មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសហការជាមួយក្រុមហ៊ុនស្ព័រតិច បានដំណើរការកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពកម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានឡើង មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬក៏បង្កឡើងជាទំនាស់តាមរយៈការផ្ដួចផ្ដើមឲ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។
នៅក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃទី១ បានផ្ដោតលើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកមកពីផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកដោះស្រាយវិវាទ ផ្នែកបណ្តុះបណ្តុះបណ្តាល និងសមាជិកថ្នាក់ដឹកនាំសហជីព និងតំណាងបុគ្គលិកសរុបចំនួន១៤នាក់ ក្នុងនោះមានស្រ្ដី១១នាក់។
សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ អ្នកចូលរួមនឹងទទួលបានវគ្គបណ្តុះបណ្តាលចំនួន៣វគ្គ ដែលរួមមាន ការកសាងទំនាក់ទំនងការងារ, យន្តការសហការនៅកន្លែងការងារ និងការប្រាស្រ័យទាក់ទងសម្រាប់ការចរចារ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលទាំង៣វគ្គខាងលើ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តសហការជាមួយអ្នកចូលរួមទាំងអស់ មកពីរោងចក្រស្ព័រតិចដើម្បីអនុវត្តជំហាន “ការណែនាំអនុវត្ត” ដើម្បីឈានទៅដល់ការរៀបចំគណៈកម្មការ និងយន្តការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។