នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំវេទិកាត្រីភាគីស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffle Le Royal ភ្នំពេញ។ វេទិកានេះ មានការចូលរួមពីភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈរួមមាន តំណាងមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព សមាគមនិយោជក អ្នកបញ្ជារទិញ អាជ្ញាកណ្តាល និងដៃគូអភិវឌ្ឍមួយចំនួនទៀតផងដែរ។
នៅក្នុងវេទិកានេះ ភាគីពាក់ព័ន្ធបានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផលដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចបាន និងភាពជឿជាក់បានលើក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម និងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខដុមរមនានៅកម្ពុជាក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។
កម្មវិធីនេះ បានផ្តល់ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធ ធ្វើកិច្ចសន្ទនាសង្គម និងពិភាក្សាទៅលើបញ្ហាចំនួន៣ សំខាន់ៗដូចខាងក្រោម៖
១). ការលើកកម្ពស់ធនធានមនុស្សរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងនិរន្តរភាពស្ថាប័ន
២). ការរៀបចំដំណើរការដោះស្រាយវិវាទបុគ្គល និង
៣). ការលើកកម្ពស់លទ្ធភាពដល់គូភាគីក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
នៅចុងបញ្ចប់នៃវេទិកា ភាគីពាក់ព័ន្ធត្រីភាគី បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដើម្បីធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបន្តការពិភាក្សាលើនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងការជ្រើសរើសអាជ្ញាកណ្តាលថ្មី។