទេ។ ហេតុនេះ កម្មករនិយោជិតបានបន្តនីតិវិធីបន្តទៀត ដោយនាំគ្នាធ្វើកូដកម្មតវ៉ាឲ្យនិយោជកអនុវត្តតាមសេចក្តីបង្គាប់អាជ្ញាកណ្តាល។ រួមផ្សំជាមួយនឹងហេតុផលនៃសេចក្តីសម្រេចដែលបានពន្យល់លំអិត និង ច្បាសលាស់ ជាលទ្ធផល ក្នុងសំណុំរឿងនេះ និយោជកបានអនុវត្តតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលទាំងស្រុង៕