ជោគជ័យនៃការផ្សព្វផ្សាយសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាមរយៈការប្រកួតភាពយន្តខ្នាតខ្លី

Share with :

ការប្រកួតភាពយន្តខ្នាតខ្លី​របស់​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺ​ជា​សកម្មភាព​មួយនៃ​ការ​ផ្សព្វផ្សាយ​ក្នុង​គោល​បំណង​លើកកម្ពស់ការយល់ដឹងរបស់សាធារណជន​ចំពោះ​យន្តការ​ដោះស្រាយ​វិវាទ​​ដោយ​សន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងការរួមចំណែក​របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដល់កំណើនសេដ្ឋកិច្ចជាតិ។

ការប្រកួតភាពយន្តខ្នាតខ្លីសម្រាប់ឆ្នាំ២០១៨នេះ ជាការប្រកួតរដូវ​កាល​ទី២ មានភាពយន្តខ្នាតខ្លីចូលរួមច្រើនផុលផុសជាងឆ្នាំមុន និងមាន​គុណភាព​កាន់តែប្រសើរ​​ឡើង។  បើគិតពីភូមិសាស្ត្រគឺថា មានការចូលរួមពីខេត្តក្រុងចំនួន៥ គឺ រាជធានីភ្នំពេញ, សៀមរាប, កែប, ព្រៃវែង និងពី​ក្រុមនិស្សិតសិក្សានៅប្រទេសថៃផងដែរ។ ក្រុមចូលរួមមានយុវជន​ដែលទើបបញ្ចប់ការសិក្សានៅវិទ្យាល័យ និស្សិតកំពុងបន្តការសិក្សា និងអ្នកប្រកបអាជីពដែលពាក់ព័ន្ធនានាផងដែរ។ ក្រៅពីការដាក់ពិន្ទុដោយគណៈកម្មការភាពយន្តខ្នាតខ្លី ក៏មានការចូលរួមបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្តពីសាធារណជនប្រមាណជាជាង ១សែននាក់ផងដែរ។

ការប្រកួតនេះផ្តោតលើប្រធានបទស្តីពី ​«ការរួមចំណែក​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​វិស័យ​ការងារកម្ពុជា» បានចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃទី១២ ខែមិថុនា​មក និងប្រារព្ធពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី នៅថ្ងៃទី២៧ ខែតុលា ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុម្មុខឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ។

ភាពយន្តខ្នាតខ្លី មានបំណងជើងថា រឿងបន្ទប់ជួល និយាយពីជីវភាពរស់នៅរបស់កម្មការិនីរោងចក្របានទទួលជ័យលាភីលេខ១។ រឿងបន្ទប់ជួលនេះផលិតដោយលោក អុន ភានិត។ ជ័យលាភីលេខ២ បានទៅលើរឿង សំឡេងវិទ្យុ ផលិតដោយលោក ជ័យ វិសាល។ជ័យលាភីលេខ៣ បានទៅលើរឿង ខឹងខុស ខឹងខាត ផលិតដោយលោក ឯក សាម៉ឺឌី។ ជាមួយគ្នានេះដែរ ភាពយន្តចំនួន​ពីរទៀត​បាន​ទទួលរង្វាន់លើកទឹកចិត្តគឺ រឿង ការចូលរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងវិស័យ​ការងារកម្ពុជា និងរឿងអ្នកណាជួយខ្ញុំ។

ក្នុងចំណោមផលិតករដាក់ពាក្យជាច្រើននោះ គណៈកម្មការភាពយន្តខ្នាតខ្លីរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលមានតំណាងពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល, មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល, ប្រធាន Innovation Lab នៃអង្គការ Development Innovations និងនាយកនៃ Studio 4 Production បានជ្រើសរើស ភាពយន្តចំនួន ៦ ដើម្បីចូលរួមការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឲ្យសាធារណជនចូលរួមបោះ​ឆ្នោតនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលពីថ្ងៃទី៤ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។

ការប្រកួតប្រជែងភាពយន្តខ្លីអាចប្រព្រឹត្តទៅបានក្រោមការជួយឧបត្ថម្ភរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិ(USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍ​អន្តរជាតិនៃប្រទេសស៊ុយអ៊ែត ((SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss៕