សៀមរាប៖ នាថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់អាជ្ញាកណ្តាលចំនួន ១៧ នាក់ (ស្រី ០៤នាក់) មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន 0៣នាក់ (ស្រី ០១នាក់) និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ២១នាក់ (ស្រី១២នាក់) (សរុប ៤១នាក់ ស្រី ១៧នាក់)។
កិច្ចប្រជុំសំខាន់ៗដែលមាននៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៣ រួមមាន៖
ទី១) ការអភិវឌ្ឍន៍វិជ្ជាជីវៈដល់សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ការដោះស្រាយវិវាទបុគ្គល ដោយផ្តោតលើកំហុស ការមិនស្តាប់បង្គាប់ និងការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា។
ទី២) កិច្ចពិភាក្សាអំពីឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រភេទសេចក្តីបង្គាប់សម្រាប់ការដោះស្រាយវិវាទបុគ្គល (ប្រភេទជាប់កាតព្វកិច្ច និងមិនជាប់កាតព្វកិច្ច) ការអភិវឌ្ឍស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបញ្ហាផ្សេងៗ។
ទី៣) ពិធីជួបជុំក្នុងចំណោមអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្តពង្រឹង និងពង្រីកនូវសាមគ្គីភាព និងទំនាក់ទំនងការងារល្អ និងអបអរលទ្ធផលការងារដែលសមេ្រចបានកន្លងមក និងបង្កើនការស្វែងយល់អំពីផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំបន្តបន្ទាប់។
សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាន និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលរួមកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៣នេះ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ហើយទទួលបានផ្លែផ្កាតាមការគ្រោងទុក។