កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) សហការជាមួយក្រុមហ៊ុន អេសអ៊ីអ៊ីស៊ី គ្លូប៊ល (SEES Global) រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលមានអ្នកចូលរួមចំនួន១៥នាក់ ស្ត្រី៨នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនមកពីផ្នែកគ្រប់គ្រងផ្នែកធនធានមនុស្ស និង អនុលោមច្បាប់ ថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងរំឭកឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងលើចំណុចសំខាន់ៗទៅនឹងការអនុវត្តជាក់ស្ដែង នៅកន្លែងការងាររបស់ពួកគេទាក់ទងទៅនឹងប្រធានបទ៖ ១). ការកសាងទំនាក់ទំនងការងារ ២). យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ និង ៣). ការប្រាស្រ័យទាក់ទង សម្រាប់ការចរចានៅកន្លែងធ្វើការ ដែលអ្នកចូលរួមទាំងអស់ខាងលើធ្លាប់បានទទួលការបណ្តុះបណ្តាល្គរួចមកហើយ កាលពីដំណាច់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ កន្លងទៅនេះ។ ការរំឭកឡើងវិញនេះ ក៏ដើម្បីផ្សារភ្ជាប់ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលទៅនឹងកម្មវិធី ណែនាំអនុវត្ត និងការពិនិត្យ តាមដាន ដែលជាដំណាក់កាលបន្ទាប់នៅក្នុងកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ។
បន្ថែមទៅលើសកម្មភាពពិភាក្សា និងការធ្វើបទបង្ហាញរបស់អ្នកចូលរួមដែលបានលើកឡើងពីចំណុចល្អៗរបស់កម្មវិធីក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងការងារល្អរឹងមាំនៅកន្លែងធ្វើការ អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលបានធ្វើការកត់សម្គាល់ និងចាប់អារម្មណ៍ខ្ពស់ទៅលើឥរិយាបថវិជ្ជមាន ភាពស្និទ្ធិស្នាល ការផ្តល់តម្លៃ ការចែករំលែក និងជួយគ្នាទៅវិញទៅមក របស់អ្នកចូលរួមនៅក្នុងសកម្មភាពសិក្សា ដែលជាមូលដ្ឋានមួយ ឆ្លុះបញ្ចាំងពីភាពប្រែប្រួលជាវិជ្ជមាននៃទំនាក់ទំនងការងារ។
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានធ្វើការពិភាក្សាជាមួយអ្នកចូលរួមទាំងអស់ និងបានធ្វើការជ្រើសរើសសមាជិកគណៈកម្មការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការចំនួន ៩រូប ក្នុងនោះមានស្រ្ដី៤រូប ដែលមានសមាសភាពមកពីបុគ្គលិកផ្នែកគ្រប់គ្រង ថ្នាក់ដឹកនាំសហជីព តំណាងកម្មករ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបន្តសកម្មភាពជាមួយគណកម្មការនេះតាមរយៈការណែនាំអនុវត្ត និងពិនិត្យតាមដាន និងឈានដល់ការរៀបចំយន្តការដោះស្រាយវិវាទការងារមួយនៅក្នុងក្រុមហ៊ុន របស់ពួកគេ ដែលមានភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធិភាពជាប្រយោជន៍សម្រាប់កម្មករនិយោជិត និងនិយោជក។