ភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយគម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អំពើហិង្សា និងការបៀតបៀន (ផ្អែកលើយេនឌ័រ) និងអនុសញ្ញា ILO លេខ១៩០” ដល់អាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៥នាក់ (ស្រី១៦នាក់) ដែលសម្របសម្រួលដោយ លោកស្រី នូ ភារី លោកស្រី ថូ ធីតា និងលោកស្រី រស់ ស្រីសុជាតា មន្រ្តីជំនាញផ្នែកយេនឌ័រ នៃគម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពអ្នកចូលរួមទាំងអស់លើ៖
១) វិសាលភាពនៃអនុសញ្ញា ILO លេខ១៩០ និងអនុសាសន៍លេខ២០៦ ស្តីអំពីអំពើហិង្សា និងការបៀតបៀន (ផ្អែកលើយេនឌ័រ) នៅពិភពការងារ
២) និយមន័យ និងទម្រង់នៃអំពើហិង្សា និងការបៀតបៀន
៣) យន្តការបណ្តឹងតវ៉ាមិនសុខចិត្ត រួមទាំងប្រព័ន្ធរាយការណ៍ និងការឆ្លើយតបករណីអំពើហិង្សា និងការបៀតបៀន (ផ្អែកលើយេនឌ័រ)
តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សា សិក្ខាកាមទាំងអស់បានយល់ច្បាស់ពីខ្លឹមសារនៃវគ្គបណ្តុះបណ្តាល និងអាចកំណត់បាននូវយន្តការនានាដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារផងដែរ។