មេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

Share with :

នៅក្នុងខែកក្កដា-សីហា ឆ្នាំ២០២១ នេះ មូល​​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​សហការ​ជាមួយ​ ​គណៈមេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រៀបចំ​សិក្ខា​សាលា​តាម​អន​ឡាញ​ ស្តីពី ​«នីតិ​​វិធី​ដោះ​ស្រាយ​វិវាទ​ការងារ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ និង​តុលាការ​» ចំនួន​ ២​វគ្គ ដែល​មាន​អ្នកចូល​រួមចំនួនសរុប ​៧៤នាក់ ​ស្រី្ត១៦នាក់ ជាមេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ និងជាមេធាវី​កម្មសិក្សា​​នៃ​គណៈ​​មេធាវី​នៃ​ព្រះរាជណាចក្រកម្ពុជា ​​មន្ត្រី​​ច្បាប់​​និង​​ដោះស្រាយវិវាទ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ សហព័ន្ធ​សហជីព និង​មន្ត្រីមកពី​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមអំពីនីតិវិធី និងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ ៤) ដំណើរការ និងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ៥) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញា​​កណ្តាល និងតុលាការ។

សិក្ខាសាលាទាំងពីរវគ្គនេះ មានការអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកពីលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំង​លោកមេធាវី សួស សាមឿន ជាអគ្គលេខា​ធិការរង។ សិក្ខាសាលាទាំង២វគ្គនេះ ត្រូវបានចូលរួមធ្វើបទឧទ្ទេសដោយ​លោក ម៉ារ សំបូណា  អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។

 

សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈការចូលរួមសាកសួរ និងពិភាក្សានូវចំណុចគន្លឹះសំខាន់ៗ​ដូចជា៖

  • ភាពខុសគ្នា​នៃ​វិវាទ​អំពីសិទ្ធិ​ និង​វិវាទ​អំពី​ផល​ប្រយោជន៍​ និង​ វិវាទ​ការងាររួម​និងវិវាទការងារបុគ្គល​ ដើម្បី​ អាច​កំណត់​ឱ្យបាន​ច្បាស់ពីសមត្ថ​កិច្ច​របស់​អាជ្ញាកណ្តាលក្នុង​ការដោះស្រាយវិវាទ ស្របតាមច្បាប់ស្តីពីការងារ។
  • អនុសញ្ញារួម និងការដោះ​ស្រាយ​វិវាទ​របស់​ក្រុម​អាជ្ញា​កណ្តាល​ដោយ​ផ្អែក​លើ​អនុ​សញ្ញា​រួម​របស់​ភាគី ​ការ​កំណត់​ចំណុច​នៃ​​វិវាទ​និងមូលដ្ឋានច្បាប់។
  • ការអនុវត្តន៍​សេចក្តី​បង្គាប់ជាប់កាតព្វកិច្ច និងមិនជាប់កាតព្វកិច្ច។
  • ការអនុវត្ត​ន៍ច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លទ្ធផលនៃការវាយតម្លៃលើវគ្កសិក្ខាសាលាបានបង្ហាញថា ប្រធានបទដែលបានលើកយកមកបង្ហាញជូន និងពិភាក្សាមានសារៈប្រយោជន៍ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកចូលរួមទាំងអស់ ក្នុងនោះសិក្ខាកាមប្រហែល ១៧% បានផ្តល់ការយល់ស្របទាំងស្រុងទៅលើចំណុចនេះ។​ ដូចគ្នានេះដែរ សិក្ខាកាមប្រមាណ ២៨%បង្ហាញថាពួកគាត់បានយល់ច្បាស់លាស់ពីគោលបំណង និងខ្លឹមសារនៃបទបង្ហាញនេះ។ ទោះបីជាសិក្ខាសាលានេះធ្វើឡើងតាមរយៈអនឡាញ ប៉ុន្តែសិក្ខាកាមបានបង្ហាញនូចំណាប់អារម្មណ៍ខ្ពស់របស់ពួកគាត់ ចំពោះវិធីសាស្រ្តទាក់ទាញការចូលរួមសកម្មភាពសិក្សាប្រកបដោយបរិយាន្ន ដោយសិក្ខាកាមប្រមាណ ៨០% បានគាំទ្រទាំងស្រុងលើចំណុចនេះ។

សិក្ខាកាមបានផ្តល់ចំណាប់អារម្មណ៍ជាពិសេសទៅលើនីតិវិធីនិងដំណើការដោះស្រាយវិវាទការងារ និងការផ្អែកលើលិខិតបទដ្ឋាននានា និងច្បាប់ការងារសម្រាប់ការវិភាគ និងសម្រេចចេញសេចក្តីបង្គាប់របស់ក្រុមអាជ្ញាកណ្តាល។ ពួកគាត់ក៏បានស្នើសុំឱ្យមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តរៀបចំសិក្ខាសាលាលើប្រធានបទនេះបន្តទៀត ដោយមានរួមបញ្ចូលនូវករណីសិក្សាជាក់ស្តែង និងលើប្រធានបទថ្មីៗទៀតដូចជា វិធីសាស្រ្តនៃការបកស្រាយច្បាប់ការងារ ច្បាប់សហជីព ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និង បច្ចេកទេសនៃការរៀបចំសណុំរឿងឱ្យបានដល់តំណាងកម្មករនិយោជិត និងនិយោជកផងដែរ។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបន្តកិច្ចសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពង្រឹង និងពង្រីកសកម្មភាពបណ្តុះបណ្តាលលើកម្ពស់ការយល់ដឹងលើនីតិវិធី និងដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹង ជំនាញ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈក្នុងវិស័យការងារនៅកម្ពុជា។