នៅក្នុងខែកក្កដា-សីហា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាតាមអនឡាញ ស្តីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ» ចំនួន ២វគ្គ ដែលមានអ្នកចូលរួមចំនួនសរុប ៧៤នាក់ ស្រី្ត១៦នាក់ ជាមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងជាមេធាវីកម្មសិក្សានៃគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា មន្ត្រីច្បាប់និងដោះស្រាយវិវាទមកពីអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព និងមន្ត្រីមកពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមអំពីនីតិវិធី និងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ ៤) ដំណើរការ និងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ៥) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។
សិក្ខាសាលាទាំងពីរវគ្គនេះ មានការអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកពីលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកមេធាវី សួស សាមឿន ជាអគ្គលេខាធិការរង។ សិក្ខាសាលាទាំង២វគ្គនេះ ត្រូវបានចូលរួមធ្វើបទឧទ្ទេសដោយលោក ម៉ារ សំបូណា អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈការចូលរួមសាកសួរ និងពិភាក្សានូវចំណុចគន្លឹះសំខាន់ៗដូចជា៖
- ភាពខុសគ្នានៃវិវាទអំពីសិទ្ធិ និងវិវាទអំពីផលប្រយោជន៍ និង វិវាទការងាររួមនិងវិវាទការងារបុគ្គល ដើម្បី អាចកំណត់ឱ្យបានច្បាស់ពីសមត្ថកិច្ចរបស់អាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទ ស្របតាមច្បាប់ស្តីពីការងារ។
- អនុសញ្ញារួម និងការដោះស្រាយវិវាទរបស់ក្រុមអាជ្ញាកណ្តាលដោយផ្អែកលើអនុសញ្ញារួមរបស់ភាគី ការកំណត់ចំណុចនៃវិវាទនិងមូលដ្ឋានច្បាប់។
- ការអនុវត្តន៍សេចក្តីបង្គាប់ជាប់កាតព្វកិច្ច និងមិនជាប់កាតព្វកិច្ច។
- ការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លទ្ធផលនៃការវាយតម្លៃលើវគ្កសិក្ខាសាលាបានបង្ហាញថា ប្រធានបទដែលបានលើកយកមកបង្ហាញជូន និងពិភាក្សាមានសារៈប្រយោជន៍ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកចូលរួមទាំងអស់ ក្នុងនោះសិក្ខាកាមប្រហែល ១៧% បានផ្តល់ការយល់ស្របទាំងស្រុងទៅលើចំណុចនេះ។ ដូចគ្នានេះដែរ សិក្ខាកាមប្រមាណ ២៨%បង្ហាញថាពួកគាត់បានយល់ច្បាស់លាស់ពីគោលបំណង និងខ្លឹមសារនៃបទបង្ហាញនេះ។ ទោះបីជាសិក្ខាសាលានេះធ្វើឡើងតាមរយៈអនឡាញ ប៉ុន្តែសិក្ខាកាមបានបង្ហាញនូចំណាប់អារម្មណ៍ខ្ពស់របស់ពួកគាត់ ចំពោះវិធីសាស្រ្តទាក់ទាញការចូលរួមសកម្មភាពសិក្សាប្រកបដោយបរិយាន្ន ដោយសិក្ខាកាមប្រមាណ ៨០% បានគាំទ្រទាំងស្រុងលើចំណុចនេះ។
សិក្ខាកាមបានផ្តល់ចំណាប់អារម្មណ៍ជាពិសេសទៅលើនីតិវិធីនិងដំណើការដោះស្រាយវិវាទការងារ និងការផ្អែកលើលិខិតបទដ្ឋាននានា និងច្បាប់ការងារសម្រាប់ការវិភាគ និងសម្រេចចេញសេចក្តីបង្គាប់របស់ក្រុមអាជ្ញាកណ្តាល។ ពួកគាត់ក៏បានស្នើសុំឱ្យមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តរៀបចំសិក្ខាសាលាលើប្រធានបទនេះបន្តទៀត ដោយមានរួមបញ្ចូលនូវករណីសិក្សាជាក់ស្តែង និងលើប្រធានបទថ្មីៗទៀតដូចជា វិធីសាស្រ្តនៃការបកស្រាយច្បាប់ការងារ ច្បាប់សហជីព ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និង បច្ចេកទេសនៃការរៀបចំសណុំរឿងឱ្យបានដល់តំណាងកម្មករនិយោជិត និងនិយោជកផងដែរ។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបន្តកិច្ចសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពង្រឹង និងពង្រីកសកម្មភាពបណ្តុះបណ្តាលលើកម្ពស់ការយល់ដឹងលើនីតិវិធី និងដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹង ជំនាញ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈក្នុងវិស័យការងារនៅកម្ពុជា។