ធនាគារពិភពលោក អរគុណដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល
នាពេលថ្មីៗនេះ ធនាគារពិភពលោកបានផ្ដល់វិញ្ញាប័ណ្ណប័ត្រថ្លែងអំណរគុណ ដល់មូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលបានចូលរួមចំណែកក្នុងកិច្ចការងារស្រាវជ្រាវរបស់ខ្លួន ពាក់ព័ន្ធនិងទិន្នន័យនៃការជួលកម្មករនិយោជិតនៅកម្ពុជា។ ក្រុមការងារស្រាវជ្រាវនៃធនាគារពិភពលោកបញ្ជាក់ថា បើទោះបីស្ថិតក្នុងគ្រាដ៏លំបាកពីការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ក៏ពិតមែន តែការណ៍ចូលរួមរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលខណៈនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ និងធានានូវគុណភាពនៃទិន្នន័យស្រាវជ្រាវពាក់ព័ន្ធនឹងការជួលកម្មករនយោជិតនៅកម្ពុជា។ លោក ម៉ែន និម្មិត នាយកប្រតិបត្ដិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានថ្លែងថា៖ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមរបស់អាជ្ញាកណ្ដាល និងបុគ្គលិកមូលនិធិអាជ្ញាកណ្ដាល រួមទាំងដៃគូទាំងអស់ ដែលបានបង្កើតឲ្យមាននូវបទពិសោធន៍ និងព័ត៌មានដ៏មានសារៈសំខាន់។ លោករីករាយ និងពិតជាមានមោទកភាពបំផុតដែលជាផ្នែកមួយនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។