ដើម្បីពង្រឹងសមត្ថភាព ដល់ភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពីវិធីសាស្ត្រក្នុងការបង្ការ និងដោះស្រាយវិវាទការងារដោយសន្តិវិធី និងរក្សាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងក្នុងវិស័យការងារនៅកម្ពុជា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ពិសេសលើកដំបូង ស្ដីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងជំនាញរៀបចំសំណុំរឿង» នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។ ជនបង្គោលចំនួន២៨នាក់ (ស្ត្រី១០រូប និងបុរស១៨រូប) ជាតំណាងកម្មករនិយោជិត និងនិយោជក មកពីរោងចក្រចំនួន៦ តំណាងសមាគមនិយោជក តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងពីសហព័ន្ធសហជីពចំនួន៦ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
(រូបថតឯកសារ៖ សកម្មភាពធ្វើបទបង្ហាញវគ្គចែករំលែកចំណេះដឹងបន្ត ដោយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។)
ក្រោយពីទទួលបាននូវការបណ្ដុះបណ្ដាលគ្រូបង្គោលពិសេសនេះ សិក្ខាកាមនឹងមានសមត្ថភាពអាចរៀបចំវគ្គចែករំលែកចំណេះដឹងបន្ត ពីដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទៅដល់កម្មករនិយោជិតដទៃទៀតនៅតាមរោងចក្ររបស់ខ្លួន ដោយមានការសហការគាំទ្របច្ចេកទេសពីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមគ្រូបង្គោល ក្រោមជំនួយបច្ចេកទេសពីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានរៀបចំវគ្គចែករំលែកចំណេះដឹងស្ដីពី ដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅរោងចក្រវ៉ាយអូលែត អឺភែរឹល (ខេមបូឌា) កូអិលធីឌី ដោយមានការចូលរួមពីកម្មករ កម្មការិនីចំនួន ៦០នាក់៕
(រូបថត៖ សកម្មភាពវគ្គចែករំលែកចំណេះដឹងនៅរោងចក្រ វ៉ាយអូលែត។)