ព័ត៌មាន

ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន មកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមនិស្សិតនៃសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ចំនួន៨នាក់ (ស្រី៧នាក់) ដែលដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Maki Tomita បានមកទស្សនៈកិច្ចផ្ទាល់នៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។ លោក ម៉ែន និមិ្មត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញស្តីពីដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សំណួរដែលបានរៀបចំយ៉ាងល្អជាច្រើនដែលបានលើកឡើងដោយនិស្សិតទាក់ទងនឹងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានដោះស្រាយប្រកបដោយការពេញចិត្តខ្ពស់ពីនិស្សិតទាំងអស់។ គួរកត់សម្គាល់ថា នេះជាលើកទី៤ហើយ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ក្នុងការចែករំលែកអំពីនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសហភាពពលកម្មជាតិកម្ពុជា (NLC) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C.CAWDU) សហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់ សិក្ខាកាមដែលជាសមាជិកសហព័ន្ធសហជីពទាំង៥ សរុបចំនួន៤៩នាក់ (ស្រី១៣នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានផ្តល់ឱកាសឱ្យសិក្ខាកាម ដែលសមាជិកសហជីពទាំងអស់ស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សាធារណៈជន ដែលរួមមាន សមាជិកសហជីព និងបុគ្គលិកក្រុមហ៊ុនសរុបចំនួន ២៦នាក់ (ស្ត្រី ១១នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ រួមមានការធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្តាល សេង វួចហ៊ុន, លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងលោក តេង ចេស្តា ប្រធានផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។